ក្រោយពីបាននាំយកខ្សែភាពយន្ដរឿង “វិកលចរិត” ទៅចាក់បញ្ជាំងនៅលើឆាកអន្ដរជាតិរួចមក អ្នកដឹកនាំរឿងនេះបានលាន់មាត់ថា ទោះមិនទទួលបានផលច្រើនមែន តែនេះជាជំហានដំបូង ផ្លែផ្កាដំបូងហើយដែលលោកហ៊ុយ យ៉ាឡេងទទួលបានពីការខំប្រឹងប្រែងដើម្បីស្វែងរកទីផ្សារភាពយន្តក្រៅស្រុក ហើយក៏ជាបទពិសោធមួយសម្រាប់ខ្សែភាពយន្ដខ្មែរយើងដែរ។
ដោយសារត្រូវជិះរថយន្ដរាប់ពាន់គីឡូម៉ែត្រឆ្លងប្រទេស2ដើម្បីខ្សែភាពយន្តខ្មែរយើង លោក ហ៊ុយ យ៉ាឡេង បានបា្រប់អ្នកសារព័ត៌មាន ឡារ៉ែនថា “រឿងរបស់យើងមិនទាន់ទទួលបានផ្លែផ្កា និងមានទស្សនិកជនចូលរួមទស្សនាច្រើននៅឡើយទេ ទាំងប្រទេសថៃ និងឡាវ ដោយហេតុថា គេមិនទាន់ស្គាល់រឿងខ្មែរ ព្រមទាំងអ្នកដែលបានចូលទៅទស្សនា ភាគច្រើនគឺជាយុវវ័យ ដូច្នោះហើយ គឺនៅមិនទាន់មានភាពទូលំទូលាយក្នុងការស្គាល់អំពីខ្សែភាពយន្ដខ្មែរ រួមទាំងគំនិតជាតិនិយមរបស់ជនជាតិថៃ និងឡាវផងដែរ”។ មិនតែប៉ុណ្ណោះ អ្នកដឹកនាំរឿងរូបនេះក៏បានបន្ថែមថា “នេះជាបទពិសោធលើកដំបូងហើយ ដែលយើងបានយល់ដឹងអំពីការនាំភាពយន្ដទៅកាន់ឆាកអន្ដរជាតិ”។
ដោយឡែក ពីដំបូងឡើយលោក ហ៊ុយ យ៉ាឡេង ធ្លាប់បានបញ្ចេញព័ត៌មានអំពីការដកប្រាក់ពីការទិញសំបុត្រចំនួន 1 ដុល្លារ ហើយបរិច្ចាគចំពោះកុមារបាត់បង់សតិបញ្ញា និងកុមារកំព្រានៅកម្ពុជា តែផ្ទុយទៅវិញបែរជាខកបំណង ព្រោះថា ភាពយន្ដមួយនេះមិនទទួលបានផ្លែផ្កាច្រើនពីប្រទេសថៃ និងឡាវឡើយ គឺមានតែប្រទេសកម្ពុជាមួយតែប៉ុណ្ណោះ ដែលទទួលបានការគាំទ្រ។
គួរបញ្ជាក់ដែរថា លោក ហ៊ុយ យ៉ាឡេង បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន ឡារ៉ែនថា “មានតែកម្ពុជាទេដែលទទួលបានអ្នកទស្សនាច្រើនជាងគេ បើគិតពីថ្ងៃដាក់បញ្ជាំងរហូតមកដល់ពេលនេះ ហើយទោះជាយើងមិនបានកម្រៃពីការដាក់បញ្ចាំងនៅបរទេសក៏ដោយ ក៏លោកនៅបន្ដបរិច្ចាគដោយទឹកចិត្តសប្បុរសធម៌ទៅកាន់កុមារកំព្រា និងបាត់បង់សតិបញ្ញា នៅកម្ពុជាយើងដែរ ព្រោះថា នេះជាប្រវត្តិសាស្ត្រដំបូងដែលកុនខ្មែរបានទៅបញ្ជាំងនៅអន្តរជាតិ ហើយចូលរួមកម្មវិធីសប្បុរសធម៌ផងដែរ”។
ទោះបីជាមិនទទួលបានផ្លែផ្កា និងមានការតស៊ូនឿយហត់ជាច្រើនក៏ដោយ តែក៏ទទួលបានមកវិញនូវបទពិសោធថ្មីៗជាច្រើន ព្រោះថា វាធ្វើឱ្យយើងមើលឃើញថា ប្រជាជនគេនៅតែគាំទ្រភាពយន្តគេខ្លាំងជាងភាពយន្តបរទេស តែភាពយន្តមួយនេះទទួលបានចំណុចល្អត្រង់ថា ទស្សនិកជនទាំងអស់ចូលមើលរឿងខ្មែរយើងហើយមិនដើរចេញពាក់កណ្តាលទីទេ គឺមើលរហូតដល់ចប់ ហើយសរសើរភាពយន្តយើងថាល្អមើលណាស់ គ្រាន់តែនេះជាលើកដំបូង នៅមិនមានការផ្សព្វផ្សាយទាក់ទាញឱ្យពួកគាត់ចូលមើលភាពយន្តខ្មែរយើង៕