
សហព័ន្ធកីឡាបាល់ទាត់របស់ប្រទេសបង់ក្លាដែស បានធ្វើការប្រមូលផ្តុំក្រុមកីឡាករជម្រើសជាតិរបស់ខ្លួនរួចហើយ កាលពីថ្ងៃទី7 ខែសីហា កន្លងទៅ ដោយបានធ្វើការត្រួតពិនិត្យសុខភាពកីឡាករ ដែលត្រូវបានកោះហៅ ហើយជាលទ្ធផល មានកីឡាករ 18នាក់ និងមន្ត្រីមើលការខុសត្រូវម្នាក់ មានផ្ទុកមេរោគកូវីដ-19។
ជាក់ស្តែងការពិនិត្យសុខភាពលើកដំបូងកាលពីថ្ងៃទី5 ខែសីហា ត្រូវបានរកឃើញថា កីឡាករចំនួន 11នាក់ មានផ្ទុកមេរោគកូវីដ-19 ខណៈដែលថ្ងៃទី7 ខែសីហា បានរកឃើញចំនួន 8នាក់ទៀត ក្នុងនោះម្នាក់ជាមន្ត្រីដឹកនាំក្រុម។ ចំពោះអ្នកដែលផ្ទុកមេរោគកូវីដ-19 ទាំង 19រូបនេះ កំពុងតែត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក ហើយនឹងធ្វើតេស្តម្តងទៀតនាពេលល្ងាចថ្ងៃនេះ រួចហើយនឹងបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យជាបន្តទៀត។
ទោះបីជាបែបនេះក្ដី សហព័ន្ធកីឡាបាល់ទាត់បង់ក្លាដែស បានសង្កត់ធ្ងន់លើសកម្មភាពហ្វឹកហាត់របស់ក្រុមជម្រើសជាតិរបស់ខ្លួន ដោយនឹងត្រូវអនុវត្តតាមការគ្រោងទុក សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ2022 ដោយប្រទេសបង់ក្លាដែស គ្រោងនឹងបន្តធ្វើយុទ្ធនាការប្រកួតក្នុងពូល E របស់ខ្លួននៅខែតុលា។ ក្រុមរបស់លោក Jamie Day នឹងត្រូវជួបក្រុមអាហ្វហ្គានីស្ថាន នៅថ្ងៃទី8 ខែតុលា បន្ទាប់មកជួប កាតា (13តុលា) ឥណ្ឌា (12វិច្ឆិកា) និងចុងក្រោយអូម៉ង់ (17វិច្ឆិកា)៕




