ក្នុងការរស់នៅរបស់មនុស្សម្នាក់ៗ បើទោះបីជាយើងជាមនុស្សដែលប្រុងប្រយ័ត្ន ឬចង់បានសេចក្តីសុខប៉ុណ្ណាក៏ដោយ ក៏ពេលខ្លះមានមនុស្សជុំវិញខ្លួននៅតែអាចបង្កើតកំហុស និងធ្វើឱ្យយើងទាស់ចិត្តដែរ។ ហេតុនេះប្រសិនបើយើងគ្រប់គ្រងស្ថានភាពផ្លូវចិត្តមិនល្អ យើងនឹងអាចក្លាយមនុស្សមានបញ្ហា ឬបាត់បង់សេចក្តីសុខ តែប្រសិនបើយើងឆ្លើយតបល្អជាមួយនឹងស្ថានភាពខាងក្រៅនេះ យើងនឹងអាចរស់នៅក្នុងភាពស្ងប់សុខ និងរីកចម្រើន។
លោកឧកញ៉ា គួច ម៉េងលី អគ្គនាយកក្រុមហ៊ុន Mengly J.Quoch Edication បានលើកឡើងថា លើផែនដីយើងនេះ គ្មាននរណាម្នាក់ត្រូវរហូតនោះទេ ហើយក៏គ្មាននរណាម្នាក់ខុសរហូតនោះដែរ អ្វីដែលសំខាន់ នៅពេលខ្លួនធ្វើខុស តើចេះទទួលកំហុសនិងកែខ្លួនឱ្យល្អឡើងវិញឬអត់? ដូច្នេះនៅពេលមាននរណាធ្វើខុសអ្វីមួយចំពោះយើង យើងត្រូវតែចេះលើកលែងទោសឱ្យគេ ហើយបំភ្លេចចោលនូវអតីតកាលដ៏ជូរជត់ទាំងនោះ ប៉ុន្តែត្រូវចងចាំទុកជាបទពិសោធ ជាមេរៀនសម្រាប់ជីវិត នោះទើបយើងមិនប្រែបរាជ័យនៅថ្ងៃក្រោយ។
លោកថា នៅពេលបុគ្គលិកធ្វើខុសម្ដងពីរដង លោកមិនដែលចាប់ទោសអូសដំណើរពួកគាត់នោះទេ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ គឺគាត់តែងអភ័យទោស និងមិនមានគំនិតគុំកួននោះទេ ប៉ុន្ដែ គាត់គ្រាន់តែចាំក្នុងចិត្ដថា មនុស្សនោះបើគាត់មករកទៀតត្រូវប្រយ័ត្នបន្ដិច ហើយមិនដែលបោះបង់ទេ មានន័យថា គ្រាន់តែប្រយ័ត្នបន្ដិច និងពញ្ញាក់អារម្មណ៍ខ្លួនឯងគ្រប់ពេលពីបុគ្គលនោះ។ ប៉ុន្ដែបើសួរលោកថា តើលោកគុំកួនគាត់ទេ? ចម្លើយគឺថាអត់ទេ! គាត់ឆ្លើយថាគាត់បែរជាមានអារម្មណ៍អាណិតគាត់ និងមានមេត្ដាធម៌ចំពោះបុគ្គលនោះទៅវិញ ព្រោះអាចថាដោយសារតែគាត់មានភាពលោភលន់និងអាត្មានិយម ទើបនាំឱ្យគាត់ពូកែលេបសម្តីខ្លួនឯង ចូលចិត្តការនិយាយបាតដៃខ្នងដៃ មានចរិកក្រឡេកក្រឡុច ឬឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ រណេបរណប អែបអប និងពូកែរករឿង ឈ្នានីសគេឯងបែបនេះ។
សហគ្រិនខាងលើបានបញ្ជាក់ផងដែរថា នៅពេលលោកមិនខឹង មិនគុំកួន បុគ្គលិកខ្លួនមួយចំនួនបានសួរលោកថា “តើមានមូលហេតុអ្វីដែលធ្វើឱ្យលោកក្លាយទៅជាមនុស្សមិនចេះគុំកួន មិនចេះចាប់ទោសអូសដំណើរបែបនេះ?” លោកតបទៅគាត់ថា “ដោយសារលោកធ្លាប់ឆ្លងកាត់ភាពលំបាកច្រើនដង លោកធ្លាប់ត្រូវគេធ្វើបាប ម្យ៉ាងលោកនឹកឃើញកាលពីក្មេង លោកគឺជាក្មេងដ៏កាចម្នាក់។ លោកតែងឈ្លោះគ្នា និងវាយគ្នា និយាយរួមថ្ងៃណាក៏វាយគ្នាដាច់មុខអស់ដែរ ហើយវាគួរឱ្យអស់សំណើចណាស់ កាលពីក្មេងគេហៅលោកថាមាត់គូទមាន់ និងអាមេខ្យល់ពូកែសន្សំរឿង ធ្វើឱ្យគាត់គ្មានអារម្មណ៍សុខស្ងប់នោះទេ។ លុះដល់ពេលធំឡើង លោកមានអារម្មណ៍ថា មិនចង់កាចដូចពីក្មេងទៀតទេ។ ដូច្នេះបច្ចុប្បន្ននេះ រឿងឈ្លោះគ្នា រឿងគុំកួនគ្នា និងរឿងធ្វើបាបគេ គឺលោកមិនចូលចិត្តធ្វើនោះទេ។ ដូច្នេះហើយទើបឧកញ៉ារូបនេះមិនចូលចិត្ត រឿងមេខ្យល់ចាក់ចូចសន្សំរឿងបែបនេះ។ លោកថា វាពិតជាមានវិប្បដិសារីណាស់ចំពោះឥរិយាបថកាលនោះ។
ដូច្នេះ គាត់ជឿជាក់យ៉ាងមុតមាំថា បើមនុស្សគ្រប់រូបសុទ្ធតែគ្មានចិត្តគុំកួនគ្នា សុទ្ធតែចេះអភ័យទោសឱ្យគ្នា នោះសង្គមកម្ពុជាយើងប្រាកដជាពោរពេញទៅដោយសុខសន្តិភាពមិនខានឡើយ៕