សូម្បីព្រីនក៏ទប់ទឹកភ្នែកមិនជាប់ដែរពេលមើលរឿង«ពោះធំ The Movie» ដូច្នេះអ្នកទស្សនាដែលចូលចិត្តរឿងកម្សត់បង្កប់ការអប់រំពីរសជាតិជីវិតស្នេហាយុវវ័យនិងក្តីស្រលាញ់ក្នុងគ្រួសារ អាចមកទស្សនារឿង«ពោះធំ The Movie» ដែលកំពុងចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តរួមមាន Major Cineplex, Legend Cinema និង Prime Cineplex ដើម្បីដឹងកាន់តែច្បាស់ថាភាពយន្តថ្មី ដែលល្បីថាកម្សត់ខ្លាំងនេះល្អមើលយ៉ាងណា និងអាចបង្ហូរទឹកភ្នែកអ្នកឱ្យខ្សឹកខ្សួលដូចប៉ាវីដែរទេ។
ធ្លាប់តែជាតារាសម្តែងមួយរូប ព្រីន នៅតែមិនអាចទប់ទឹកភ្នែកបានពេលមើលរឿងកុនដ៏កម្សត់នេះ ព្រោះពេលលោកដើរចេញពីរោងកុនភ្លាម ភ្នែករបស់លោកនៅក្រហមបន្ទាប់ពីយំរួច។ តារាប្រុសរូបនេះបានផ្តល់បទសម្ភាសន៍នៅមុខរោងកុនផ្ទាល់ទាំងទឹកភ្នែកនិងអួលដើមករថា «ពេលអង្គុយមើលរឿងហ្នឹង ខ្ញុំមានអារម្មណ៍ថាកំពុងមើលពីជីវិតក្មេងពីរនាក់ មិនមែនមើលរឿងកុនទេ។ ខ្ញុំឆ្ងល់ថាហេតុអ្វីប៉ាម៉ាក់ដែលអះអាងថាស្រលាញ់កូន បែរជាគ្នាទើបវ័យប៉ុណ្ណឹង សុខចិត្តបោះបង់កូនចោល។ ពេលគ្នាមានបញ្ហរត់ទៅសុំជំនួយ បែរជាគ្មានអ្នកណាជួយសោះ។»
កម្លោះសង្ហារព្រីន បានបន្ថែមទាំងអួលដើមករថា «ខ្ញុំមើលយូរៗទៅ ស្លុងតាមសាច់រឿងក្មេងប្រុសស្រីមួយគូហ្នឹង ដែលលំបាកវេទនាមែនទែន។ តាមពិតខ្ញុំក៏ជាតារាសម្តែងដែរ ខ្ញុំមិនចង់យំទេ តែពិបាកទប់ពេក ខ្ញុំខំទប់ទឹកភ្នែកឡើងឈឺក្បាលទៅហើយ»។ តារាប្រុសរូបនេះ ក៏បានបញ្ជាក់បន្ថែមថា រឿងនេះមិនត្រឹមតែកម្សត់សាច់រឿងនិងការសម្តែងរបស់តួអង្គទេ សូម្បីតែបទចម្រៀងផ្ទាល់ក៏កម្សត់ខ្លាំង គ្រាន់តែសម្លេងគ្រហឹមរបស់តារាចម្រៀងក៏ធ្វើឱ្យលោកព្រឺសម្បុរដែរ។
គួរបញ្ជាក់ថា ខ្សែភាពយន្តរឿងពោះធំ The Movie ដែលជា Version ថ្មី គឺមិនមែនជារឿងពោះធំ Version អនឡាញ ដែលធ្លាប់ចាក់បញ្ចាំងតាម Youtube របស់ផលិតកម្ម Sastra Film នោះទេព្រោះមានការថតឈុតឆាកថ្មីទាំងអស់សម្រាប់បញ្ចាំងជាភាពយន្ត ដែលជាសាច់រឿងថ្មីបន្តពីជីវិតរបស់តួឯកប្រុសស្រីពេជ្រ និងលីនដា សម្តែងដោយកញ្ញា អាំង សុជាតា និងលោក ស៊ីវ សុវណ្ណារាជ្យ ក្រោយពេលចាកចេញពីផ្ទះ ទៅផ្សងជីវិតគ្មានទីជម្រក តស៊ូលំបាកវេទនា ដោយគ្មានការទទួលស្គាល់ពីឳពុកម្តាយ ក្នុងពេលដែលតួស្រីកំពុងមានផ្ទៃពោះវ័យក្មេង ។ ធានាថាឈុតឆាកថ្មីនេះនឹងកាន់តែធ្វើឱ្យអ្នកទស្សនាទប់ទឹកភ្នែកមិនជាប់ អាណិតឆាកជីវិតរបស់ពួកគេ និងស្រាយចម្ងល់អ្នកទស្សនាតាមអនឡាញ ពីវាសនារបស់ឳពុកម្តាយវ័យក្មេង និងកូនក្នុងពោះជាចុងក្រោយនឹងទៅជាយ៉ាងណា ជាពិសេសគឺការបញ្ចប់មួយ ដែលលោកអ្នកនឹកស្មានមិនដល់ថានឹងក្លាយជាបែបនោះ៕