ភ្នំពេញ៖ ខណៈដែលម្ពុជាជិតផុតកូតានាំផលិតផលវាយនភណ្ឌកាត់ដេរចេញទៅប្រទេសក្នុងសហគមន៍អឺរ៉ុបនៅរយៈពេល3ឆ្នាំខាងមុខទៀតនោះ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មកម្ពុជាបានជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតប្រទេសកាណាដាប្រចាំកម្ពុជាដើម្បីពិភាក្សាអំពីទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកាណាដា ជាពិសេសលើការនាំចេញផលិតផលវាយនភណ្ឌពីកម្ពុជា។
ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា ដើម្បីសម្រួលដល់កិច្ចការធុរកិច្ចក្នុង និងក្រៅប្រទេស ក្រសួងបានធ្វើការកែទម្រង់ការងារជាច្រើន រួមមានការស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ(CO)តាមអនឡាញ និងតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម និងការអនុវត្តកិច្ចសម្រួលពាណិជ្ជកម្មរបស់កម្ពុជាកន្លងមកដែលបានជួយឱ្យកម្ពុជាក្លាយជាប្រទេសឈានមុខលើបណ្តាប្រទេសក្រីក្រនានាខាងផ្នែកកិច្ចសម្រួលពាណិជ្ជកម្ម។
មុនពេលធ្វើកំណែទម្រង់បែបបទនៃការនាំចេញដែលមានភាពស្មុគស្មាញ និងត្រូវចំណាយរយៈពេលរង់ចាំយូរដល់ទៅជាង2សប្តាហ៍ ប៉ុន្តែឥឡូវនៅសល់ត្រឹមតែ48ម៉ោងប៉ុណ្ណោះ ហើយឯកសារតម្រូវក៏មានតិចជាងមុន ពោលគឺក្រសួងតម្រូវឱ្យក្រុមហ៊ុនស្នើសុំ CO តែមួយមុខប៉ុណ្ណោះ ហើយនាពេលខាងមុខនឹងមិនតម្រូវឱ្យមានការស្នើសុំ CO ទៅកាន់ទីផ្សារសហគមន៍អឺរ៉ុបនោះឡើយ។
លោកជំទាវឯកអគ្គរាជទូតបានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានខិតខំប្រឹងប្រែងធ្វើកំណែទម្រង់ស៊ីជម្រៅដើម្បីសម្រួលដល់បរិយាកាសវិនិយោគនៅកម្ពុជាព្រមទាំងបានកត់សម្គាល់អំពីសារៈសំខាន់របស់កម្ពុជាក្នុងការផ្គត់ផ្គង់ទំនិញគុណភាពខ្ពស់ទៅកាន់កាណាដាដោយលក្ខខណ្ឌចំណាយកម្លាំងពលកម្មទាបជាមួយផលិតភាពការងារខ្ពស់។
លោកជំទាវបានសំណូមពរដល់រាជរដ្ឋាភិបាលកម្ពុជាឱ្យបន្តខិតខំប្រឹងប្រែងកែលម្អបរិយាកាសវិនិយោគ កាត់បន្ថយថ្លៃដើមផលិតកម្ម លើកកម្ពស់ការគ្រប់គ្រងរោងចក្រ ព្រមទាំងសម្របសម្រួលឯកសារ និងបែបបទនាំចេញសម្រាប់វិស័យឯកជនថែមទៀត។ ជាមួយគ្នានេះដែរ លោកជំទាវក៏បានស្នើឱ្យមានការរៀបចំវេទិកាសម្រាប់បង្កើតបណ្តាញទំនាក់ទំនងរវាងអ្នកទិញនៅកាណាដាជាមួយអ្នកផលិតនៅកម្ពុជា ព្រមទាំងបានលើកទឹកចិត្តដល់និសិ្សតកម្ពុជាក្នុងការស្វែងរកអាហារូបករណ៍ផ្នែកវិស្វកម្មវាយនភណ្ឌដែលផ្តល់ដោយរាជរដ្ឋាភិបាលកាណាដា។
ជាមួយគ្នានេះលោកជំទាវបានលើកទឹកចិត្តឱ្យមានកិច្ចពិភាក្សារវាងវិស័យឯកជននៃប្រទេសទាំងពីរដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែល្អប្រសើរផងដែរ។ គួរបញ្ជាក់ថា នៅចន្លោះឆ្នាំ2001-2016 ទំហំនៃការនាំចេញពីកម្ពុជាទៅកាន់កាណាដា មានកំណើនប្រមាណ100ដង ហើយសម្រាប់ឆមាសទី1 នៃឆ្នាំ២០១៧នេះ ទំហំនាំចេញមានកំណើន18,36%។
ចាប់តាំងពីឆ្នាំ1999មក កម្ពុជាបានផ្សារភ្ជាប់លក្ខខណ្ឌការងារនៃអង្គការពលកម្មអន្តរជាតិ(ILO)ជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្ម បន្ទាប់មកគម្រោង Better Factory Cambodia (BFC) បានកើតចេញជារូបរាងឡើង ដោយបានបន្តសាជាថ្មីចំនួន5លើកដែលជាហេតុធ្វើឱ្យលក្ខខណ្ឌការងារនៅកម្ពុជាមានភាពល្អប្រសើរ ហើយប្រាក់ខែអប្បបរិមារបស់នយោជិតកម្ពុជាបានកើនឡើងរហូតដល់153ដុល្លារក្នុងមួយខែទៀតផងសម្រាប់ឆ្នាំ2017នេះ៕