មនុស្សម្នាក់ៗ អាចធ្វើការងារទៅល្អបាន លុះត្រាតែពួកគេធ្វើការងារដោយក្តីពេញចិត្ត និងមានភាពរីករាយចំពោះការងារទាំងអស់នោះ។ កត្តាសំខាន់ដែលធ្វើឱ្យមានភាពពេញចិត្ត និងរីករាយក្នុងការធ្វើការងារនានាគឺចំណង់។
លោក គីម ដារ៉ា ស្ថាបនិកស្ថាប័នអប់រំ Start Up Community បានលើកឡើងថា គន្លឹះសំខាន់ក្នុងការជោគជ័យលើកិច្ចការណាមួយគឺចំណង់ដ៏ខ្លាំង។ ដើម្បីអាចចាប់ផ្ដើមអ្វីមួយ លុះត្រាតែអ្នកមានចំណង់ខ្លាំងក្នុងការសម្រេចវាឱ្យជោគជ័យ បើចំណង់មិនពិតប្រាកដអ្នកនឹងបោះបង់មុនចាប់ផ្ដើមទៅទៀតឬបោះបង់នៅពេលចាប់ផ្ដើមបានបន្តិច។
អ្នកមិនអាចជោគជ័យក្នុងកិច្ចការច្រើនក្នុងពេលតែមួយនោះទេ ព្រោះអ្នកមិនអាចរក្សាចំណង់ជោគជ័យឱ្យនៅខ្លាំងក្នុងកិច្ចការច្រើនព្រមគ្នានោះទេ ហេតុនេះ ចង់សម្រេចការងារណា ដាក់ចិត្តឱ្យខ្លាំងលើកិច្ចការនោះដោយប្រមូលចំណង់របស់អ្នកទាំងអស់ដាក់លើកិច្ចការនោះ។
នៅពេលដែលអ្នកមានអារម្មណ៍ចង់បោះបង់ មានន័យថាចំណង់ជោគជ័យរបស់អ្នកកំពុងផុយស្រួយហើយ ហេតុនេះត្រូវពង្រឹងចំណង់ឡើងវិញ។
នៅពេលដែលអ្នកមិនអាចចាប់ផ្ដើមការងារណាមួយតាមផែនការ នេះបង្ហាញថាចំណង់របស់អ្នកក្នុងការងារនោះមិនទាន់ខ្លាំងគ្រប់គ្រាន់នោះឡើយ ហេតុនេះត្រូវពង្រឹងចំណង់ឱ្យខ្លាំងជាងនេះទៀត។
ត្រូវចាំថា លេសនឹងកើតឡើងនៅពេលចំណង់របស់អ្នកចុះខ្សោយ៕