យោងតាមតារាងចំណាត់ថ្នាក់ Hurun Global Unicorn Index ក្នុងឆ្នាំនេះ ប្រទេសចិនមានក្រុមហ៊ុនថ្មីរហូតដល់6 នៅក្នុងចំណោមក្រុមហ៊ុន “Startup” នៅទូទាំងពិភពលោកដែលមានតម្លៃពាក់លានដុល្លារអាមេរិក។ ក្រុមហ៊ុនទាំងនេះត្រូវបានគេហៅថា “unicorn startup” សំដៅលើបណ្ដាក្រុមហ៊ុនថ្មីដែលមានទុនលើសពី1ពាន់លានដុល្លារអាមេរិក។
ពិនិត្យទៅលើតារាងចំណាត់ថ្នាក់នេះ គេអាចដឹងបានថា បើទោះជាមានCOVID-19 និងបញ្ហាទាក់ទិននឹងភូមិសាស្ត្រនយោបាយច្រើនយ៉ាងណាក៏ដោយ ក៏មិនអាចរារាំងបណ្ដាក្រុមហ៊ុនចិនក្នុងការបង្ហាញវត្តមាននោះដែរ។ ទ្រព្យសម្បត្តិរបស់ក្រុមមហាសេដ្ឋីនៅប្រទេសចិន នៅតែកើនឡើងខ្ពស់ដដែល។
Ant Group ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិញ្ញវត្ថុរបស់ក្រុមហ៊ុនមេ Alibaba នៃប្រទេសចិន កំពុងនាំមុខគេនៅក្នុងចំណោម “unicorn startup” នៅទូទាំងពិភពលោក ដោយមានតម្លៃដែលត្រូវបានកំណត់ត្រឹម150ពាន់លានដុល្លារអាមេរិក។ បន្ទាប់មកទៀតគឺបណ្ដាញសង្គម TikTok ដែលកំពុងមានបញ្ហាជាមួយរដ្ឋាភិបាលអាមេរិកាំង របស់ក្រុមហ៊ុន ByteDance ជាមួយនឹងតម្លៃខ្លួន 80ពាន់លានដុល្លារ។ ចំណែក Didichuxing ដែលជាកម្មវិធីហៅតាក់ស៊ីដ៏ល្បីឈ្មោះនៅប្រទេសចិន ក៏មានតម្លៃសរុប50ពាន់លានដុល្លារផងដែរ។ ក្រៅពីនេះ ចិនក៏នៅមានក្រុមហ៊ុនថ្មីចំនួន3ទៀតដែលត្រូវបានកំណត់តម្លៃចាប់ពី27ដល់38ពាន់លានដុល្លារអាមេរិកសម្រាប់ក្រុមហ៊ុននីមួយៗ នោះគឺក្រុមហ៊ុន Lufax (ឈរលំដាប់ទី4) ក្រុមហ៊ុន Kuaishou (លំដាប់ទី8) និង Cainiao (ឈរលំដាប់ទី9)។
នៅទូទាំងពិភពលោកនាឆ្នាំ2020នេះ មានក្រុមហ៊ុនថ្មីចំនួន586ដែលត្រូវបានកំណត់តម្លៃចាប់ពី1ពាន់លានដុល្លារឡើងទៅ ហើយតួលេខនេះបានកើន82ក្រុមហ៊ុន បើធៀបនឹងឆ្នាំ2019។ សហរដ្ឋអាមេរិកនាំមុខគេ ដោយមាន233ក្រុមហ៊ុន។ ឈរលំដាប់ទី2 គឺប្រទេសចិន ជាមួយនឹងក្រុមហ៊ុនថ្មីចំនួន227ក្រុមហ៊ុន។
យោងតាមតារាងចំណាត់ថ្នាក់ សហរដ្ឋអាមេរិក និងប្រទេសចិន កាន់កាប់រហូតដល់80% ក្នុងចំណោមក្រុមហ៊ុនថ្មីដែលមានតម្លៃចាប់ពី1ពាន់លានដុល្លារឡើងទៅនៅទូទាំងពិភពលោក។ អ្នកនាំមុខគេក្នុងចំណោមកំពូលក្រុមហ៊ុនថ្មី (super unicorns) គឺជាបណ្ដាក្រុមហ៊ុនចិន ដែលគាំទ្រដោយបណ្ដាក្រុមហ៊ុន “យក្ស” ផ្នែកបច្ចេកវិទ្យា និងអាជីវកម្មអេឡិចត្រូនិច (e-Commerce) ដែលកំពុងរកស៊ីយ៉ាងកាក់កបក្នុងសម័យCOVID-19នេះ៕
ប្រភព៖ សារព័ត៌មានបរទេស