ខណៈដែលភាពយន្ដដ៏ល្បីមានចំណងជើងថា «ពោះធំ The Movie» បានដាក់បញ្ចាំងតាំងពីថ្ងៃទី20 ខែសីហា ឆ្នាំ2020 កន្លងមកនេះ មហាជនជាច្រើនដែលបានទស្សនាហើយ បានពោលសរសើរពីគុណភាពភាពយន្ដខ្មែរ និងតម្លៃអប់រំខ្លាំង។ នៅក្នុងនោះដែរ ក៏មានតារាសិល្បៈខ្មែរជាច្រើនបានចូលរួមទស្សនាភាពយន្ដនេះដូចជា គឺកញ្ញា សឹម ស្រីនិច និងកញ្ញា អូនផ្កាយ ដែលអ្នកទាំងពីរសុទ្ធតែបានបង្ហាញអារម្មណ៍ក្ដុកក្ដួលចេញពីក្នុងចិត្ត។
តារាសម្តែង សឹម ស្រីនិច បានបង្ហោះវីដេអូយំហើមភ្នែក ក្រោយពេលចេញពីមើលរឿង«ពោះធំ The Movie» ជាមួយមិត្តភក្តិ ដោយស្រីស្អាតរូបនេះបាននិយាយទាំងទឹកមុខទើបនឹងយំរួចថា «ខ្ញុំទើបចេញពីមើលរឿងពោះធំ។ នេះជារឿងខ្មែរដំបូងហើយដែលធ្វើឱ្យខ្ញុំយំហូរទឹកភ្នែកតាំងពីដើមរឿងដល់ភាគបញ្ចប់។ អ្នកទាំងគ្នាមកមើលរឿងនេះអត់ខកបំណងទេ»។ កញ្ញាសឹម ស្រីនិច ក៏បានរៀបរាប់បន្ថែមថា កញ្ញាសូមឱ្យមេដៃសរសើរដល់តួសម្តែងទាំងអស់ ជាពិសេសតួឯកស្រី អាង សុជាតា ហៅឈូឈូ និងតួឯកប្រុស ស៊ីវសុវណ្ណារាជ្យ ដែលពូកែសម្តែងឈុតឆាកកម្សត់ខ្លាំង រួមទាំងអ្នកនិពន្ធ និងអ្នកដឹកនាំរឿងដែលធ្វើឱ្យកញ្ញាកម្សត់តាមសាច់រឿងរហូតយំហើមភ្នែកអស់បែបនេះ។
ចំណែកឯតារាស្រីរូបស្អាត អូនផ្កាយ ក៏បានបង្ហោះវីដេអូ ដែលទើបនឹងយំរួច ជាមួយនឹងពាក្យក្នុងចិត្ថា «ឥលូវខ្ញុំបានមើលរឿងពោះធំហើយៗ គឺយំតាំងពីពាក់កណ្តាលរឿងដល់បញ្ចប់រឿងក៏នៅយំអត់ទាន់បាត់ ។ ឃ្លាចុងក្រោយហ្នឹងគឺទប់អារម្មណ៍អត់ជាប់។ និយាយទៅខ្ញុំអត់មានពាក្យអីនិយាយទេ ព្រោះវាកម្សត់ខ្លាំងពេក»។
បន្ទាប់ពីឃើញតារាល្បីៗយំហើមភ្នែកបែបនេះពេលបានមើលរឿងពោះធំ The Movie រួចបែបនេះ កាន់តែធ្វើឱ្យអ្នកមិនទាន់បានទស្សនាចង់ដឹងកាន់តែច្បាស់ថារឿង«ពោះធំ The Movie» កម្សត់ដល់កម្រិតណា ទើបធ្វើឱ្យតារាៗទប់ទឹកភ្នែកមិនជាប់បែបនេះ។ កុំភ្លេចណា ខ្សែភាពយន្តរឿង«ពោះធំ The Movie» កំពុងចាក់បញ្ចាំងនៅគ្រប់រោងភាពយន្ត ដូចជា Legend Cinema, Major Cineplex និង Prime Cineplex៕