នៅរាត្រី ថ្ងៃទី25 ខែសីហា ឆ្នាំ2020 នាសណ្ឋាគារហ្គាឌិនស៊ីធី ផលិតកម្ម កាឡាក់ស៊ីណាវ៉ាត្រា បានរៀបចំ ពិធីទទួលស្វាគមន៍កំពូលតារាចម្រៀង ព្រាប សុវត្ថិ យ៉ាងអធឹកអធម ដោយមានការចូលរួម ពីតារាល្បីៗ និងអ្នកជំនួញធំៗ។
ការចាកចេញលោកព្រាប សុវត្ថិ មិនមានមូលហេតុអ្វីទេ គឺជាការព្រមព្រៀងដោយស្ម័គ្រចិត្តជាមួយហង្សមាស ហើយទាក់ទងនឹងរឿងជម្លោះផ្ទៃក្នុងក៏មិនមានដែរ គឺជាការយល់ព្រមដោយរាប់អានគ្នាធម្មតា លក្ខណៈជាអ្នកសិល្បៈរួមអាជីព។ លោកព្រាប សុវត្ថិ ក៏បានជម្រាបជូនទស្សនិកជនក៏ដូចជាអ្នកគាំទ្ររបស់លោកថា លោកនឹងមានអ្វីដែលប្លែងៗ បង្ហាញនៅក្នុងផលិតកម្មកាឡាក់ស៊ី ហើយនឹងរិះរកអ្វីដែលថ្មីបម្រើសអារម្មណ៍ទស្សនិកជន។
លោកថា លោកបានកាន់ដៃបណ្តើរគ្នាជាមួយហង្សមាសពីឆ្នាំ1997គឺជាង23 ឆ្នាំនេះ មានតែស្នាមញញឹម និងជោគជ័យជាមួយគ្នា។ មកដល់ឆ្នាំ 2020 គឺលោកមានគោលដៅមួយសម្រាប់ជីវិត។ គោលដៅនេះជាអ្វីលោកចង់បាន និងក៏ស្របតាមចំណង់ចំណូលចិត្តរបស់លោកផងដែរ។ រួមរស់ជាមួយផលិតកម្មហង្សមាសជាង23ឆ្នាំ និងការសម្រេចចិត្តចាកចេញមករួមទ្រនំថ្មីជាមួយផលិតកម្មចម្រៀងរបស់សេដ្ឋីឡេង ណាវ៉ាត្រា លោកព្រាប សុវត្ថិប្រាប់ថា ការចាកចេញនៅពេលនេះគឺពោរពេញដោយស្នាមញញឹម ហើយក៏ជាការបែកគ្នាមើលឃើញគ្នានិងមិនអាចបំភ្លេចគ្នា។
កំពូលតារាចម្រៀងប្រចាំប្រទេសប្រាប់ថា រយៈពេលកន្លងមកនេះ លោកទទួលបានការគាំទ្រនិងមុខមាត់ ក៏ដោយសារតែហង្សមាស។ លោកមិនគិតថាចង់ចាកចេញពីហ្សងមាស និងមិត្តរួមការងារដែលបានតស៊ូរួមដំណើរជាមួយគ្នា តែពេលនេះដល់ពេលលោកត្រូវចាកចេញ ដើម្បីសម្រេចគោលដៅ ស្វែងរកបទពិសោធន៍ថ្មីលើវិថីសិល្បៈ។ លោកថា ការបែកគ្នានៅពេលនេះជាការបែកគ្នាដោយមើលឃើញ ហើយលោកនឹងនៅតែបន្តរាប់អាន និងទំនាក់ទំនងគ្នាគ្មានថ្ងៃណាប្រែប្រួលទេ។
លោកបន្ថែមថា ការចាកចេញនេះក៏មិនទាក់ទងទៅកាច់កុងគ្នាក្នុងក្រុមហ៊ុន រួមទាំងការផ្តល់កញ្ចប់លុយពិសេសណាមួយពីក្រុមហ៊ុនថ្មី ដែលធ្វើឱ្យលោកសម្រេចចិត្តចាកចេញ។ លោកបញ្ជាក់ថា លោកធ្វើអ្វីមួយតែងតែមានគោលដៅសម្រាប់ខ្លួនឯង។ ទាក់ទងការងារសិល្បៈ លោកបញ្ជាក់ថា ទោះបីទៅដល់ទីណា លោកនៅតែចង់បម្រើអារម្មណ៍ និងនាំអ្វីថ្មីៗសម្រាប់អ្នកគាំទ្រ៕