ជាប្រក្រតី បន្ទាប់ពីមានការចាប់បដិសន្ធិ តួកំណើតនឹងចាប់ផ្តើមសាងប្រព័ន្ធប្រសាទផ្នែកកណ្តាលជាមុន និងប្រព័ន្ធសរសៃឈាម តាមដោយប្រព័ន្ធសាច់ដុំច្រើនឡើងជាបណ្តើរៗ។ បើស្រ្តីតាំងគភ៌បានប្រមាណ 6 សប្តាហ៍ ពេលឆ្លុះអេកូមើល នឹងឃើញតួកំណើតតូចមួយទំហំប៉ុនគ្រាប់អង្ករនៅឡើយ តែបើឆ្លុះមើលនៅសប្តាហ៍ទី 8 ដែលបេះដូងរបស់ទារកដំណើរការហើយនោះ អ្នកម្តាយនឹងមើលឃើញថា កូនចាប់ផ្តើមចេះរើហើយ។ អ្នកម្តាយមួយចំនួននឹងមានអារម្មណ៍រំភើបញាប់ញ័ររហូតដល់ស្រក់ទឹកភ្នែកក៏មាន ព្រោះនៅពេលមើលឃើញថា កូនចេះរើបានហើយ ម្តាយនឹងមានអារម្មណ៍ថា ខ្លួនលែងមានតែម្នាក់ឯងទៀតហើយ តែនៅមានកូននៅក្នុងផ្ទៃម្នាក់ទៀត។
ក្នុងអំឡុងតាំងគភ៌ដំបូងៗ ស្រ្តីមានគភ៌មិនទាន់មានអារម្មណ៍ដឹងថា កូនរើនៅឡើយទេ ព្រោះខ្លួនកូននៅតូចណាស់ លាដៃលាជើងទៅខាងណាក៏មិនទាន់ប៉ះនឹងសាច់ជញ្ជាំងខាងក្នុងពោះដែរ តែពេលបន្ទាប់ពីតាំងគភ៌ចុងខែទី 4 ឡើងទៅហើយ ស្រ្តីមានគភ៌ខ្លះអាចនឹងមានអារម្មណ៍ដឹងថា ដូចមានអី្វម្យ៉ាងរុញនៅក្នុងពោះតិចៗ។ ស្រ្តីមានគភ៌នឹងមានអារម្មណ៍ថា កូនរើយឺតៗ ឬលឿនខ្លាំងខុសៗពីគ្នា។ ស្រ្តីមានគភ៌លើកដំបូងនឹងចាប់ផ្តើមមានអារម្មណ៍ដឹងថា កូនក្នុងផ្ទៃរើ ក៏នៅពេលដែលគភ៌មានអាយុប្រមាណ 18 – 20 សប្តាហ៍ ចំណែកស្រ្តីដែលធ្លាប់តាំងគភ៌ហើយ អាចនឹងមានអារម្មណ៍ដឹងថា កូនរើ ប្រមាណជាក្នុងសប្តាហ៍ទី 16 – 18 ឡើងទៅ។
រូបរាងកាយរបស់ស្រ្តីមានគភ៌ក៏មានចំណែកក្នុងការរើដោលរបស់កូនដែរ អនាគតអ្នកម្តាយដែលមានរូបរាងកាយស្គមស្តើងក្បាលពោះមិនធំ មិនក្រាស់ ស្បូននឹងឆាប់អណ្តែតមកប៉ះនឹងស្បែកក្បាលពោះ ទើបធ្វើឱ្យឆាប់មានអារម្មណ៍បានដឹងថា កូនចាប់ផ្តើមរើលឿនជាងស្រ្តីមានគភ៌ដែលធាត់ ត្រគាកធំ ក្បាលពោះក្រាស់…រឹតតែស្រ្តីមានគភ៌ដែលមានមាឌធំ ដងខ្លួនក្រាស់នឹងរឹតតែធ្វើឱ្យក្រមានអារម្មណ៍ដឹងថា កូនរើ។
គិតពេលវេលាជាភាគរយវិញ ក្នុងមួយថ្ងៃៗ កូននឹងរើប្រមាណជា 20% ចំណែក 80%ទៀត កូននឹងគេងលក់។ កូននឹងរើខ្លាំងក្នុងអំឡុងពេលមុន និងក្រោយញ៉ាំអាហាររៀងរាល់ពេល ហើយនឹងរើខ្លាំងក្នុងអំឡុងពេលយប់ តាំងពីម៉ោង 9 រហូតដល់ប្រមាណជាម៉ោង 1 រំលងអាធ្រាត្រ។ ជួនកាលកូនក៏រើខ្លាំងនៅពេលថ្ងៃដែរ គឺរើមិនសូវជាទៀងពេលប៉ុន្មានឡើយ ព្រោះកូនមិនទាន់ស្គាល់ពេលយប់ ឬពេលថ្ងៃនៅឡើយ។ ភ្ញាក់ពេលណា ក៏រើភ្លាមតែម្តង ហើយនឹងរើខ្លាំងនៅពេលដែលម្តាយឃ្លាន ព្រោះសំឡេងកូរពោះរបស់ម្តាយអាចទៅរំខានការគេងរបស់កូន ដោយសារតែពោះវៀនរបស់ម្តាយស្ថិតនៅផ្នែកខាងលើស្បូនដែលជាកន្លែងកូននៅហ្នឹងឯង។
ការរើរបស់កូននៅក្នុងផ្ទៃ ជាសញ្ញាមួយដែលល្អខ្លាំងណាស់សម្រាប់ស្រ្តីមានគភ៌ ព្រោះនៅពេលកូនរើ វាគឺជាការបញ្ជាក់ពីសញ្ញាជីវិតរបស់កូនហ្នឹងឯង ដូច្នេះស្រ្តីមានគភ៌គួររាប់ការរើរបស់កូនក្នុងមួយថ្ងៃៗផងទើបជាការល្អ៕