យើងនឹងនាំយកអត្តបទដ៏មានប្រយោជន៍សម្រាប់អ្នកម្តាយថ្មោងថ្មីក្នុងការយល់ដឹងពីវិវឌ្ឍនាការ លក្ខណៈ និងអាការផ្សេងៗរបស់កូនតូចទើបនឹងកើត តាំងពីអាយុបាន 1 ខែ រហូតដល់ 1 ខួបមកជម្រាបជូនមួយលេខមួយខែ ទុកជាចំណេះដឹងក្នុងការមើលថែទាំកូនតូចជាទីស្រឡាញ់របស់អ្នកម្តាយ ដោយយើងសូមចាប់ផ្តើមពីអាយុរបស់កូនតូចឈានចូលខែទី 1 នេះតែម្តង។
លក្ខណៈរបស់កូន
ក្នុងរយៈកន្លះខែដំបូង ភាគច្រើនកូនតូចនឹងគេងជាប់រហូត និងមិនទាន់អាចកំណត់ពេលវេលាផ្សេងៗរបស់កូនបានពិតប្រាកដនៅឡើយទេ។ ទារកខ្លះអាចនឹងនោមក្នុងមួយថ្ងៃ 5 – 6 ដង ទារកខ្លះទៀតអាចនឹង10 ដងក៏មាន តែក៏មិនមែនជារឿងគួរឱ្យវិតក្កកង្វល់អ្វីដែរ។ លុះចូលដល់រយៈកន្លះខែក្រោយ អ្នកម្តាយនឹងចាប់លក្ខណៈរបស់កូនបានខ្លះៗហើយថា ក្មេងខ្លះអាចគេងយូរ មិនសូវយំរករឿង បៅម្តងៗបានច្រើន លុះឆ្អែតហើយក៏លក់តែម្តង។ ទារកក្នុងលក្ខណៈនេះអ្នកម្តាយងាយនឹងស្មានពេលវេលាឱ្យបៅត្រូវ តែក្មេងខ្លះអាចភ្ញាក់ញឹកញាប់ ពិបាកគេងលក់ គឺជារឿងដែលអ្នកម្តាយត្រូវខំរៀនយល់ដឹង និងសង្កេតមើលលក្ខណៈ និងទម្លាប់របស់កូនម្តងបន្តិចៗ មួយថ្ងៃបន្តិចៗ។ ទារកដែលបៅទឹកដោះម្តាយ លាមកនឹងទន់ និងជុះញឹកញាប់។
តើកូនយើងបៅទឹកដោះឆ្អែតអត់ហ្ន៎?
អ្នកម្តាយអាចសង្ស័យថា តើកូនតូចបានទទួលទឹកដោះគ្រប់គ្រាន់ឬទេ? តើនឹងមើលដឹងដោយវិធីណា? វិធីសង្កេតមិនពិបាកទេ គ្រាន់តែថ្លឹងទម្ងន់ខ្លួនកូនក៏ដឹងបាត់ទៅហើយ បើទម្ងន់ខ្លួនកូនឡើងល្អ គឺរៀងរាល់ 5 ថ្ងៃ កូននឹងមានទម្ងន់ខ្លួនកើនឡើង 150 ក្រាម នោះអាចរាប់បានថា កូនបានទទួលទឹកដោះគ្រប់គ្រាន់ហើយ តែបើទម្ងន់ខ្លួនទារកតិចជាង 100 ក្រាមវិញ បែបហ្នឹងត្រូវទៅប្រឹក្សាគ្រូពេទ្យហើយ។
អាការដែលអាចនឹងកើតឡើង
– ក្អែទឹកដោះ
