96 . ទូទឹកកកដែលប្រើយូរទៅមានស្នាមប្រឡាក់ទាំងក្នុង ទាំងក្រៅ និងក្លិនដែលមិនគួរឱ្យប៉ងប្រាថ្នាពេញនោះទាំងអស់ តែយើងអាចលាងសម្អាតឱ្យស្អាតថ្មីច្រឺងឡើងវិញបាន ដោយប្រើសូដាខាបូណេត ឬបេកឃីងសូដា (អាចរកទិញបាននៅតាមផ្សារទំនើប) 1 ស្លាបព្រាបាយ ដាក់ចូលទៅក្នុងទឹកចំនួន 1 លិត្រ កូរឱ្យរលាយសព្វ រួចយកមកលាងជូតសម្អាត ហើយលាងសម្អាតដោយទឹកស្អាតម្តងទៀត ស្នាមប្រឡាក់ផ្សេងៗ និងក្លិនមិនល្អទាំងឡាយនឹងរលាយបាត់អស់ និងស្អាតគួរឱ្យចង់ប្រើទៀតផង។
97 . វិធីសម្អាតចាន អាងលាងចាន ឬទូដាក់កែវចានដែលធ្វើពីដែកអ៊ីណុក អាចធ្វើបានដោយងាយៗគឺ ប្រើអាល់កុល ឬថ្នាំដុសធ្មេញដោយយកមកលាបឱ្យសព្វ ទុកចោលមួយស្របក់ រួចទើបដុសខាត់ចេញ និងលាងសម្អាតដោយទឹកស្អាតម្តងទៀត រួចជូតដោយក្រណាត់ទន់ៗឱ្យស្ងួត គ្រប់យ៉ាងនឹងមើលទៅភ្លឺចាំងរលោងដូចថ្មីមិនខាន។
98 . កែវ ដប ដែលប្រើយូរទៅឡើងល្អក់ លែងភ្លឺស្អាតថ្លា លែងគួរឱ្យប្រើនោះ យើងអាចធ្វើឱ្យភ្លឺថ្លាស្អាតរលោងឡើងវិញបានដោយការដាក់ដីខ្សាច់ចូលទៅបន្តិច តាមដោយទឹកប្រមាណជាត្រឹមពាក់កណ្តាលកែវ ឬដបដែលចង់សម្អាតនោះ រួចក្រឡុកខ្លាំងៗរយៈពេលប្រមាណជា 1 នាទី ហើយចាក់ចោល រួចដុសលាងសម្អាតដោយទឹកលាយជាមួយសាប៊ូម្សៅ និងបញ្ចប់ដោយការលាងឱ្យស្អាតដោយទឹកធម្មតា តែប៉ុណ្ណឹងកែវ ឬដបទាំងនោះនឹងឡើងភ្លឺចាំងថ្លាគួរឱ្យចង់ប្រើឡើងវិញបាត់ទៅហើយ។
99 . ការលាងភាជនៈ(ចានសំប៉ែត ចានគោម ចានចង្កឹះ -ល-) ដែលប្រឡាក់ម្សៅ ស៊ុត ឬទឹកដោះគោ ចូរលាងដោយទឹកត្រជាក់ធម្មតា ព្រោះអាចលាងចេញបានងាយស្រួលជាងទឹកក្តៅ ដោយសារទឹកក្តៅនឹងធ្វើឱ្យម្សៅ ស៊ុត ឬទឹកដោះគោឆ្អឹន និងរឹតតែតោងជាប់លើភាជនៈទាំងនោះកាន់តែខ្លាំងឡើង ដូច្នេះវិធីដែលល្អបំផុតគឺ គួរប្រើអេប៉ុងសើមៗជូតស្នាមប្រឡាក់ទាំងអស់នោះចេញជាមុនសិន រួចសឹមលាងដោយទឹកសាប៊ូ បន្ទាប់ពីនោះទើបលាងសម្អាតដោយទឹកស្អាតជាក្រោយ។
100 . ថាសប្រាក់នៅពេលប្រើហើយត្រូវតែលាងសម្អាតភ្លាមៗតែម្តងមុននឹងយកទៅទុកដាក់ តែអ្វីដែលសំខាន់នោះគឺការទុកដាក់ថែរក្សាដើម្បីកុំឱ្យថាសប្រាក់ឡើងស្រអាប់ ឬមានស្នាមអុចខ្មៅៗ ដោយយើងអាចដាក់សាជូរ 1 ដុំនៅលើថាសនោះ ដុំសាជូរនោះនឹងធ្វើឱ្យថាសប្រាក់នៅភ្លឺចាំងស្អាតជាប់ជានិច្ច៕