ក្លិប Barcelona បានយល់ព្រមលើតម្លៃខ្លួន108.8លានផោន (ស្មើនឹង141លានដុល្លារអាមេរិក) ជាមួយនឹងក្លិបហង្សក្រហម Liverpool ដើម្បីចុះហត្ថលេខាជាមួយនឹងខ្សែបម្រើដ៏មានឥទ្ធិពល Philippe Coutinho។ នេះបើយោងតាមប្រភពដ៏គួរឲ្យជឿជាក់ជាច្រើននៅក្នុងប្រទេសអេស្ប៉ាញ។
ក្លិបយក្សរបស់ក្របខ័ណ្ឌ La Liga មួយនេះបានតាមប្រមាញ់ទិញ Coutinho តាំងពីខែមុនមកម្ល៉េះ ហើយបច្ចុប្បន្ន ពួកគេជឿជាក់ថា ពួកគេបានឈានដល់ការព្រមព្រៀងគ្នាមួយជាមួយនឹង Liverpool ហើយសម្រាប់តារាឆ្នើមរូបនេះ ដើម្បីធ្វើឲ្យរូបគេក្លាយជាកីឡាករមានតម្លៃខ្លួនខ្ពស់បំផុតលំដាប់ទី2ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់។ ទូរទស្សន៍ ESPN បានចេញផ្សាយថា គ្រូបង្វឹករបស់ Liverpool បានទទួលយកកញ្ចប់ថវិកានេះដែលនឹងធ្វើឲ្យ Coutinho ត្រូវចាកចេញពីកីឡដ្ឋាន Anfield ដើម្បីផ្ទេរទៅកាន់កីឡដ្ឋាន Nou Camp។ បណ្តាញសារព័ត៌មានដ៏គួរឲ្យជឿជាក់មួយនេះ បានបញ្ជាក់ថា ក្រុមមន្ត្រីមួយក្រុមរបស់ Barcelona បានធ្វើដំណើរទៅកាន់ទីក្រុង Liverpool កាលពីថ្ងៃចន្ទ ដើម្បីរៀបចំការពិភាក្សាផ្សេងៗ ជាមួយនឹងក្រុមគ្រូបង្វឹករបស់ Liverpool ក្រោយពីរងការច្រានចោលចំពោះការដាក់សំណើចំនួន2លើករបស់ខ្លួនសម្រាប់កីឡាកររូបនេះ។
វាត្រូវបានគេយល់ឃើញថា ខ្សែបម្រើប្រយុទ្ធអន្តរជាតិប្រេស៊ីល Coutinho បានប្រាប់ក្លិប Liverpool កាលពីថ្ងៃម្សិលមិញថា រូបគេនឹងពេញចិត្តក្នុងការផ្ទេរទៅកាន់អេស្ប៉ាញ ប្រសិនបើការផ្ទេរមួយនេះអាចត្រូវបានឈានដល់ការឯកភាពរវាងក្លិបទាំងពីរ។ ការសម្រេចចិត្តនេះ ហាក់បានបន្ទន់ឥរិយាបថរបស់ Liverpool ក្រោយពីបានបញ្ជាក់ថា តារាឆ្នើមរបស់ពួកគេមិនមែនសម្រាប់លក់ឡើយ»៕
ប្រភពពី៖ The Sun