ក្លិប Liverpool បានប្រាប់ក្លិប Barcelona ម្តងទៀតថា ខ្សែបម្រើដ៏ឆ្នើម Philippe Coutinho មិនសម្រាប់លក់ឡើយ ក្រោយពីបានច្រានចោលសំណើដេញថ្លៃក្នុងទឹកប្រាក់100លានអឺរ៉ូ (ស្មើនឹង117.5លានដុល្លារអាមេរិក) សម្រាប់តារាឆ្នើមអន្តរជាតិប្រេស៊ីលរូបនេះ។
សំណើដេញថ្លៃជាលើកទី2របស់ក្លិប Barcelona ដែលមានតម្លៃខ្លួនជាគោល85លានអឺរ៉ូ បូកទាំងប្រាក់ឧបត្ថម្ភផ្សេងៗចំនួន 15លានអឺរ៉ូ ទៀតនោះ ត្រូវបានច្រានចោលភ្លាមៗ។
Barelona បានព្យាយាមដាក់សំណើជាលើកទី2របស់ខ្លួនសម្រាប់តារាឆ្នើមវ័យ25ឆ្នាំរូបនេះកាលពីថ្ងៃពុធ ក្រោយពីសំណើជាលើកដំបូងរបស់ខ្លួនក្នុងទឹកប្រាក់80លានអឺរ៉ូ ក៏ត្រូវបានច្រានចោលកាលពីខែមុនផងដែរ។ សំណើថ្មីចុងក្រោយរបស់ពួកគេ បានជួបការឆ្លើយតបដូចកាលពីមុនដែរ។ ក្លិបហង្សក្រហម Liverpool បានច្រានចោលសំណើនេះ និងបានបញ្ជាក់ប្រាប់ក្លិប Barcelona ម្តងទៀតថា ពួកគេនឹងមិនពិចារណាទៅលើការលក់កីឡាករដ៏មានឥទ្ធិពលរបស់ពួកគេនៅរដូវក្តៅនេះឡើយ។
ការច្រានចោលសំណើជាលើកទី2នេះ បានកើតឡើង ក្រោយពីបណ្តាញសារព័ត៌មានជាច្រើនរបស់អេស្ប៉ាញ បានចេញផ្សាយថា ការផ្ទេរនេះកំពុងតែស្ថិតយ៉ាងប្រកៀកក្នុងការឈានដល់ទីបញ្ចប់។ វាមិនទាន់ច្បាស់នៅឡើយទេថា ការបញ្ជាក់បែបនេះ នឹងរារាំងមិនឲ្យក្លិប Barcelona ដាក់សំណើដេញថ្លៃជាលើកទី3 ឬយ់ាងណានោះទេ ខណៈដែលការព្យាយាមរបស់ពួកគេកាលពេលថ្មីៗនេះនាំឲ្យមានការជឿជាក់ថា Coutinho ពិតជាចង់ផ្ទេរទៅកាន់កីឡដ្ឋាន Camp Nou។ ក្លិប Liverpool បានរក្សាជំហររបស់ខ្លួនថា Coutinho មិនមែនសម្រាប់លក់ឡើយ ខណៈដែលកាលពីសប្តាហ៍មុន លោក Jurgen Klopp បានបញ្ជាក់ថា ជំហររបស់ក្លិបនេះមិនមានការប្រែប្រួលឡើយ៕
ប្រភពពី៖ The Guardian