ធាតុអាកាសក្តៅហប់បែបនេះ គ្រាន់តែមើលឃើញកំដៅថ្ងៃតាមមាត់បង្អួច មនុស្សជាច្រើនខ្លាចលែងចង់ចេញទៅណាបាត់ទៅហើយ តែ ចុះបើនៅក្នុងផ្ទះក៏ក្តៅហប់ ស្អុះស្អាប់ដូចគ្នានឹងខាងក្រៅដែរនោះ តើមានវិធីណាជួយធ្វើឱ្យផ្ទះត្រជាក់ស្រួលគួរឱ្យចង់នៅដែរឬទេ? កុំអាលបារម្ភអី ខាងក្រោមនេះគឺជាវិធី 6 យ៉ាងក្នុងការធ្វើឱ្យផ្ទះត្រជាក់ស្រួល តើមានអ្វីខ្លះនោះយើងនាំគ្នាតាមដានដូចតទៅ ។
1 . បំពាក់រនាំងបាំងកំដៅនៅពីលើមាត់បង្អួច ឬកន្លែងដែលមានថ្ងៃចាំងចូល ឬក៏ដាំដើមឈើណាដែលឆាប់ធំដើម្បីបាំងកំដៅថ្ងៃ និងដើម្បីឱ្យមានម្លប់ផង។
2 . បំពាក់វត្ថុការពារកំដៅ ដើម្បីរក្សាសីតុណ្ហភាពឱ្យនៅតែត្រជាក់ស្រួលជានិច្ច និងថែមទាំងជួយខ្ទប់សម្លេងទាំងខាងក្នុង និងខាងក្រៅ បង្កើនភាពស្ងប់ស្ងាត់បាត់សម្លេងរំខានទៀតផង។
3 . បន្ថែមប្រឡោះឱ្យខ្យល់ចេញចូលបានស្រួល ផ្ទះនឹងមានខ្យល់បក់ចេញចូល ធ្វើឱ្យសីតុណ្ហភាពកាន់តែត្រជាក់ឡើង ដោយការបើកបង្អួចជាន់ខាងក្រោម និងជាន់ខាងលើនៅក្នុងទិសផ្ទុយគ្នា។
4 . បំពាក់កង្ហារបឺតកំដៅចេញ ដែលវានឹងបឺតយកភាពក្តៅហប់ចេញពីក្នងផ្ទះបានកាន់តែលឿនឡើង ថែមទាំងងាយស្រួលបំពាក់ និងតម្លៃមិនថ្លៃទៀតផង។
5 . ប្តូរមកប្រើអំពូលភ្លើង LED ក៏អាចកាត់បន្ថយកំដៅនៅក្នុងផ្ទះបានច្រើនដែរ និងថែមទាំងស៊ីភ្លើ់ងតិចទៀតផង។
6 . ធ្វើម្ហូបអាហារដោយចង្រ្កាន ម៉ៃក្រូវេហ្វ នៅក្នុងថ្ងៃណាដែលធាតុក្តៅស្អុះស្អាប់ខ្លាំង ដោយផ្អាកការប្រើប្រាស់ចង្រ្កានហ្កាសមួយរយៈ ព្រោះចង្រ្កានម៉ៃក្រូវេហ្វបញ្ចេញកំដៅតិចជាងចង្រ្កានហ្កាស និងចង្រ្កានខ្សែភ្លើងច្រើនណាស់។
នៅមានគន្លឹះល្អៗមួយទៀតគឺ ព្យាយាមកុំប្រើប្រាស់គ្រឿងអគ្គិសនីតំណាលគ្នាច្រើនគ្រឿង និងគួរអ៊ុតខោអាវនៅពេលយប់ ឬពេលព្រលឹមវិញប្រសើរជាង៕