Lil Miquela ជាតួអង្គតារាប្រឌិតមួយដួងដែលត្រូវបានបង្កើតឡើងដោយកុំព្យូទ័រ អាចរកប្រាក់ចំណូលបានរហូតដល់11,738,406លានដុល្លារនៅក្នុង1ឆ្នាំៗ តាមរយៈការបង្ហោះរូបថតនៅលើបណ្ដាញសង្គម Instagram។
បណ្ដាញសង្គមនានាក្នុងពេលថ្មីៗនេះ បានក្លាយជាទីឋានដ៏ល្អប្រសើរក្នុងការ “កើបលុយ” សម្រាប់ក្រុមមនុស្សដែលមានឥទ្ធិពល (influencer) មកពីជុំវិញពិភពលោក។ សូម្បីតែរ៉ូបូត ឬតួអង្គប្រឌិតក៏បានចាប់ផ្ដើមសាកល្បងរកប្រាក់តាមរយៈបណ្ដាញសង្គមផងដែរ។ ថ្មីៗនេះ OnBuy បានបង្ហើបឱ្យដឹងព័ត៌មានស្ដីអំពីប្រាក់ចំណូលដ៏ច្រើនសន្ធឹកដែលក្រុមតារាប្រឌិត ឬតារានិម្មិតអាចរកបានតាមរយៈបណ្ដាញសង្គម Instagram។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុន OnBuy៖ “ចំនួនតួអង្គនិម្មិតដែលមានឥទ្ធិពល កំពុងតែមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ពួកគេត្រូវបានបង្កើតឡើងដោយកុំព្យូទ័រ ដែលហៅថា CGI (Computer-generated imagery) ឬរ៉ូបូត ដែលមានចំណុចពិសេស និងមានលក្ខណៈស្រដៀងនឹងមនុស្សពិត។ ពួកគេបានក្លាយជាកម្លាំងពិតនៅក្នុងវិស័យ influencer ដែលកំពុងដណ្ដើមកាន់កាប់ឥទ្ធិពលនៅលើបណ្ដាញសង្គម។ តើនេះគឺជាសញ្ញាមួយដែលបង្ហាញអំពីទីអវសានរបស់ influencer ដែលជាមនុស្សពិតមែនដែរ ឬយ៉ាងណា?
របាយការណ៍របស់ OnBuy បានឱ្យដឹងថា តួអង្គប្រឌិតដែល “ស៊ីថ្លៃ” បំផុត នោះគឺ Lil Miquela។ នាងរកបានប្រហែល8,000ដុល្លារអាមេរិក សម្រាប់អត្ថបទនីមួយៗដែលបង្ហោះនៅលើបណ្ដាញសង្គម Instagram។ ជារៀងរាល់ឆ្នាំ នាងអាចរកបានប្រាក់ដល់ទៅ8.96លានផោន (11,738,406លានដុល្លារអាមេរិក) តាមរយៈការផ្សាយពាណិជ្ជកម្ម។
ឈរលំដាប់ទី2បន្ទាប់ពី Lil Miquela នោះគឺ Noonoouri ដែលត្រូវបានបង្កើតឡើងដោយអ្នកជំនាញខាងរចនាក្រាហ្វិច ឈ្មោះ Joerg Zuber។ ដោយមានអ្នកតាមដានចំនួនជាង362,000នាក់ តាមការគណនា នាងអាចរកបាន1,382ផោន (1,810ដុល្លារអាមេរិក) សម្រាប់អត្ថបទផ្សាយពាណិជ្ជកម្មនីមួយៗ និងរកបានជាង2លានផោន (2,620,000ដុល្លារ)/ឆ្នាំ។
តារារូបនិម្មិតមកពីជប៉ុន គឺនាង Imma ឈរលំដាប់ទី3។ ទាក់ទងនឹងវប្បធម៌ ភាពយន្ត និងសិល្បៈជប៉ុន បណ្ដារូបថតដ៏គួរឱ្យស្រលាញ់របស់នាង ត្រូវបានអ្នកប្រើប្រាស់ Instagram ចំនួនជាង237,000នាក់ “គយគន់” ជារៀងរាល់លើក ហើយនាងក៏រកបានប្រាក់ប្រមាណជាជាង498,000ផោន (652,424ដុល្លារអាមេរិក) ជារៀងរាល់ឆ្នាំ ដែលតួលេខនេះ គឺច្រើនជាង13ដង បើធៀបនឹងប្រាក់ខែជាមធ្យមនៅប្រទេសអង់គ្លេសទៅទៀត។
ប្រភព៖ Mirror