ការរៀបចំតុបតែងផ្ទះឱ្យគួរស្នាក់នៅ មានបច្ច័យជាច្រើនយ៉ាងរួមប្រកបចូលគ្នា ដោយបែងជាគោលការណ៍សំខាន់ៗត្រួសៗដូចខាងក្រោម…។
1 . សុវត្ថិភាព
ជ្រើសរើសប្រើគ្រឿងតុបតែងផ្ទះណាដែលគ្មានជ្រុងមុតស្រួច មិនងាយបាក់បែក មិនទើសទែងផ្លូវដើរ មិនដុសខាត់កម្រាលឥដ្ឋ ឬកាំជណ្តើររលោងជ្រុលពេករហូតអាចបណ្តាលឱ្យក្មេងៗដើររអឹល រួមទាំងការបំពាក់ឧបករណ៍គ្រឿងអគ្គិសនី និងខ្សែភ្លើងឱ្យស្ថិតក្នុងសភាពមានសុវត្ថិភាពផង។
2 . ត្រូវនឹងសុខលក្ខណៈ និងស្អាតបាត
រៀបចំឱ្យមានខ្យល់អាកាសបក់ចេញចូល និងមានពន្លឺភ្លឺគ្រប់គ្រាន់ រួមទាំងជូតសម្អាតគ្រឿងតុបតែងផ្ទះឱ្យបានស្អាតជាប់ជានិច្ចផង។
3 . ងាយស្រួលក្នុងការប្រើប្រាស់
ត្រូវគិតដល់ភាពងាយស្រួលក្នុងការរៀបចំធ្វើពិធីផ្សេងៗ រៀបចំឱ្យមានទីកន្លែងទំនេរ និងទុកដាក់របស់របរឱ្យត្រូវតាមកន្លែងដើម្បីងាយស្រួលចាប់យកមកប្រើប្រាស់។
4 . ភាពស្រួល សប្បាយ
រៀបចំផ្ទះឱ្យមានប្រដាប់ការពារភាពចាំងខ្លាំងរបស់ពន្លឺថ្ងៃ ដូចជា វាំងនន មានប្រឡោះបញ្ចេញកំដៅ និងឱ្យខ្យល់អាកាសចេញចូលបានងាយស្រួល អាចមើលឃើញទេសភាពខាងក្រៅផ្ទះដែលនឹងធ្វើឱ្យសប្បាយរីករាយចិត្តបានផង។
5 . មានរបៀបរៀបរយ និងស្រស់ស្អាត
របស់របរតុបតែងមានច្រើនជ្រុលពេក និងទុកដាក់គ្មានរបៀប នឹងធ្វើឱ្យភាពស្រស់ស្អាតថយចុះ ហើយជាពិសេសរឿងពណ៌ក៏មានភាពសំខាន់ក្នុងការតុបតែងផ្ទះដែរ ក្រៅពីនោះ គួរនាំយកផ្កាស្អាតៗ និងរូបភាពផ្សេងៗមកតុបតែងលម្អដើម្បីភាពស្រស់ស្អាតផង។
6 . សន្សំសំចៃ
ត្រូវនឹកដល់ការសន្សំសំចៃផង ទាំងពេលវេលា កម្លាំង និងលុយកាក់ រួមទាំងការមើលថែទាំសម្អាត តម្លៃវត្ថុ របស់របរដែលនឹងទិញយកមកតុបតែងផងតាមរយៈការច្នៃប្រឌិត ឬយករបស់ដែលមានស្រាប់មកជូតសម្អាត ដុសខាត់ លាបពណ៌ជាថ្មីឱ្យស្អាតមកដាក់តាំងលម្អឡើងវិញជាដើមផងដែរ៕