Elon Musk កំពុងនាំមុខគេក្នុងការប្រកួតប្រជែងនៅក្នុងទីផ្សារអ៊ីនធើណិតផ្កាយរណប ប៉ុន្តែ Jeff Bezos ឯណោះវិញ ក៏កំពុងតែវិនិយោគរាប់សិបពាន់លានដុល្លារដើម្បីប្រណាំងប្រជែងនឹង Elon Musk។
នាពេលខាងមុខ បណ្ដាតំបន់ដាច់ស្រយាលក្នុងពិភពលោកនឹងអាចប្រើប្រាស់សេវាកម្មអ៊ីនធើណិតពីផ្កាយរណប Starlink របស់ក្រុមហ៊ុន SpaceX។ ប្រព័ន្ធអ៊ីនធើណិត Starlink របស់មហាសេដ្ឋី Elon Musk ត្រូវបានដាក់ឱ្យប្រើសាកល្បងរួចមកហើយ។ កាលពីថ្ងៃទី13សីហា ក្រុមអ្នកលេងបណ្ដាញសង្គម Reddit បានបង្ហោះលទ្ធផលដំបូងស្ដីអំពីល្បឿនរបស់អ៊ីនធើណិតផ្កាយរណប Starlink ដោយក្នុងនោះ ជាមធ្យមវាមានល្បឿនប្រមាណជា30Mb/វិនាទី និងខ្ពស់បំផុតត្រឹម60.24Mb/វិនាទី។ បើទោះជាមិនទាន់បានដូចបំណង ប៉ុន្តែវាក៏អាចឆ្លើយតបទៅនឹងសកម្មភាពអនឡាញប្រចាំថ្ងៃបានយ៉ាងល្អ។
ក្រៅពីលោក Musk មហាសេដ្ឋី Jeff Bezos ក៏ចូលរួមដណ្ដើមចំណែកទីផ្សារអ៊ីនធើណិតផ្កាយរណបនេះដែរ។ កាលពីថ្ងៃទី30កក្កដា គម្រោង Kuiper របស់ Amazon ទទួលបានការយល់ព្រមពី FCC រួចហើយ ដែលនេះមានន័យថា Starlink របស់លោក Elon Musk និង Kuiper របស់លោក Jeff Bezos បានឈានចូល “សមរភូមិ” អ៊ីនធើណិតផ្កាយរណបជាផ្លូវការ។
Elon Musk មានប្រៀបជាងគេ
កាលពីខែវិច្ឆិកា2018 FCC បានអនុញ្ញតឱ្យ SpaceX បាញ់បង្ហោះផ្កាយរណបចំនួន12,000គ្រឿងទៅកាន់គន្លងគោចររបស់ផែនដី។ បច្ចុប្បន្ន ក្រុមហ៊ុននេះបានបាញ់បង្ហោះផ្កាយរណប Starlink ប្រមាណជា600គ្រឿង ទៅកាន់ទីអវកាស។ លោក Musk អះអាងថា តួលេខនេះនឹងកើតដល់30,000គ្រឿងនាពេលដ៏ខ្លីខាងមុខ។ ក្នុងដំណាក់កាលពីឆ្នាំ2019-2024 ផ្កាយរណបនេះចំនួន1,584គ្រឿងនឹងត្រូវបានដាក់ពង្រាយនៅលើគន្លងគោចរ។ ពេលនេះ ប្រព័ន្ធផ្កាយរណប “យក្ស” 3ជាន់ ក៏កំពុងត្រូវបាន SpaceX សាងសង់ផងដែរ។
កាលពីខែមិថុនា2020 សេវាកម្មអ៊ីនធើណិតផ្កាយរណបរបស់ Starlink បានអនុញ្ញាតឱ្យប្រើប្រាស់សាកល្បងដោយមិនគិតថ្លៃ។ ភ្លាមនោះ មានអ្នកប្រើប្រាស់ជាង700,000នាក់បានចុះឈ្មោះ។ SpaceX ក៏បានស្នើទៅកាន់ FCC ដើម្បីសុំបន្ថែមឧបករណ៍ទទួលរលកសញ្ញាពី1លាន ឡើងទៅ5លានគ្រឿង។
គោលដៅចុងក្រោយរបស់លោក Musk នោះគឺផ្ដល់សេវាកម្មអ៊ីនធើណិតនៅទូទាំងពិភពលោកក្នុងឆ្នាំ2021 រួមមានទាំងសេវាអ៊ីនធើណិតតម្លៃទាបនៅក្នុងទីក្រុងផងដែរ។
Amazon ប្ដេជ្ញា “រត់ប្រណាំង” ជាមួយ SpaceX
បើទោះជាត្រូវបាន FCC អនុញ្ញាតឱ្យដំណើរការគម្រោងរបស់ខ្លួនយឺតជាង SpaceX ប៉ុន្តែ Amazon កំពុងតែបង្ហាញថា មានការប្ដេជ្ញាខ្ពស់ក្នុងការប្រកួតដណ្ដើមយកចំណែកទីផ្សារអ៊ីនធើណិតផ្កាយរណបនេះដែរ។ Jeff Bezos បានប្រកាសថា នឹងវិនិយោគ1ម៉ឺនលានដុល្លារសម្រាប់គម្រោង Kuiper របស់ខ្លួន។ លោកនឹងបាញ់បង្ហោះផ្កាយរណបចំនួន3,236គ្រឿង ឱ្យបានមុនថ្ងៃទី30កក្កដា2029។ សេវាកម្មអ៊ីនធើណិតរបស់ Kuiper តាមគម្រោងនឹងដាក់លក់ភ្លាមៗក្រោយពីបានបាញ់បង្ហោះផ្កាយរណបអ៊ីនធើណិតបានចំនួន578គ្រឿង។
ក្រៅពី SpaceX និង Amazon ក៏នៅមានក្រុមហ៊ុនជាច្រើនផ្សេងទៀតមានគម្រោងចូលរួមប្រកួតប្រជែងក្នុងទីផ្សារអ៊ីនធើណិតផ្កាយរណប ក្នុងនោះក៏មាន Facebook ឬ OneWeb ផងដែរ៕
ប្រភព៖ សារព័ត៌មានបរទេស