ស្ថិតក្នុងស្ថានភាពនៃការរីករាលដាលជំងឺ Covid-19 បុណ្យភ្ជុំបិណ្ឌខាងមុខក៏ត្រូវបានរៀបចំដោយកំណត់លក្ខខណ្ឌយ៉ាងច្បាស់លាស់ដើម្បីធ្វើយ៉ាងណាធានាពីសុវត្ថិភាពរបស់អ្នកធ្វើបុណ្យទាំងអស់គ្នាដើម្បីកុំឱ្យមានចម្លងជំងឺរលាកសួតប្រភេទថ្មីនេះចូលក្នុងសហគមន៍។
ក្រសួងធម្មការ និងសាសនាបានកំណត់លក្ខខណ្ឌចំនួន 6ចំណុចសម្រាប់អនុវត្តនៅគ្រប់ទីកន្លែងទាំងអស់ក្នុងប្រទេសកម្ពុជា។ លក្ខខណ្ឌទាំងអស់នោះមានដូចជា៖
ទី1. រៀបចំវត្តអារាម ឱ្យមានសណ្ដាប់ធ្នាប់ អនាម័យបរិស្ថានល្អ ត្រូវចងទង់ បដា ជ្វាលា ពាក្យស្លោក និងរៀបចំឱ្យមានធុងសំរាមសាធារណៈ
ទី2. សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចនៅមូលដ្ឋាន រៀបចំឱ្យមានកម្លាំងរក្សាសន្តិសុខ សណ្ដាប់ ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋ ដែលមកបំពេញបុណ្យកុសល នៅគ្រប់វត្តអារាម
ទី3. រៀបចំទុកដាក់ បែងចែកទេយ្យទានឱ្យបានសមរម្យជៀសវាងភាពខ្លះខ្ជាយ និងយកទៅជូនកងកម្លាំងប្រដាប់អាវុធ ចែកទានដល់ប្រជាពលរដ្ឋក្រីក្រ កុមារកំព្រា និងក្មេងអនាថាគ្មានទីពឹង
ទី4. តាមដាន និងត្រួតពិនិត្យនៅតាមវត្តអារាម ដើម្បីអនុវត្តឱ្យបាននូវអនុសាសន៍របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងការណែនាំរបស់ក្រសួងសុខាភិបាល
ទី5. ផ្សព្វផ្សាយនូវរាល់សារអប់រំណែនាំនានា ដែលផលិតដោយក្រសួងសុខាភិបាល ឱ្យបានទូលំទូលាយ ជាប់ជាប្រចាំនៅក្នុងទីវត្តអារាម និងផ្សព្វផ្សាយដល់សាធារណជន ពុទ្ធបរិស័ទ ឱ្យបង្កើនការប្រុង ប្រយ័ត្នខ្ពស់ សំដៅបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍
ទី6. រៀបចំឱ្យមានជាកន្លែងពិនិត្យសុខភាព មុនពេលចូលក្នុងទីធ្លាវត្តអារាម ព្រះវិហារ ឬសាលាឆាន់ ត្រូវមានឧបករណ៍វាស់កម្ដៅ សាប៊ូ ជែល ឬទឹកអាល់កុលសម្រាប់លាងសម្អាតដៃជាប្រចាំ។ ត្រូវ ពាក់ម៉ាស ក្រមា កន្សែង ឬប្រើក្រដាសខ្ទប់មាត់នៅពេលក្អក ឬកណ្ដាស់ និងត្រូវរក្សាគម្លាតបុគ្គល ម្នាក់ទៅបុគ្គលម្នាក់ទៀតឱ្យបានយ៉ាងតិចមួយម៉ែត្រកន្លះ និងអនុវត្តតាមវិធាននានា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល៕