ពហុកីឡដ្ឋានជាតិ មរតកតេជោ បានបើកការដ្ឋានសាងសង់កាលពីខែមេសា ឆ្នាំ2017 ក្រោយបញ្ចប់ការសាងសង់ កីឡដ្ឋាននេះ នឹងអាចផ្ទុកអ្នកទស្សនាបានប្រមាណ 6ម៉ឺននាក់ ពោលគឺ ដើម្បីធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី32 នៅឆ្នាំ2023។
លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា៖ «មកទល់ពេលនេះ ការសាងសង់កីឡដ្ឋានធំ ឬ Main Stadium រួចរាល់បាន 90% ហើយ នៅសល់តែការបំពាក់គ្រឿងបរិក្ខារប៉ុណ្ណោះ ដូចជាកៅអី កញ្ចក់ បង្កាន់ដៃ ភ្លើង ទីលានខាងក្នុង និងការដេគ័រផ្សេងៗទៀត ។ ដូចយើងធ្វើផ្ទះអ៊ីចឹង កាលណាដល់ដេគ័រហ្នឹង គឺវារាងយឺតបន្ដិចហើយ តែបើនិយាយពីផ្នែកសំណង់វិញ សឹងតែរួចរាល់អស់ទៅហើយ ។ គម្រោងនេះ អាចនឹងបញ្ចប់ជាស្ថាពរ នៅអំឡុងខែមីនា ឆ្នាំក្រោយ»។
គួររំឭកដែរថា ពហុកីឡដ្ឋានជាតិ មរតកតេជោ គឺជាកាដូ ដ៏ធំស្កឹមស្កៃ តម្លៃប្រមាណជា 160លានដុល្លារអាមេរិក ពីសាធារណរដ្ឋចិន ដែលមានទំហំផ្ទៃក្រឡាកីឡដ្ឋាន រហូតដល់ទៅ 16.22ហិកតា និងផ្ទៃក្រឡាសំណង់ទំហំប្រមាណជា 8.24ម៉ឺនម៉ែត្រការ៉េ៕