ការអប់រំកុមារតូច ជាចំណុចយ៉ាងសំខាន់បំផុតក្នុងចំណោមដំណាក់កាលនានានៃការអប់រំ ព្រោះវ័យនេះជាវ័យដែលត្រូវការយកចិត្តទុកដាក់ខ្ពស់ និងជាវ័យចាប់ផ្តើមកំណត់ពីដំណើរជីវិតរបស់កុមារ។
ដោយមើលឃើញពីសារៈសំខាន់ខ្លាំងនៃការអប់រំកុមារតូច ក្រសួងអប់រំ យុវជន និងកីឡា បានយកចិត្តទុកដាក់ជំរុញការអប់រំកុមារតូចដោយការបង្កើតកម្មវីធីអប់រំថ្មីៗដើម្បីឱ្យមានប្រសិទ្ធភាពខ្ពស់។ ថ្មីៗនេះ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសម្ពោធអគារសិក្សា នៃសាលាមេត្តេយ្យសិក្សាធនធានបាត់ដំបង និងសម្ពោធបើកដំណើរការគម្រោងកសាងមូលដ្ឋានគ្រឹះនៃការអនុវត្តទ្រឹស្តី “រៀនតាមរយៈការលេង និងបរិស្ថាន” ដើម្បីជំរុញការអប់រំកុមារតូចឱ្យកាន់តែមានសមត្ថភាពខ្លាំង។
ឯកឧត្តម ហង់ ជួនណារ៉ុន បានលើកឡើងថា ទោះបីជាកម្ពុជាស្ថិតក្នុងវិបត្តិនៃជំងឺ Covid-19 ក៏ពិតមែន តែក្រសួងអប់រំនៅតែព្យាយាមគ្រប់លទ្ធភាពដើម្បីធ្វើការបណ្តុះបណ្តាលប្រកបដោយសុវត្ថិភាព។ ក្រសួងបានថតវីដេអូសម្រាប់បណ្តុះបណ្តាលកុមារកម្រិតមត្តេយ្យសិក្សា និងត្រូវការទាមទារឱ្យមានការចូលរួមអាណាព្យាបាលដើម្បីចូលរួមក្នុងការរៀនរបស់ពួកគេ។ ក្នុងកម្រិតនេះ ប្រសិនបើគ្មានអាណាព្យាបាលនោះទេ កុមារនឹងមិនអាចសិក្សាបានដោយខ្លួនឯងនោះទេ។
គម្រោងអប់រំយ៉ាងមានសារៈសំខាន់នេះ ត្រូវបានសហការអនុវត្តដោយគម្រោងអង្គការសន្តិស្ម័គ្រចិត្ត(SVA) គាំទ្រដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA)។ ការដាក់ឱ្យអនុវត្តគម្រោងនៃការកសាងមូលដ្ឋានគ្រឹះនៃការអនុវត្តទ្រឹស្ដី “រៀនតាមរយៈការលេង និងបរិស្ថាន” ផ្អែក លើ កម្មវិធីមត្តេយ្យសិក្សារដ្ឋ ត្រូវធ្វើឡើងក្នុងគោលដៅផ្ដោតសំខាន់លើផ្នែកសិក្សានៅកម្រិតមត្តេយ្យសិក្សា ដែលជាគន្លឹះដ៏សំខាន់សម្រាប់ការរីកលូតលាស់បញ្ញា ស្មារតី និងអារម្មណ៍របស់កុមារតូច ហើយតាមរយៈ:នៃការសិក្សាតាមទ្រឹស្ដីនេះកុមារនឹងទទួលបាននូវការរីកចម្រើនទាំងបំណិនទាក់ទងនឹងសតិបញ្ញា និងបំណិនដែលមិនទាក់ទងនឹងសតិបញ្ញា តាមរយៈការលេងយ៉ាងសកម្មជាមួយមិត្តភក្ដិ ដែលទាំងនេះជាមូលដ្ឋានគ្រឹះសម្រាប់ការរៀនបំណិនដ៏ទៃទៀត៕