ស្ត្រីខ្មែរយើងមិនមានទម្លាប់ទុករោមក្លៀកឱ្យនៅព្រោងព្រាតដូចជនជាតិបរទេសមួយចំនួននោះទេ គ្រប់ពេលដែលបានឃើញថា មានរោមដុះនៅលើស្បែកត្រង់ក្លៀកគឺពិតជាធ្វើឱ្យយើងមានអារម្មណ៍ខ្មាសគេ មិនហ៊ានពាក់អាវវៀលក្លៀកនោះទេ។ ការដករោមក្លៀកម្តងមួយសរសៃៗ ត្រូវចំណាយពេលយូរ ឈឺក៏ឈឺ ហើយដែលសំខាន់នោះស្បែកក៏ឡើងគ្រើមទៀត ហើយងាកមករកការកោរវិញ ឃើញថាវាឆាប់រួចរាល់ មិនឈឺចាប់ និងចំណាយពេលតែមួយភ្លែតក៏ពិតមែន ប៉ុន្តែបើខានពិនិត្យតែ 2-3ថ្ងៃ ប្រាកដជាបានឃើញរោមថ្មីដុះមកថែម និងខ្មៅជាងមុនជាមិនខាន។
សម័យនេះ ការព្យាបាលមានច្រើន តែវាត្រូវចំណាយប្រាក់ច្រើនបន្តិច ដូច្នេះបើអ្នកមិនចង់ចំណាយប្រាក់ មិនចង់ដក ឬមិនចង់កោរនោះ ឡារ៉ែន មានវិធីមួយយកមកជម្រាបជូនមិត្តអ្នកអានទាំងអស់សាកល្បង ហើយវិធីនេះត្រូវការតែវត្ថុធាតុដើមតិចតួចបំផុត។ តោះ! សាកល្បងអានទាំងអស់គ្នា!
សារធាតុផ្សំ
– មានស្ករស (2ពែង), ទឹកក្រូចឆ្មារ (1/4ពែង), ទឹក (1/4ពែង) និងទឹកឃ្មុំ (1/4ពែង)។
របៀបធ្វើ
ដំបូងអ្នកត្រូវយកទឹកទៅដាក់ដាំឱ្យពុះរួចដាក់សារធាតុផ្សំទាំងអស់ចូល ហើយកូរឱ្យសព្វ។ បើកភ្លើងតិចៗរំងាស់វាចោលប្រហែលជាកន្លះម៉ោង នៅពេលដែលល្បាយនោះឡើងពណ៌ត្នោត និងឡើងស្អិតសឹមដាក់ចុះ រួចទុកឱ្យត្រជាក់។ នៅពេលវាត្រជាក់ហើយអ្នកត្រូវសម្អាតក្លៀករបស់អ្នកឱ្យស្អាតនិងជូតឱ្យស្ងួត ដើម្បីជម្រះញើសចេញឱ្យអស់។ យកម្សៅកូនក្មេងមកលាបឱ្យសព្វលើក្លៀករបស់អ្នក ព្រោះការធ្វើបែបនេះគឺដើម្បីកម្ចាត់ជាតិខ្លាញ់ដែលនៅសល់ឱ្យចេញអស់ពីក្លៀក។
ឥឡូវអ្នកត្រូវយកល្បាយនោះមកដាក់លើស្បែកក្លៀក ហើយយកស្លាបព្រារលោងមួយមកប៉ាតល្បាយនោះឱ្យស្មើ ហើយត្រូវចាំថា ត្រូវប៉ាតវាស្តើងៗបានហើយ ព្រោះក្រាស់ពេកវាអាចធ្វើឱ្យប្រតាក។ ទុកវាចោលមួយសន្ទុះ លុះដល់ពេលវាស្ងួតហើយនោះអ្នកត្រូវប្រើដៃមួយចំហៀងទៀតដើម្បីបកវាចេញ (សូមបកវាចេញឱ្យលឿន ព្រោះបើយឺតវាអាចធ្វើឱ្យស្បែកត្រង់នោះជ្រួញពិបាកក្នុងការបក)។ វាជាការសំខាន់ណាស់ដែលអ្នកត្រូវសម្អាតស្បែកត្រង់នោះឱ្យស្អាតជាមួយសាប៊ូនិងទឹកស្អាត ហើយបន្ទាប់ពីជូតស្ងួតល្អហើយនោះអ្នកត្រូវបន្ថែមសំណើមដល់វាផង ដើម្បីរក្សាស្បែកក្លៀកអ្នកឱ្យទន់រលោង។
ដោយសារប្រភេទស្បែករបស់មនុស្សម្នាក់ៗវាមិនដូចគ្នា ដូច្នេះមុនពេលអនុវត្ត ឡារ៉ែន សូមណែនាំឱ្យលោកអ្នកធ្វើការសាកល្បងយកល្បាយនេះដាក់លើស្បែកត្រង់កន្លែងផ្សេងជាមុនសិន ហើយបើសង្កេតឃើញថាវាមិនមានបញ្ហាប្រត្តិកម្មទេនោះ លោកអ្នកអាចយកវាមកអនុវត្តផ្ទាល់លើស្បែកក្លៀកបានហើយ។ ម្យ៉ាងទៀត សម្រាប់ល្បាយដែលលាយរួចហើយប្រើមិនទាន់អស់ អ្នកអាចយកវារក្សាទុកក្នុងទូរទឹកកក លុះពេលយកមកប្រើលើកក្រោយអ្នកគ្រាន់តែយកវាមកកម្តៅវិញគឺអាចប្រើបានហើយ៕