បុរសសម្បុរ ស ជាកូនបារាំងសុទ្ធសាធ Bidaut Derek ត្រូវបានប្រជាជនខ្មែរ អ្នកស្នេហាវិស័យប្រដាល់ក្បាច់គុនខ្មែរជាច្រើនរូប ស្គាល់តាមរយៈការលើកស្ទួយកីឡាករគុនខ្មែរ និងល្បុកត្តោខ្មែរ ឱ្យមានដង្ហើមបន្ត ដោយលោកបានហ្វឹកហាត់ ចូលរួមប្រកួត និងបង្ហាញក្បាច់គុនខ្មែរទាំងនេះ ទៅកាន់ពិភពលោកតាមរយៈគ្រប់មធ្យោបាយ ហើយលោកក៏បានបើកក្លិបប្រដាល់មួយផងដែរ ដែលមានឈ្មោះថា «ប្រដាល់» កាលពីឆ្នាំ2018 កន្លងទៅ។
បើនិយាយអំពីខ្ទង់ចំណាយលើការបើកក្លិប និងសម្ភារ គឺប្រហែលជា កន្លះលានដុល្លារអាមេរិក ព្រោះមានសម្ភារស្ដង់ដា ហើយស្ថិតនៅក្នុងខណ្ឌទួលគោករាជធានីភ្នំពេញ។ ទំហំក្លិបនេះ គឺធំទូលាយ ដែលស្ថិតនៅលើផ្ទៃដីជាង 1,500ម៉ែត្រការ៉េ។ ក្នុងក្លិបមានសម្ភារទំនើប ដូចជាសង្វៀនថ្មី1 សម្រាប់ហ្វឹកហាត់ បាវសាក់ថ្មីៗចំនួន10 ហ្កង់(ស្រោមដៃប្រដាល់) ស៊ីបជន្លដៃ ស៊ីបជន្លជើង កង្ហារធំ2 នៅខាងលើ សម្ភារGym ដុំដែក រទេះរុញ កង់ឡាន មានកន្លែងរត់ទូលាយ មានភោជនីយដ្ឋាន ស្ទីម សូណា និងកន្លែងហ្វឹកហាត់យ៉ូហ្គាជាដើម។
មកទល់នឹងពេលនេះ មានរយៈពេល 10ឆ្នាំហើយ ដែលលោកបានមកនៅស្រុកខ្មែរ និងជួយជ្រោមជ្រែងវិស័យក្បាច់គុនបុរាណខ្មែរ ហើយពេលនេះលោកត្រូវបានរដ្ឋាភិបាលកម្ពុជា សម្រេចផ្តល់សញ្ជាតិខ្មែរឱ្យតាមការស្នើសុំ ដោយមានឈ្មោះខ្មែរថា «ចាន់ ឫទ្ធីស័ក្តិ»៕