ក្រោយពេលស្ថានភាពជំងឺ Covid-19 នៅកម្ពុជាស្ងប់ស្ងាត់បន្តិច ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចអនុញ្ញាតឱ្យសាលារៀនរដ្ឋ និងឯកជននានាចាប់ផ្តើមដំណើរការសាលារៀនឡើងវិញទៅតាមដំណាក់កាល និងប្រុងប្រយ័ត្នបំផុត។
ក្រសួងធ្លាប់បានបញ្ជាក់ថា នឹងអនុញ្ញាតឱ្យសាលារៀនសាធារណៈបើកបង្រៀនឡើងវិញសម្រាប់ថ្នាក់ទី9 និងថ្នាក់ទី12 មុនគេ ព្រោះជាថ្នាក់ប្រឡង ជាពិសេសគឺសិស្សត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិ។ ថ្មីៗនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា វិទ្យាល័យបាក់ទូក ត្រូវបានជ្រើសរើសជាសាលារដ្ឋដំបូងបំផុតដែលត្រូវបើកឡើងវិញសម្រាប់កម្រិតថ្នាក់ទី 9 និងថ្នាក់ទី12។
ឯកឧត្តម រឿន ប៊ុនណាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា វិទ្យាល័យបាក់ទូក ត្រូវបានជ្រើសរើសជាសាលារៀនដំបូងដែលត្រូវបើកឡើងវិញ ដោយសារមានចំនួនសិស្សថ្នាក់ទី12 ច្រើនជាងគេទូទាំងប្រទេស។ លទ្ធភាពនៃការបើកសាលារៀនឡើងវិញ បានសិក្សាទៅលើការសិក្សាក្នុងថ្នាក់រៀនដោយផ្ទាល់ និងការសិក្សាពីចម្ងាយដោយប្រើប្រាស់បច្ចេកវិទ្យា ហើយមានចំនួនសិស្សចន្លោះពី15 ទៅ20នាក់ក្នុងមួយថ្នាក់ ការរៀបចំកាលវិភាគសិក្សា ការសិក្សាលើធនធានដែលវិទ្យាល័យមានស្រាប់ដូចជា បន្ទប់សិក្សាចំនួនគ្រូបង្រៀន និងវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល។
គួរបញ្ជាក់ថា កម្ពុជានឹងរៀបចំការប្រឡងមធ្យមសិក្សាទុតិយភូមិ នៅក្នុងខែធ្នូ ដោយការរៀបចំនឹងត្រូវធ្វើឡើងដោយហ្មត់ចត់ និងតឹងតែងដូចជារៀងរាល់ឆ្នាំបើទោះបីជាមានបញ្ហា Covid-19 ក៏ដោយ៕