អ្នកជំនាញម្នាក់បានប្រើប្រាស់ AI (បញ្ញាសិប្បនិម្មិត) ដើម្បីបន្ថែមពណ៌ និងសម្រួលទម្រង់ដើមឱ្យមកជាទម្រង់ទំនើបយ៉ាងស្រស់ស្អាតដោយជោគជ័យទៅលើវីដេអូប្រភេទសខ្មៅមួយត្រូវបានថតតាំងពីឆ្នាំ1902 ដែលគិតមកដល់បច្ចុប្បន្ន (2020) វីដេអូនេះមានអាយុ118ឆ្នាំទៅហើយ។
Neural Love ដែលជាក្រុមហ៊ុនមួយត្រូវបានបង្កើតឡើងដើម្បីស្ដារឡើងវិញនូវវីដេអូចាស់ៗដែលមានអាយុកាលរាប់សិប ឬរាប់រយឆ្នាំ ឱ្យមានពណ៌ស្រស់ស្អាតដូចបច្ចុប្បន្ន។ អ្នកជំនាញឈ្មោះ Denis Shiryaev មកពីក្រុមហ៊ុនខាងលើ បានធ្វើការស្ដារ និងកែលម្អវីដេអូបុរាណមួយដែលមានថិរវេលា2នាទីដែលត្រូវបានរក្សាទុកនៅក្នុងសារមន្ទីរសិល្បៈទំនើបរបស់សហរដ្ឋអាមេរិក (MoMA)។ វីដេអូនេះត្រូវបានថតពីលើរថភ្លើងព្យួរ Wuppertaler Schwebebahn ដ៏ល្បីឈ្មោះ នៅទីក្រុង Wuppertal ប្រទេសអាល្លឺម៉ង់ កាលពីឆ្នាំ1902។
MoMA បានឱ្យដឹងថា វីដេអូនេះ ថតដោយខ្សែអាតទំហំ68មម របស់ក្រុមហ៊ុនផលិតភាពយន្តអាមេរិកាំង Biograph ទើបវាមានរូបភាពច្បាស់ជាងប្រភេទខ្សែអាតទំហំតូច ដូចជា 16មម ឬ35មម កាលពីជំនាន់នោះ។
ដើម្បីស្ដារ និងកែលម្អទិដ្ឋភាពក្នុងវីដេអូនេះ Shiryaev បានបញ្ចូលឈុតវីដេអូនេះទៅក្នុងប្រព័ន្ធមួយដែលប្រើប្រាស់បណ្ដាញ neural មានបំពាក់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដើម្បីដំឡើងទិដ្ឋភាពឱ្យទៅដល់កម្រិត 4K។ ក្រោយមក ប្រព័ន្ធនេះក៏បន្តបន្ថែមពណ៌ បង្កើនលំនឹងនៃទិដ្ឋភាព និងបង្កើនទំហំស៊ុមរូបភាពឱ្យឡើងដល់60fps។
ជាចុងក្រោយ Shiryaev ក៏បានបន្ថយល្បឿនរបស់វីដេអូនេះឱ្យយឺតជាងមុន ដើម្បីធ្វើឱ្យវាមានលក្ខណៈដូចជាទិដ្ឋភាពនាបច្ចុប្បន្ន។ បន្ទាប់ពីបានបញ្ចប់ការស្ដារ និងកែលម្អរួចរាល់ វីដេអូនេះមានថិរវេលា4នាទី ជាមួយនឹងពណ៌យ៉ាងស្រស់ស្អាត រួមនឹងភាពច្បាស់កម្រិតខ្ពស់ ចំណែកលំនឹងក៏បានប្រសើរជាងមុន។
Wuppertaler Schwebebahn គឺជាផ្លូវដែកព្យួរដែលមានវ័យចំណាស់បំផុតក្នុងពិភពលោក និងចម្លែកជាងគេនៅប្រទេសអាល្លឺម៉ង់។ ប្រព័ន្ធរថភ្លើងព្យួរនេះ ត្រូវបានរចនាឡើងដោយ Eugen Langen និងសាងសង់តាំងពីឆ្នាំ1897ដល់ឆ្នាំ1903 និងត្រូវបានបើកឱ្យប្រើប្រាស់ចាប់ពីឆ្នាំ1901។ Wuppertaler Schwebebahn មានប្រវែង13គីឡូម៉ែត្រ។
បច្ចុប្បន្ន Wuppertaler Schwebebahn នៅតែត្រូវបានប្រើប្រាស់ជាមធ្យោបាយធ្វើដំណើរសាធារណៈចម្បងរបស់អ្នកស្រុក។ យោងតាមស្ថិតិឆ្នាំ2008 ប្រព័ន្ធផ្លូវដែកនេះ បានដឹកអ្នកដំណើរប្រមាណជា25លាននាក់ជារៀងរាល់ឆ្នាំ៕
ប្រភព៖ PetaPixel