នៅពេលឈឺធ្មេញ ពិតប្រាកដណាស់ច្បាស់ជាមានភាពវេទនាយ៉ាងខ្លាំង ព្រោះភាគច្រើននៅពេលដែលឈឺធ្មេញហើយ គឺនូវមានផលប៉ះពាល់ដល់ការឈឺពេញបរិវេណក្បាលថែមទៀត។ ដូច្នេះហើយទើបថ្ងៃនេះ ឡារ៉ែន បានពាំនាំនូវវិធីងាយ 5យ៉ាងក្នុងការបំបាត់អាការឈឺធ្មេញយ៉ាងមានប្រសិទ្ធភាពមកជូនមិត្តអ្នកអានទាំងអស់ ហើយធានាថាអាចជួយព្យាបាលអាការឈឺចាប់បានយ៉ាងប្រសើរ តើមានវិធីអ្វីខ្លះ? សូមអានទាំងអស់គ្នា។
1/ ចៀសវាងរបស់ដែលធ្វើឱ្យឈឺធ្មេញ
នៅពេលមានអាការឈឺធ្មេញ អ្នកគួរជៀសវាងទទួលទានរបស់មួយចំនួនដែលជាមូលហេតុ ឬជាអាហារដែលបណ្ដាលឱ្យមានអាការឈឺធ្មេញខ្លាំងឡើង ឧទាហរណ៍ដូចជា អាហារ និងភេសជ្ជៈដែលក្ដៅខ្លាំង ត្រជាក់ខ្លាំង មានរសជាតិប្រៃខ្លាំង ផ្អែមខ្លាំង និងជូរខ្លាំងជាដើម។
2/ លេបថ្នាំបំបាត់ការឈឺចាប់
ថ្នាំបំបាត់ការឈឺចាប់ ជាថ្នាំដែលបន្ថយការឈឺចាប់បានយ៉ាងល្អប្រសើរ មិនថាតែឈឺក្បាល ឬឈឺធ្មេញនោះទេ ដោយជាដំបូងអ្នកគួរតែសាកល្បងលេបថ្នាំ Paracetamol 500 mg ជាមុនសិន។ ប្រសិនបើអាការឈឺធ្មេញខ្លាំងមែនទែន អ្នកគួរតែប្ដូរថ្នាំបំបាត់ការឈឺចាប់ណាដែលមានឥទ្ធិពលខ្លាំងបន្ដិច ឬអាចលេបថ្នាំសម្រាប់បំបាត់
អាការឈឺធ្មេញតែម្ដងក៏បានដែរ ក៏ប៉ុន្ដែត្រូវប្រយ័ត្នចំពោះការលេបថ្នាំឱ្យមែនទែន ព្រោះថ្នាំប្រភេទខ្លះអាចហុចផលប៉ះពាល់ដល់សុខភាពរបស់អ្នកបានដូចគ្នា។
3/ ស្អំទឹកកក
ការម៉ាស្សា ឬស្អំទឹកកក អាចជួយបន្ថយអាការឈឺធ្មេញបានយ៉ាងប្រសើរ ដោយយកក្រណាត់ស្អាតស្ដើង ជ្រលក់ជាមួយទឹកកកមកស្អំនៅត្រង់បរិវេណដែលឈឺចាប់ ដែលការធ្វើបែបនេះនឹងជួយបំបាត់អាការរលាកអញ្ចញធ្មេញបានយ៉ាងមានប្រសិទ្ធភាព និងហុចផលឱ្យអាការឈឺចាប់ថយចុះមួយកម្រិត។
4/ ចៀសវាងការប៉ះទង្កិចត្រង់បរិវេណធ្មេញឈឺ
ព្រោះវាកាន់តែមានអាការឈឺចាប់ខ្លាំងនៅពេលដែលមានវត្ថុអ្វីមួយមកប៉ះទង្កិចជាមួយធ្មេញដែលកំពុងឈឺ ឬប្រើអណ្ដាតទៅប៉ះ ក៏មានភាពឈឺចាប់ទ្វេឡើងដែរ ទាំងនេះហើយទើបអ្នកគួរតែធ្វើយ៉ាងណាកុំឱ្យមានវត្ថុអ្វីមកប៉ះទង្គិចជាមួយធ្មេញដែលកំពុងឈឺ។
5/ យកកាកអាហារដែលជាប់នឹងប្រហោងធ្មេញ
ចេញហេតុផលដែលបង្កឱ្យកើតមានការឈឺធ្មេញ ក៏ដោយសារតែមានកាកសំណល់អាហារមួយចំនួនជាប់នឹងធ្មេញដែរ ដូច្នេះអ្នកគួរតែធ្វើការសម្អាតធ្មេញ និងព្យាយាមយកកាកអាហារដែលនៅជាប់នឹងធ្មេញរបស់អ្នកចេញឱ្យអស់ ដោយប្រើថ្នាំដុសធ្មេញដុសសម្អាតធ្មេញ ឬឆ្កឹះកាកអាហារចេញមកដោយប្រើអំបោសក៏បាន ប៉ុន្ដែអ្នកមិនត្រូវប្រើឈើចាក់ធ្មេញ ដើម្បីឆ្កឹះកាកអាហារចេញនោះទេ ព្រោះវាមានគ្រោះថ្នាក់ដល់អញ្ចញធ្មេញ និងអាចឆ្លងមេរោគបានថែមទៀតផង៕