ខណៈដែលផ្សារទំនើបរបស់ជប៉ុន អ៊ីអន (Aeon) ទី2 និងផ្សារម៉ាក្រូរបស់ថៃ (Makro Cambodia) គ្រោងនឹងបើកដំណើរការអាជីវកម្មរបស់ខ្លួនក្នុងពេលឆាប់ៗខាងមុខនេះ គេសង្កេតឃើញមានគម្រោងអភិវឌ្ឍន៍លំនៅឋានជាច្រើនបានលេចឡើងជាបន្តបន្ទាប់នៅក្នុងតំបន់ក្បែរៗនោះ។
លោក ឈន់ សកល ប្រធានគ្រប់គ្រងទូទៅនៃគម្រោងលំនៅឋានបុរី ថៃ ឈុនគ្រី បានឱ្យដឹងថា ដោយសារការលក់លំនៅឋានក្នុងគម្រោងទី6 របស់ក្រុមហ៊ុនមានសន្ទុះលឿនលើសពីការគ្រោងទុករហូតដល់ជាង70% ទើបក្រុមហ៊ុនសម្រេចបើកលក់គម្រោងទី7 របស់ខ្លួនជាបន្តទៀត ដែលគម្រោងនេះមានទីតាំងស្ថិតនៅជិតផ្សារទំនើប Aeon 2 និងផ្សារ Makro តែម្តង។
បើតាមលោក សកល គ្រប់លំនៅឋានទាំងអស់របស់ក្រុមហ៊ុន គឺសុទ្ធតែត្រូវបានសិក្សាយ៉ាងលម្អិតទាំងផ្នែកគុណភាព សោភណភាព និងតម្លៃសមស្របតាមទំហំបច្ចេកទេស។ ហេតុនេះទើបមានអតិថិជនទិញច្រើនលើសពីការគ្រោងទុក ដែលតម្រូវឱ្យក្រុមហ៊ុនបញ្ចេញគម្រោង ឌី អូលេន ស៊ីធី ដំណាក់កាលទី2នេះ មុនការគ្រោងទុក។
ប្រធានគ្រប់គ្រងទូទៅនៃគម្រោង ខាងលើបាននិយាយថា៖“សម្រាប់គម្រោងដំណាក់កាលទី2 នេះក្រុមហ៊ុនបានបញ្ចេញផ្ទះលក់សរុបចំនួន 52ខ្នង ក្នុងទុនវិនិយោគចំនួន6លានដុល្លារ។ គម្រោងថ្មីនេះមានផ្ទះចំនួន2ប្រភេទ គឺ ស្សបហៅ និងមីនីវីឡាដែលមានទំហំធំទូលាយ និងមានតម្លៃចាប់ពីជាង 9ម៉ឺនដុល្លារឡើងទៅ”។
អ្នកស្រី អ៊ឹង ឆេងគីម ដែលជាអតិថិជនម្នាក់របស់បុរី ថៃ ឈុនគ្រី បាននិយាយថា៖ “ខ្ញុំមកទិញផ្ទះមួយក្នុងគម្រោងនេះដើម្បីទុកលក់យកប្រាក់ចំណេញ ព្រោះសម្រាប់អតិថិជនដែលមកទិញមុននឹងទទួលបានការបញ្ចុះតម្លៃពិសេស”។ អ្នកស្រី បានប្រាប់ទៀតថា អ្វីដែលធ្វើឱ្យអ្នកស្រីសម្រេចចិត្តទិញផ្ទះនៅទីនោះ ព្រោះវាជាទីតាំងល្អ បើទោះជានៅជាយក្រុងបន្តិចក្តី ប៉ុន្តែទីនោះមានបរិស្ថានខ្យល់អាកាសល្អ ពិសេសមានផ្សារទំនើបធំៗចំនួន2 កំពុងតែសាងសង់ត្រៀមបើកដំណើរការ។
លោក ទ្រី ម៉េងអាន អនុប្រធានគម្រោងបុរីវិមានភ្នំពេញ បានទទួលស្គាល់ថា គម្រោងដីធ្លី វីឡាផ្ទះល្វែង នៅតំបន់ក្បែរផ្សារទំនើបអ៊ីអន ទី2 ពិតជាមានការកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់ ដោយគម្រោងផ្ទះវីឡារបស់បុរីវិមានភ្នំពេញ ដែលស្ថិតនៅខាងជើងផ្សារអ៊ីអនទី2 ប្រមាណជាង1គីឡូម៉ែត្រ គ្រាន់តែប្រកាសលក់មិនទាន់បានមួយឆ្នាំផង ត្រូវអតិថិជនទិញស្ទើអស់ដោយនៅសល់ប្រមាណ2% ប៉ុណ្ណោះ។ អ្វីដែលធ្វើឱ្យអតិថិជនគាំទ្រគម្រោងរបស់លោកខ្លាំង គឺដោយសារទី1 ជាតំបន់ប្រជុំជនថ្មីនៅជិតគម្រោងផ្សារទំនើបៗ មានបរិយាកាសល្អ ចំណែកគុណភាពសំណង់ និងសេវាកម្មសន្តិសុខក៏ល្អផងដែរ។
ក្រុមអ្នកជំនាញផ្នែកអចលនទ្រព្យសុទ្ធតែបានអះអាងថា បច្ចុប្បន្ននេះសកម្មភាពនៃការសាងសង់លំនៅឋាន ខុនដូ និងអគារពាណិជ្ជកម្មពិតជាកំពុងកើតមានច្រើនមែនក្នុងតំបន់នោះ តែទោះបីយ៉ាងណាពួកគេបញ្ជាក់ថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវថ្នល់ និងប្រព័ន្ធលូបង្ហូរទឹកហាក់មានភាពតូចចង្អៀតនៅឡើយ៕