ក្រោយពីបៅទឹកដោះរួចប្រមាណជា 10 – 20 នាទី កូនតូចអាចនឹងក្អែទឹកដោះចេញមក មានលក្ខណៈដូចដុំតៅហ៊ូខ្ទេចៗ ដោយទារកខ្លះអាចមានអាការបែបនោះស្ទើរតែគ្រប់ពេល។ ទឹកដោះដែលក្អែចេញមកមានបរិមាណមិនស្មើគ្នាទេ តែនឹងក្អែច្រើនឡើងនៅពេលអាយុបានកន្លះខែ។ បើកូនតូចនៅតែបៅទឹកដោះបានល្អ ទម្ងន់ខ្លួនឡើងតាមប្រក្រតី សប្បាយមានអារម្មណ៍នោះ អ្នកម្តាយមិនចាំបាច់កង្វល់ឡើយ ព្រោះអាការនេះនឹងបាត់ទៅវិញបណ្តើរដោយឯកឯង។ ឯមូលហេតុ អាចបណ្តាលមកពីសាច់ដុំខ្ជិបមាត់ក្រពះរបស់ទារកនៅមិនទាន់រឹងមាំ នៅពេលបៅឆ្អែត នឹងមានហៀរចេញមក។ ដូច្នេះបន្ទាប់ពីបីកូនបំបៅទឹកដោះរួចហើយ មិនគួរដាក់ឱ្យកូនគេងភ្លាមទេ ត្រូវទុកឱ្យកូនភើបន្តិចសិន ដោយការពពាក់លើស្មា ហើយអង្អែលខ្នងប្រមាណជា 10 – 20 នាទី និងឱ្យកូនគេងផ្អៀង ដើម្បីការពារអាការក្អែ។
– ឡើងស្នាមកំណក-សៗក្នុងមាត់
បន្ទាប់ពីកើតមកបានប្រមាណ 1 សប្តាហ៍ ទារកអាចកើតមានស្នាមកំណក-សៗនៅម្តុំសាច់អញ្ចាញ ឬក្នុងថ្ពាល់ អាចបណ្តាលមកពីកំណកទឹកដោះ។ អ្នកម្តាយចូរយកស្បៃ ឬក្រណាត់ស្អាតស្តើងៗជ្រលក់ទឹក ហើយជូតសម្អាតក្រោយពេលកូនបៅទឹកដោះរួច
– ដកដង្ហើមឮខ្លាំង
ទារកទើបនឹងកើត ខណៈពេលដកដង្ហើមនឹងមានឮសំឡេងខ្យល់នៅក្នុងបំពង់ក អ្នកម្តាយច្រើនតែគិតថា កូនកើតជំងឺគ្រុនផ្តាសាយ ឬបំពង់កមានអាការខុសប្រក្រតីណាមួយ តែបើកូននៅតែបៅទឹកដោះបានល្អធម្មតា ទម្ងន់ខ្លួនល្អឡើង សំឡេងខ្យល់ដង្ហើមដែលកើតពីប្រអប់សំឡេងនៅទន់នោះ នៅពេលធំឡើងប្រអប់សំឡេងនោះនឹងរឹងមាំឡើង លែងមានឮសំឡេងខ្យល់ទៀតហើយ។
វិវឌ្ឍនាការរបស់កូនតូច
ការស្រែកយំជាវិធីតែមួយគត់របស់ក្មេងក្នុងវ័យនេះអាចទំនាក់ទំនងឱ្យអ្នកម្តាយដឹងថា ខ្លួនគេត្រូវការអ្វី ដូចជា ឃ្លាន ខ្លួនសើម ចង់ឱ្យព ឈឺកន្លែងណាមួយ ដូច្នេះវិធីដែលល្អបំផុតគឺ ការតបស្នងទៅកូនវិញឱ្យត្រូវនឹងតម្រូវការ ដែលអ្នកម្តាយត្រូវប្រើភាពស៊ាំធ្លាប់ ចេះសង្កេតមើល និងចំណាំថា ការយំម្តងៗរបស់កូននោះត្រូវការអ្វី។
លេងជាមួយកូនញឹកញាប់
ការបី ព ឱប មិនថាតែអំឡុងពេលបំបៅទឹកដោះកូន ពេលបំពេឱ្យគេង ច្រៀងឱ្យកូនស្តាប់ នោះទេ ទាំងអស់នេះសុទ្ធតែចូលទៅជួយជំរុញកោសិកាខួរក្បាលរបស់កូនតូចឱ្យធ្វើការ និងអភិវឌ្ឍបានល្អតទៅមុខទៀតទាំងអស់៕