ក្រសួងរ៉ែ និងថាមពល បានចាប់ដៃគូជាមួយក្រុមហ៊ុនប្រេងកាតជាតិរបស់ប្រទេសថៃ PTT ក្នុងកិច្ចខិតខំដើម្បីឈានទៅរកការធ្វើអាជីវកម្មរ៉ែប្រេងកាត និងឧស្ម័នក្នុងដែនសមុទ្រកម្ពុជា។
ចំណងកិច្ចសហប្រតិបត្តិការថ្មីនេះត្រូវបានធ្វើឡើងតាមរយៈអនុស្សរណៈយោគយល់គ្នាមួយដែលបានចុះហត្ថលេខា កាលពីថ្ងៃទី01 ខែសីហា ឆ្នាំ2017 រវាងអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និងថាមពល ជាមួយក្រុមហ៊ុនប្រេងកាតជាតិរបស់ប្រទេសថៃ PTT នាឱកាសត ដែលគណៈប្រតិភូនៃក្រសួងរ៉ែ និងថាមពល របស់កម្ពុជាបានទៅចូលរួមក្នុងកិច្ចប្រជុំស្តីពីវិស័យរ៉ែក្នុងតំបន់អាស៊ាននៅប្រទេសថៃ។
អនុស្សរណៈយោគយល់គ្នានេះនឹងពង្រឹងការអភិវឌ្ឍ និងចំណេះដឹងរបស់ប្រទេសកម្ពុជាក្នុងវិស័យប្រេងកាត គឺចាប់តាំងពីការស្វែងរក ចម្រាញ់ សុវត្ថិភាពក្នុងការដឹកជញ្ជូន និងការលក់ដូរ។ នេះបើតាមមន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល។
អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល ឯកឧត្តម ជៀប សួរ បាននិយាយថា អនុស្សរណៈនេះបានធ្វើឡើងដោយអនុវត្តតាមខ្លឹមសារក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការរួមដែលបណ្តាប្រទេសជាសមាជិកអាស៊ានបានបង្កើតឡើងរួមគ្នានូវក្របខណ្ឌវិស័យថាមពលនិងមានគោលបំណងសំខាន់ក្នុងកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរបទពិសោធន៍ ការវិនិយោគ ការកសាងសមត្ថភាពបច្ចេកទេស ក្នុងវិស័យប្រេងកាត និងឧស្ម័ន ក្នុងតំបន់អាស៊ានទាំងមូល។
ឯកឧត្តម បានលើកឡើងថា នៅក្នុងក្របខណ្ឌនោះប្រទេសនីមួយៗតែងតែមានកិច្ចសហប្រតិបត្តិការទ្វេភាគីដោយឡែករៀងៗខ្លួនទៅតាមវិស័យ និងតាមតម្រូវការជាក់ស្តែង។ ក្រសួងមានមូលហេតុពីរសំខាន់សម្រាប់កសាងកិច្ចសហប្រតិបត្តិការជាមួយភាគីថៃ ពិសេសជាមួយក្រុមហ៊ុនជាតិថៃលើវិស័យប្រេងកាត។
ឯកឧត្តម ជៀប សួរ បញ្ជាក់ថា៖“មានមូលហេតុចម្បងពីរគឺ ទី1 ឧស្សាហកម្មប្រេងកាត និងឧស្ម័នរបស់ប្រទេសថៃគឺមានភាពចាស់ទុំជាយូរមកហើយពិសេសផ្នែកក្រោមដី (Downstream) និងទី2 ភាគីថៃមានចំណាប់អារម្មណ៍ចំពោះការដាក់ទុនវិនិយោគមកកម្ពុជាក្នុងវិស័យប្រេងកាត និងឧស្ម័ននេះដែរ”។
ឯកឧត្តម បានបន្ថែមថា៖“ការចុះអនុស្សារណៈនេះជាការបើកផ្លូវដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើផ្នែកបច្ចេកទេសរវាងភាគីទាំងពីរ ទាំងការផ្លាស់ប្តូរបទពិសោធន៍ ការកសាងសមត្ថភាព បច្ចេកទេសជំនាញ ពាក់ព័ន្ធការគ្រប់គ្រងវិស័យប្រេងកាត និងឧស្ម័នផ្នែកខាងក្រោម។ វាក៏ជាការបើកឱកាសឱ្យមានការវិនិយោគទាំងភាគីកម្ពុជា និងភាគីថៃទៅលើវិស័យប្រេងកាត និងឧស្ម័ននេះទាំងនៅកម្ពុជា និងនៅប្រទេសថៃផងដែរ។
លោក បិន មនីមាលា នាយករងទទួលបន្ទុកកិច្ចការសាជីវកម្មប្រចាំក្រុមហ៊ុន PTT (Cambodia) Limited បានបដិសេធក្នុងការផ្តល់សេចក្តីអត្ថាធិប្បាយណាមួយ ដោយបានបង្វែរសំណួរនានាទៅកាន់ថ្នាក់ដឹកនាំក្រសួងរ៉ែ និងថាមពល។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន PTT Plc ដែលជាក្រុមហ៊ុនប្រេង និងឧស្ម័នរដ្ឋរបស់ប្រទេសថៃ និងជាក្រុមហ៊ុនផ្គត់ផ្គង់ប្រេងនាំមុខមួយនៅកម្ពុជា បានពង្រីកអាជីវកម្មរបស់ខ្លួនយ៉ាងធំសម្បើមនៅកម្ពុជា ដោយពង្រីកការវិនិយោគ និងការផ្គត់ផ្គង់ប្រេងសាំង និងឧស្ម័ន តាមរយៈការបង្កើនស្ថានីយលក់ពីចំនួន20កន្លែងដល់65កន្លែង៕