បន្ទាប់ពីលេចធ្លាយព័ត៌មានកំពូលតារាចម្រៀង ព្រាប សុវត្ថិ បានផ្លាស់ទៅកាន់ផលិតកម្មថ្មីហើយ គឺផលិតកម្ម Galaxy Navatra របស់ឧកញ៉ា ឡេង ណាវ៉ាត្រា។ មហាជនច្រើននៅមានមន្ទឹលសង្ស័យចំពោះរឿងរ៉ាវ ខណៈដែលកំពូលតារាចម្រៀងរូបនេះ សុខចិត្តចាកចេញពីទ្រនំដែលប្រឹងប្រែងតស៊ូជាច្រើនឆ្នាំ។
មានមតិខ្លះពីអ្នកសិល្បៈបានអះអាងថា គ្មានការចាកចេញរបស់លោក ព្រាប សុវត្ថិ ទៅកាន់ទ្រនំកាឡាក់ស៊ីណាវ៉ាត្រានោះទេ។ គ្រាន់តែមានការងារដីធ្លីមួយចំនួនដែលលោកបានសហការធ្វើការងារជាមួយក្រុមហ៊ុនGalaxy Navatra តែប៉ុណ្ណោះ។ អ្នកខ្លះទៀតគេបានលើកឡើងថា លោក ព្រាប សុវត្ថិ ពិតជាចាកចេញពិតមែន ដោយលោកសម្លឺងឃើញការហក់ចូលឆាកអន្ដរជាតិ តាមរយៈផលិតកម្ម Galaxy Navatra Thailand ដើម្បីសាងប្រជាប្រិយភាពថែមមួយកម្រិតទៀត។ ហើយខ្លះទៀតក៏បាននិយាយឡើងដែរថា បើឪពុកចាកចេញហើយ ( លោក ព្រាប សុវត្ថិ ) ចុះកូនទាំងបី នឹងនៅបន្ដក្នុងហង្សមាសទៀតឬយ៉ាងណា?
តែយ៉ាងណាមិញ តាមការបញ្ជាក់ឱ្យដឹងពីលោក យឹម តាស្រង់ នាយកចាត់ការទូទៅផលិតកម្ម Galaxy Navatraកំពូលតារាចម្រៀង ព្រាប សុវត្ថិ នឹងចុះកុងត្រាជាមួយផលិតកម្មជាជំហានដំបូងរយៈពេល៥ឆ្នាំ ។ នៅមិនទាន់ដឹងថា កូនទាំង៣ របស់កំពូលតារាចម្រៀងនឹងទៅចូលមកជាមួយឪពុកឬយ៉ាងណានោះឡើយ ព័ត៌មានលម្អិត លោកនឹងបង្ហាញជូនក្នុងសន្និសីទសារព័ត៌មាន ដែលនឹងរៀបចំឡើង នាថ្ងៃទី២៥ ខែសីហា ខាងមុខនេះ។