នារីៗគ្រប់រូបសុទ្ធតែមានក្តីស្រមៃក្នុងការមានក្រុមគ្រួសារដែលល្អ មានកូន និងដែលសំខាន់បំផុតនោះគឺ “ស្វាមីដែលល្អ ឬឪពុករបស់កូនដែលល្អ”។ ការបានជួបគូស្នេហ៍ដែលល្អ អាចមិនមែនជារឿងពិបាកនោះទេ តែការបានជួបនឹងស្វាមីដែលល្អនោះ មិនមែនជារឿងងាយឡើយ ឡារ៉ែនជឿថា នារីៗយើងច្បាស់ជាមានសេចក្តីសង្ឃឹមទាំងអស់ដូចខាងក្រោមនេះនៅក្នុងខ្លួនអនាគតស្វាមី ឬមេគ្រួសារមិនខាន តើមានអ្វីខ្លះនោះ សូមអានជាបន្តទៀតប្រសើរជាងថា តើអនាគតស្វាមីដ៏ល្អ ដែលនារីៗយើងនឹកសង្ឃឹមចង់បាននោះត្រូវតែជាមនុស្សបែបណា?។
1 – គេត្រូវតែមានចំណែករួមជាមួយកូន : យើងសង្ឃឹមថា បុរសម្នាក់នោះនឹងលេងជាមួយកូន យកចិត្តទុកដាក់លើកិច្ចការងារផ្សេងៗរបស់កូន ដូចជា លេងបាល់ លេងឧបករណ៍តន្រ្តីផ្សេងៗ ឬអ្វីក៏ដោយ គេត្រូវតែមិនព្រងើយកន្តើយឬបណ្តោយកូន និងផ្តល់នូវភាពសំខាន់ចំពោះអ្វីដែលកូនចូលចិត្ត។
2 – គេត្រូវតែធ្វើជាគំរូដ៏ល្អសម្រាប់គ្រួសារ និងកូនៗ : កូនរបស់យើងនឹងមានគំរូដែលល្អ ហើយសម្រាប់មេគ្រួសារវិញនោះ ការធ្វើជាគំរូដ៏ល្អពិតជាសំខាន់ចំពោះកូនខ្លាំងណាស់។
3 – គេត្រូវតែមិនធ្វើអ្វីលាក់កំបាំង : យើងមិនចង់ឱ្យកើតហេតុការដែលពេលកូនមកសុំការអនុញ្ញាតយើងហើយ យើងឆ្លើយថា ទេ តែកូនបែរជានិយាយថា “ទៅសុំប៉ាល្អជាង ប៉ាអាចនឹងឱ្យ” នោះកើតឡើងឡើយ យើងសង្ឃឹមថា យើងពីរនាក់ត្រូវតែប្រកាន់ខ្ជាប់ និងមានភាពនឹងនរគ្រប់គ្រាន់។
4 – គេត្រូវតែបំពេញតួនាទីរបស់គេបានល្អ : យើងមិននឹកសង្ឃឹមថាអ្វីៗគ្រប់យ៉ាងត្រូវតែជាតួនាទីរបស់យើង ដូចជា ប្តូរក្រណាត់កន្ទបកូន ងូតទឹកឱ្យកូន ឬភ្ញាក់ឡើងពេលយប់ជ្រៅដើម្បីលួងលោមកូនឱ្យបាត់យំនៅពេលយប់តែម្នាក់ឯង យើងនឹកសង្ឃឹមថា គេត្រូវតែជួយយើងបាន បើមិនច្រើនក៏តិចដែរ។
5 – យើងសង្ឃឹមថា គេនឹងមិនទម្រើសកូន : ក្នុងខណៈដែលយើងក្លាយជានាងយក្ខិណីក្នុងកែវភ្នែកកូន ហើយគេប្រែក្លាយជាលោកឪពុកចិត្តល្អដែលឱ្យអ្វីគ្រប់យ៉ាងដល់កូននោះ យើងនឹកសង្ឃឹមថា គេគួរតែជាឪពុកដែលកាចនៅពេលដែលត្រូវកាច និងស្លូតនៅពេលដែលគួរស្លូត។
6 – យើងសង្ឃឹមឱ្យគេបើកចិត្តទូលាយ : បញ្ហាក្នុងក្រុមគ្រួសារ យើងសង្ឃឹមថា យើងពីរនាក់ត្រូវតែជួយគ្នា ហើយគេត្រូវតែហ៊ានសម្តែងគំនិតយោបល់ ហ៊ានសម្រេចចិត្ត និងអាចកែបញ្ហាចំពោះមុខបាន។
7 – យើងសង្ឃឹមឱ្យគេស៊ូទ្រាំ : កូន គឺ កែវភ្នែក និងបេះដូងរបស់យើងទាំងពីរនាក់ ហើយយើងក៏សង្ឃឹមថា គេនឹងស៊ូទ្រាំជាមួយអាការងង៉ក់ ឌឺរឹង រពឹស និងអ្វីផ្សេងៗទៀតរបស់កូន និងរឿងដែលយើងត្រូវចាំទប់ទល់ជានិច្ចនោះបានមិនខាន។
8 – យើងសង្ឃឹមថា គេនឹងមិនឈ្លោះជាមួយយើងនៅមុខកូន : អ្វីដែលយើងនឹកសង្ឃឹមនោះគឺ យើងនឹងមិនមួម៉ៅដាក់កូនជាដាច់ខាត រឹតតែការឈ្លោះនៅនឹងមុខកូនផងនោះ រឹតតែជារឿងមួយដែលត្រូវហាមឃាត់ជាដាច់ខាត ព្រោះគ្មានហេតុផលណាមួយដែលក្មេងម្នាក់ត្រូវមកចាំទទួលរងអារម្មណ៍ក្រេវក្រោធ ធុញថប់ មួម៉ៅរបស់ឪពុកម្តាយនោះទេ។
9 – យើងសង្ឃឹមថា គេនឹងមិនធ្វើឱ្យកូនត្រូវជ្រើសរើសថា តើត្រូវទៅនៅជាមួយប៉ា ឬម៉ាក់ នោះទេ : សម្រាប់ឪពុកម្តាយ យើងគឺមនុស្សតែមួយ។ ការចែកបក្ស ចែកពួកនៅក្នុងផ្ទះ ឬការបែកបាក់ លែងលះគ្នា នឹងធ្វើឱ្យកូនមានបញ្ហាផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ។
10 – យើងសង្ឃឹមថា គេនឹងផ្តល់កម្លាំងចិត្តដល់កូន : យើងនឹកសង្ឃឹមថា គេនឹងផ្តល់កម្លាំងចិត្តដល់កូនដោយឈរលើមូលដ្ឋានរបស់ពាក្យថា “ពេញចិត្តបំផុត” មិនមែន “ឥតខ្ចោះបំផុត” នោះទេ៕