Trevor Milton ដែលជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន Nikola Corp., បានយកមូលបត្ររបស់ខ្លួនដែលមានតម្លៃ233លានដុល្លារអាមេរិក ទៅចែកជូនបុគ្គលិកជើងចាស់ដំបូងៗចំនួន50នាក់របស់ខ្លួនដើម្បីជាការលើកទឹកចិត្ត។
“កាលពីទើបតែបង្កើតក្រុមហ៊ុននេះ ខ្ញុំបានស្វែងរកមនុស្សពូកែៗបំផុតក្នុងពិភពលោក ហើយនោះគឺជាហានិភ័យធំ។ លទ្ធភាពជោគជ័យរបស់យើងកាលណោះគឺមានត្រឹមតែលេខ0ប៉ុណ្ណោះ ក៏ប៉ុន្តែ សំណាងល្អណាស់ ខ្ញុំរកបានក្រុមសហការីដ៏ឆ្នើម និងអស្ចារ្យតាំងពីថ្ងៃដំបូង” លោក Trevor Milton ថ្លែងអំពីការសម្រេចចិត្តចែករំលែកមូលបត្ររបស់ខ្លួនដែលមានតម្លៃជិត1/4ពាន់លានដុល្លារទៅឱ្យសហការីទាំងឡាយដែលបានប្រឹងប្រែងតស៊ូជាមួយលោក។
ទឹកប្រាក់233លានដុល្លារនេះ គឺស្មើនឹងមូលបត្រចំនួន6លានហ៊ុន។ ទាំងនេះត្រូវបានផ្ទេរនៅក្នុងករិយាល័យកណ្ដាលរបស់ក្រុមហ៊ុននេះនៅ Phoenix។ មូលបត្ររបស់ Nikola បានកើនឡើងខ្ពស់ ចាប់តាំងពីបានធ្វើ IPO (ការបោះផ្សាយលក់មូលបត្រ) នៅផ្សារហ៊ុន Nasdaq ក្រោយពីមានការច្របាច់បញ្ជូលគ្នាជាមួយនឹងក្រុមហ៊ុនមួយផ្សេងទៀតកាលពីដើមខែមិថុនា។ ជោគជ័យនេះ មួយផ្នែកក៏ដោយសារមានការពេញនិយមខ្លាំងចំពោះរថយន្តប្រើថាមពលអគ្គិសនី។ ការប្រាថ្នារបស់ក្រុមអ្នកវិនិយោគចំពោះក្រុមហ៊ុនផលិតរថយន្តអគ្គិសនី គឺជាមូលហេតុដែលនាំឱ្យតម្លៃមូលបត្ររបស់ Nikola កើនឡើងខ្ពស់ បើទោះមិនទាន់ផលិលបានរថយន្តមួយគ្រឿងណាក៏ដោយ។ Tesla ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់លោក Elon Musk គឺជាឧទាហរណ៍លេចធ្លោដែលនាំឱ្យ Nikola ទទួលបានចំណាប់អារម្មណ៍។
Milton ហាក់បានយកគំរូតាម Elon Musk នៅពេលគាត់ប្រើប្រាស់បណ្ដាញសង្គមដើម្បីឃោសនាអំពីក្រុមហ៊ុនរបស់ខ្លួន ដែលនេះជាប្រការដែល Elon Musk ធ្លាប់ធ្វើបានយ៉ាងល្អនាពេលកន្លងមក។ យោងតាម Bloomberg នៅក្នុងវ័យ 37ឆ្នាំ លោក Milton បច្ចុប្បន្នមានទ្រព្យសរុប4.6ពាន់លានដុល្លារអាមេរិក ដែលនេះបានជួយឱ្យលោកមានឈ្មោះនៅក្នុងក្រុមមនុស្សទាំង500នាក់ដែលមានទ្រព្យច្រើនជាងគេក្នុងពិភពលោក៕
ប្រភព៖ Bloomberg