បើនិយាយអំពីកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេបង្អស់ នៅលីកកំពូលកម្ពុជា ជារៀងរាល់ឆ្នាំ តែងតែបានទៅលើកីឡាករបរទេស ជាអ្នកឈ្នះជារៀងរាល់ឆ្នាំ ដោយឡែកកីឡាករសញ្ជាតិខ្មែរ មិនងាយនឹងបានឈរឯបកៀនៗតារាងកំពូលអ្នកស៊ុតបញ្ចូលទីនេះផង ដោយខុសគ្នាដាច់ មិនតិចជាង 10គ្រាប់ឡើយ ជារៀងរាល់ឆ្នាំ។
ដោយឡែកឆ្នាំនេះ កីឡាករខ្សែប្រយុទ្ធខ្មែរ ដែលកំពុងឡើងជើងខ្លាំងនៅលីកកំពូលកម្ពុជា គឺកីឡាករ ម៉ាត់ នុរុណ កំពុងតែប្រកៀកប្រកិត ដោយចាញ់គ្រាប់បាល់កីឡាករបរទេសតែ 1គ្រាប់ប៉ុណ្ណោះ។ ក្នុងនោះដែរ កាលពីយប់មិញគេបានបន្ថែម 2គ្រាប់ទៀត ក្នុងសប្តាហ៍ទី13 នេះ ដោយសរុបមក កីឡាកររូបនេះរកបាន 13គ្រាប់ ឈរនៅលំដាប់លេខ2 ជាកីឡាករស៊ុតបញ្ចូលទីបានច្រើនគ្រាប់ជាងគេ នៅលីកកំពូលកម្ពុជា ខណៈដែលឈរលេខ1 ជាកីឡាករខ្មែរដែលទាត់បញ្ចូលទីបានច្រើនជាងគេបង្អស់។
គួររំឭកដែរថា កីឡាករខ្សែប្រយុទ្ធ កូនកាត់អ៊ីស្លាមរូបនេះ ទើបតែផ្ទេរមកពីក្រុមអគ្គិសនីកម្ពុជា កាលពីរដូវកាលមុន ក្រោយមានបញ្ហារបួស និងបានចូលទីលានវិញ កីឡាកររូបនេះតែងតែរកបានគ្រាប់បាល់បាន សឹងតែគ្រប់ការប្រកួតទាំងអស់ មិនដែលខានឡើយ៕