ផ្លែឈើគួរតែត្រូវបានរួមបញ្ចូលទៅក្នុងពេលអាហារចម្បងៗរបស់ស្រ្តីមានគភ៌ផងដែរ ព្រោះសារធាតុអាហារសំខាន់ដែលមាននៅក្នុងផ្លែឈើ ដូចជា បេតាឃែរ៉ូធីន មានចំណែកសំខាន់ក្នុងការអភិវឌ្ឍសាច់ភ្នាស និងកោសិកាសម្រាប់ប្រព័ន្ធការពារជំងឺរបស់ទារក រួមទៅដល់ការជួយសាងធ្មេញ និងឆ្អឹងឱ្យរឹងមាំ និងផ្លែឈើដែលសម្បូរទៅដោយអាស៊ីតហ្វូលិកដែលនឹងជួយការពារអាការខុសប្រក្រតីរបស់ទារកនៅក្នុងគភ៌បានទៀតផង។ តើផ្លែឈើអ្វីខ្លះដែលស្រ្តីមានគភ៌គួរតែទទួលទាន សូមតាមដានជាបន្ត៖
– ផ្លែ អេព្រីខត់( Apricot) សម្បូរទៅដោយវីតាមីន A , C , E បេតាឃែរ៉ូធីន ហ្វូស្វ័រ ស៊ិលិខន កាលស្យូម និងប៉ូតាស្យូម មានចំណែកជួយក្នុងការអភិវឌ្ឍសុខភាពរបស់ទារកក្នុងគភ៌ និងធាតុដែកដែលជួយការពារជំងឺស្លេកស្លាំងទៀតផង។ ស្រ្តីមានគភ៌គួរញ៉ាំផ្លែអេព្រីខត់ 2 – 4 ផ្លែក្នុងមួយថ្ងៃ។
– ផ្លែប៉ោម សម្បូរទៅដោយវីតាមីន A , E , D និងជាតិស័ង្កសី( Zinc ) ជួយបង្កើនប្រព័ន្ធការពារជំងឺ និងភាពរឹងប៉ឹងមាំមួនរបស់ទារកក្នុងគភ៌ កាត់បន្ថយភាពប្រថុយប្រថានពីការកើតរោគហឺត និងរោគឃ្លង់នៅលើក្មេងបានល្អទៀតផង។
– ផ្លែស្វាយទុំ សម្បូរទៅដោយវិតាមីន C ជួយគ្រប់គ្រងប្រព័ន្ធការរំលាយអាហាររបស់ស្រ្តីមានគភ៌ កាត់បន្ថយអាការទល់លាមក និងសម្រាលអាការឆ្លងមេរោគក្នុងអំឡុងពេលមានគភ៌។
– ផ្លែ ស្រ្តប៊ើរី សម្បូរទៅដោយវីតាមីន C , A , B1 , B2 , ហ្វូលេត ធាតុដែក ម៉ាញេស្យូម ហ្វ្លាវ៉ូណយដ៍ ស័ង្កសី និងកាកសរសៃអាហារ ជួយបញ្ចុះសម្ពាធឡើងខ្ពស់របស់ស្រ្តីខណៈមានគភ៌ ការពារអាការខុសប្រក្រតីខាងខួរក្បាលរបស់ទារក។
– ផ្លែចេកទុំ សម្បូរទៅដោយវីតាមីន C , B6 , ហ្វូលេត ប៉ូតាស្យូម និងម៉ាញេស្យូមដែលជួយការពារការប្រសូតមុនកំណត់របស់ទារក និងជួយការពាររោគសរសៃឈាមក្នុងខួរក្បាល និងសភាវជ្រៀតជ្រែកដែលពាក់ព័ន្ធនឹងការតាំងគភ៌ផ្សេងៗ។
ចុងក្រោយគេគឺ ផ្លែក្រូច ជាផ្លែឈើសម្រាប់ស្រ្តីមានគភ៌ ព្រោះសម្បូរទៅដោយ វីតាមីន C និងហ្វូលេតដែលជួយបំប៉នឱ្យស្រ្តីមានគភ៌មានទឹកដោះដែលពេញទៅដោយសារធាតុអាហារ និងជួយសាងគ្រាប់ឈាមក្រហម និងជួយការពាររោគផ្សេងៗដែលធ្វើឱ្យទារកពិការតាំងពីកំណើតបានទៀតផង៕