ឯកសារអត្តសញ្ញាណ ឬអត្រានុកូលដ្ឋាន ជាឯកសារយ៉ាងសំខាន់ដែលប្រជាពលរដ្ឋគ្រប់រូបត្រូវការ ហេតុនេះហើយទើបប្រជាជនគ្រប់រូបតែងតែព្យាយាមគ្រប់លទ្ធភាពដើម្បីបំពេញលក្ខខណ្ឌទាំងអស់នោះឱ្យបានត្រឹមត្រូវ។
នៅពេលថ្មីៗនេះ ក្រសួងមហាផ្ទៃបានសម្រេចថានឹងបង្កើតច្រកចេញ-ចូលតែមួយ ក្នុងការផ្តល់សេវាអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋចំនួន 10សង្កាត់ក្នុងរាជធានីភ្នំពេញ ដោយគម្រោងនេះជាគម្រោងសាកល្បង។ ប្រសិនបើការងារនេះទទួលបានជោគជ័យ និងទទួលបានការគាំទ្រច្រើនពីប្រជាពលរដ្ឋ ក្រសួងមហាផ្ទៃនឹងពង្រីកសេវាកម្មនេះឱ្យបានទូទាំងប្រទេសតែម្តង។
នាយឧត្តមេសនីយ៍ កង សុខន អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការផ្តល់សេវាផ្នែកអត្តសញ្ញាណកម្មនៅថ្នាក់សង្កាត់ចំនួន 10នៅរាជធានីភ្នំពេញនេះ នឹងចាប់ផ្តើមនៅថ្ងៃទី 13 ខែសីហា ឆ្នាំ2020នេះតទៅ។
មុននឹងអនុវត្តគម្រោងនេះ ក្រសួងមហាផ្ទៃបានធ្វើកិច្ចការនេះសាកល្បងរួចរាល់ផងដែរនៅក្នុងខេត្តកែប និងខេត្តកំពត ដោយបច្ចុប្បន្ននេះយើងបានពង្រីកចូលមកក្នុងក្រុងភ្នំពេញម្តង។ លោកថាការធ្វើបែបនេះ គឺដើម្បីបង្ខិតសេវារដ្ឋបាលឱ្យនៅជិតប្រជាជន៕