ក្រសួងអប់រំ យុវជន និងកីឡា នៅមុននេះបន្តិចបានចេញសេចក្តីណែនាំស្តីពីការបើកដំណើរការឡើងវិញគ្រឹះស្ថានមត្តេយ្យសិក្សា និងសេវាអប់រំកុមារតូចក្នុងដំណាក់កាលទី2 ដើម្បីឱ្យសលារៀននៅទូទាំងប្រទេសអនុវត្ត។
ក្រសួងបញ្ជាក់ថា ក្រោយការដាក់ឱ្យអនុវត្តវិស្សមកាលតូចមុនកាលកំណត់ និងការដាក់ឱ្យបន្តវិស្សមកាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 គ្រឹះស្ថានមត្តេយ្យសិក្សា និងសេវាអប់រំកុមារតូច បានបន្តអនុវត្តការបង្រៀន និងរៀនតាមការសិក្សាពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក និងការសិក្សាពីចម្ងាយតាមបែបប្រពៃណី ក្រោមការជួយគាំទ្ររបស់មាតាបិតា អ្នកអាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងគ្រឹះស្ថានមត្តេយ្យសិក្សា និងអ្នកផ្តល់សេវាអប់រំកុមារតូច។
ដើម្បីធានា ការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានមត្តេយ្យសិក្សា និងសេវាអប់រំកុមារតូច ក្នុងដំណាក់កាលទី2 ឱ្យមានប្រសិទ្ធភាព និងប្រកបដោយសុវត្ថិភាព ក្រសួងបានធ្វើការណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានីខេត្ត និងស្ថាប័នពាក់ព័ន្ធ ឱ្យយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដា សម្រាប់ដំណើរការសាលារៀនឡើងវិញ។ បន្ថែមពីលើនេះ ក្រសួងក៏បានចេញគោលការណ៍សំខាន់ៗជាច្រើនទៀតផងដែរ ដូចជាការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរក្សាគម្លាតសុវត្ថិភាពគ្រឹះស្ថានសិក្សា, ការលើកកម្ពស់សុខភាពចាំបាច់សម្រាប់កុមារ បុគ្គលិកអប់រំ និងបុគ្គលិកផ្សេងទៀត រួមទាំងការអប់រំសុខភាព និងបណ្តុះបណ្តាលពីវិធាននៃការបង្ការជំងឺ Covid-19 ជាដើម៕