ពាក្យស្លោក (Slogan) “រសជាតិឆ្ងាញ់នៅលើគ្រប់ម្រាមដៃ” (It’s Finger Lickin’ Good) របស់ក្រុមហ៊ុន KFC ត្រូវបានវាយតម្លៃថា មិនសមស្របជាមួយនឹងស្ថានភាពនៃសម័យCOVID-19 ដូច្នេះ វាក៏ត្រូវបានលុបបំបាត់ជាបណ្ដោះអាសន្ន។
ក្រុមហ៊ុនលក់អាហារចម្អិនលឿន (fast food) KFC កាលពីម្សិលមិញ (24សីហា) បានប្រកាសថា ផ្អាកប្រើប្រាស់ពាក្យស្លោក It’s Finger Lickin’ Good នៅក្នុងការផ្សាយពាណិជ្ជកម្មនានារបស់ខ្លួនជាបណ្ដោះអាសន្ន។ មូលហេតុនៃប្រការនេះ គឺដោយសារជាច្រើនខែមកនេះ ក្រុមមន្ត្រីសុខាភិបាលបានណែនាំឱ្យប្រជាជន ឈប់យកដៃទៅប៉ះមុខមាត់ ដើម្បីចៀសវាងការឆ្លងវីរុសCOVID-19។
នាយកទីផ្សារសកលរបស់ KFC អ្នកស្រី Catherine Tan-Gillespie បានឱ្យដឹងថា៖ “យើងកំពុងស្ថិតក្នុងកាលៈទេសៈពិសេស។ ពាក្យស្លោកនេះលែងសមស្របជាមួយនឹងស្ថានភាពបច្ចុប្បន្នទៀតហើយ”។ ប៉ុន្តែ ក្រុមហ៊ុននេះបានអះអាងថា បញ្ជីមុខអាហារនឹងមិនប្ដូរផ្លាស់នោះទេ ចំណែកពាក្យស្លោកនេះនឹងត្រលប់មកវិញនៅក្នុងពេលវេលាដ៏សមស្រប”។
KFC បានបិទបាំងពាក្យស្លោកនេះនៅលើផ្ទាំងផ្សាយពាណិជ្ជកម្មចាស់ៗរបស់ខ្លួន និងបានបង្ហោះវីដេអូមួយអំពីករណីនេះនៅលើ Youtube។ ចំណែក CNN វិញ យល់ថា សេចក្ដីប្រកាសនេះ គ្រាន់តែជាយុទ្ធសាស្ត្រទីផ្សារតែប៉ុណ្ណោះ។
ដោយសារតែ COVID-19 ក្រុមហ៊ុន KFC បានបិទទ្វារហាងជាច្រើនកាលពីខែមីនា និងបានលើកទឹកចិត្តឱ្យអតិថិជន ទិញអាហារយកទៅញ៉ាំនៅឯផ្ទះ។
ក្រុមហ៊ុនមេរបស់ KFC គឺក្រុមហ៊ុន Yum! Brands បានឱ្យដឹង ក្រុមហ៊ុននេះរកបានប្រាក់ចំណេញសរុប1.2ពាន់លានដុល្លារនៅក្នុងត្រីមាសទី2 ដែលនេះបានថយចុះ8.5% បើធៀបនឹងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន។ ក៏ប៉ុន្តែ ស្ថានភាពនេះកំពុងល្អប្រសើរឡើងវិញជាបណ្ដើរៗហើយ ដោយសារតែប្រទេសជាច្រើនបានចាប់ផ្ដើមដំណើរការសេដ្ឋកិច្ចឡើងវិញ៕
ប្រភព៖ CNN