កាលពីល្ងាចថ្ងៃទី23 ខែសីហា ឆ្នាំ2020 កន្លងទៅនេះ ការប្រកួតបាល់ទាត់លីកកំពូលកម្ពុជា រដូវកាល2020 សប្តាហ៍ទី13 បានបញ្ចប់ទៅហើយ ដោយបឹងកេត និងព្រះខ័នរាជ បានក្លាយជាបេក្ខភាពដែលមានភាគរយច្រើន ក្នុងការដណ្តើមជើងឯក ដ្បិតអី ក្រុមដណ្តើមតំណែងកំពូលតារាងទាំង 2នេះ ប្រដេញ មុខ-ក្រោយគ្នា តែ 1ពិន្ទុប៉ុណ្ណោះ ខណៈដែលក្រុមលេខ3 ខុសគ្នាដាច់ដល់ទៅ 9ពិន្ទុឯណោះ។
ក្រោយបញ្ចប់ជើងទី1 នេះ លីកកំពូលកម្ពុជា នឹងត្រូវបែងចែកជា2 ដោយក្រុមខ្លាំងទាំង6 ខាងលើរួមមាន បឹងកេត ព្រះខ័នរាជស្វាយរៀង វិសាខា ទ័ព ភ្នំពេញក្រោន និងណាហ្គាវើលដ៍ នឹងត្រូវប្រកួតគ្នាដណ្តើមជើងឯក។ ខណៈដែលក្រុម7 ផ្សេងទៀត រួមមាន អង្គរថាយហ្គឺរ គិរីវង់សុខសែនជ័យ អាស៊ីអឺរ៉ុប អគ្គិសនីកម្ពុជា នគរបាលជាតិ សូលទីឡូអង្គរ និងយុវជនបាទី ត្រូវខំប្រឹងដើម្បីគេចពីតំបន់កាត់ចោល។
គួរបញ្ជាក់ដែរថា ការសម្រេចប្តូររូបមន្តបែបនេះ គឺដោយសារតែឥទ្ធិពលកូវីដ-19 ដែលធ្វើឱ្យមានការផ្អាកការប្រកួតអស់រយៈពេល 3ខែ ដែលធ្វើឱ្យពេលវេលាប្រកួតកាន់តែខើច មិនអាចបញ្ចប់បានទាន់ពេលវេលា៕