យានអវកាសស្រាវជ្រាវព្រះចន្ទ Chandrayaan-2 សម្រេចបានជោគជ័យជាច្រើន មានដូចជាបង្កើតផែនទីទំហំផ្ទៃដី4លានគីឡូម៉ែត្រក្រឡា ថតរូបភាពគុណភាពខ្ពស់ និងប្រមូលទិន្នន័យអំពីផ្ទៃដីរបស់ឋានព្រះចន្ទ។ល។
អង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) កាលពីថ្ងៃទី20សីហា បានប្រកាសថា យានអវកាស Chandrayaan-2 បានហោះហើរជុំវិញឋានព្រះចន្ទចំនួន4,4000ជុំ បន្ទាប់ពីបានដំណើរការអស់រយៈពេល1ឆ្នាំ។ ISRO បានឱ្យដឹងថា “យានអវកាសនេះនៅតែដំណើរការល្អ ហើយប្រព័ន្ធបន្ទាប់បន្សំនានាក៏ប្រតិបត្តិការដូចធម្មតា។ ថាមពលរបស់វា គ្រប់គ្រាន់សម្រាប់ដំណើរការរយៈពេលប្រមាណជា7ឆ្នាំ”។
Chandrayaan-2 បានហោះទៅដល់គន្លងតារាវិថីនៃឋានព្រះចន្ទកាលពីថ្ងៃទី20សីហា ឆ្នាំ2019។ យាននេះបានទម្លាក់យានស្រាវជ្រាវ Vikram ទៅលើផ្ទៃដីរបស់ព្រះចន្ទ ប៉ុន្តែបានទទួលបរាជ័យ។ បើទោះជា Vikram មិនអាចចុះចតលើដីព្រះចន្ទដោយសុវត្ថិភាព តែបទពិសោធន៍នេះនឹងមានប្រយោជន៍សម្រាប់ការអភិវឌ្ឍយានចុះចតនាពេលអនាគត។ នេះបើតាមទីភ្នាក់ងារអវកាសឥណ្ឌា ISRO។
ក្រោយធ្វើសកម្មភាពអស់រយៈពេល1ឆ្នាំ យាន Chandrayaan-2 បង្កើតបានផែនទីជិត4លានគីឡូម៉ែត្រក្រឡានៃផ្ទៃដីលើឋានព្រះចន្ទ។ មួយក្នុងចំណោមតំបន់ដែលគួរចាប់អារម្មណ៍នោះគឺតំបន់បាតខ្ទះ Balmer-Kapteyn ដែលមានស្រទាប់ដីនៅពីលើស្រទាប់ថ្ម basalt ដ៏ចំណាស់។ ទីនេះបង្ហាញអំពីការប្ដូរផ្លាស់ ក្រោយពីមានអាចម៍ផ្កាយជាច្រើនបានធ្លាក់ទៅលើផ្ទៃដីនៃឋានព្រះចន្ទ បង្កើតបានជារណ្ដៅអាចម៍ផ្កាយយ៉ាងច្បាស់។
Chandrayaan-2 បានផ្ដិតយករូបភាពគុណភាពខ្ពស់ និងប្រមូលទិន្នន័យបានយ៉ាងច្រើនអំពីផ្ទៃដីរបស់លោកខែ ដែលនេះនឹងជួយឱ្យអ្នកវិទ្យាសាស្ត្រយល់បន្ថែមអំពីចំណុចពិសេសរបស់ភូមិសាស្ត្រ និងអាចសិក្សាអំពីទីតាំងចុះចតសម្រាប់យាននានាក្នុងពេលអនាគត។
ប្រព័ន្ធរ៉ាដារបស់ Chandrayaan-2 កំពុងបន្តសង្កេតមើលទឹកកកនៅត្រង់តំបន់ប៉ូលនានារបស់ព្រះចន្ទ ដែលវាអាចក្លាយជាធនធានដ៏មានតម្លៃសម្រាប់បេសកកម្មបន្ទាប់។ ក្រុមអ្នកវិទ្យាសាស្ត្រកំពុងតែវិភាគទៅលើទិន្នន័យពីយានឃ្លាំមើលព្រះចន្ទ (LRO) របស់ NASA និង Chandrayaan-2 ដើម្បីយល់បន្ថែមអំពីការកកើត និងទីតាំងរបស់ទឹកកកនៅលើព្រះខែ។
Chandrayaan-2 របស់ឥណ្ឌាថែមទាំងទទួលបានជោគជ័យជាច្រើនផ្សេងទៀត ដូចជាការរកឃើញស្លាកស្នាមវត្ថុធាតុ argon-40 ការបង្កើតផែនដីរ៉ែនៅលើតំបន់មួយចំនួននៃឋានព្រះចន្ទ និងតាមដានសកម្មភាពរបស់ព្រះអាទិត្យដោយប្រយោលផងដែរ។
កាលពីខែមករាឆ្នាំ2020នេះ ឥណ្ឌាក៏ធ្លាប់បានអះអាងថា នឹងបាញ់បង្ហោះយានអវកាស Chandrayaan-3 ឡើងទៅកាន់ទីអវកាស ប៉ុន្តែមិនទាន់បានកំណត់ពេលវេលាជាក់លាក់នៅឡើយ។ គួររំឭកថា Chandrayaan-1 ដែលជាយានអវកាសព្រះចន្ទដំបូងរបស់ឥណ្ឌា ត្រូវបានបាញ់បង្ហោះកាលពីខែតុលា2008 និងបានផ្អាកដំណើរការកាលពីខែសីហាឆ្នាំ2019៕
ប្រភព៖ Space