ឪពុកម្តាយក្នុងសង្គមកម្ពុជាយើងមិនសូវជាមើលឃើញពីប្រយោជន៍នៃការបង្ហាត់កូន ឬឱ្យកូនរៀនចេះគូរូបគំនូរប៉ុន្មានឡើយ ដែលការពិតទៅការបង្ហាត់ ឬឱ្យកូនរៀនគូររូប ចេះផាត់ពណ៌ ឬឆ្លាក់រូបផ្សេងៗនោះមានប្រយោជន៍ចំពោះក្មេងខ្លាំងណាស់លើផ្នែកការគិតនឹកស្រមៃ អារម្មណ៍កម្សាន្ត និងការចេះសង្កេតមើលទៀតផង។ ថ្ងៃនេះ ឡារ៉ែនសូមលើកយកពីគុណប្រយោជន៍ល្អៗនៃការបង្ហាត់ និងការឱ្យកូនរៀនគូររូប មកជម្រាបជូនមិត្តអ្នកអានដែលជាអាណាព្យាបាល ឬឪពុកម្តាយដូចខាងក្រោម។
1 . ធ្វើឱ្យកូនក្លាយជាក្មេងហ៊ានគិត ហ៊ាននឹកស្រមៃ
វ័យកុមារជាវ័យដែលពេញហូរហៀរទៅដោយការគិតស្រមៃ។ ការចេះគូររូប និងផាត់ពណ៌នឹងជួយឱ្យកុមារបានហ្វឹកហាត់ការប្រើការគិតស្រមៃយ៉ាងឥស្សរៈ ដែលនឹងហុចផលធ្វើឱ្យកុមារក្លាយជាមនុស្សហ៊ានគិត ហ៊ានចាប់ផ្តើមនូវអ្វីថ្មីៗ ធ្វើឱ្យក្មេងបានសម្តែងចេញនូវអ្វីដែលគេបានគិត និងមានអារម្មណ៍ដឹង ជាពិសេសនៅលើក្មេងតូចនៅអាចទំនាក់ទំនងខាងតួអក្សរបានល្អ ដែលនឹងធ្វើឱ្យក្មេងស្រឡាញ់ការធ្វើការងារ និងមានក្តីមោទនភាពលើខ្លួនឯង។
2 . ជួយឱ្យចេះហ្វឹកហាត់សមាធិ(ចេះផ្ចង់អារម្មណ៍)
នៅពេលការច្នៃបង្កើតការងារគូររូបគំនូរនីមួយៗរបស់កុមារចប់អស់ហើយ កុមារនឹងមានអារម្មណ៍ដឹងពីក្តីមោទនភាពចំពោះស្នាដៃរបស់គេខ្លាំងណាស់ ធ្វើឱ្យគេមានអារម្មណ៍ក្លៀវក្លាស្វាហាប់ក្នុងការសាងស្នាដៃថ្មីជាបន្តទៀត ជួយហ្វឹកហាត់ភាពប្រណីត និងសមាធិ ព្រោះក្នុងខណៈដែលក្មេងព្យាយាមគ្រប់គ្រងដៃខ្លួនឯងឱ្យអាចគូររូប ផាត់ពណ៌ ឬច្នៃប្រឌិតវត្ថុអ្វីមួយបានសម្រេចនោះ ពិតជាត្រូវប្រើការតាំងចិត្ត និងសមាធិខ្លាំងណាស់។
3 . ធ្វើឱ្យកុមារមានផ្លូវចិត្តដែលល្អ និងស្រស់ស្រាយ
ការព្យាយាម និងការប្រើសមាធិដែលម៉ឺងម៉ាត់នឹងនរតាមភាពដឹងក្តីរបស់កុមារក្នុងវ័យនីមួយៗ ធ្វើឱ្យកុមារក្លាយជាមនុស្សមានភាពជាសិល្បៈ មានភាពលម្អិត និងទន់ភ្លន់ក្នុងផ្លូវចិត្ត ធ្វើឱ្យដឹងពីគុណតម្លៃនៃធម្មជាតិ សិល្បៈ វត្ថុសម្ភារ ឬរូបបែបនៃការគិតផ្សេងៗ ធ្វើឱ្យមានជីវិត និងផ្លូវចិត្តដែលល្អស្រស់ស្រាយ។ ជួយធ្វើឱ្យកុមារស្គាល់ពីការធ្វើការរួមគ្នា ចេះសម្របសម្រួលខ្លួន និងសម្រួលគំនិតឱ្យចូលគ្នា ទទួលស្គាល់គ្នាទៅវិញទៅមក ដែលជាគ្រឹះរបស់ការរស់នៅរួមគ្នាយ៉ាងមានសាមគ្គី និងមានប្រជាធិបតេយ្យក្នុងសង្គមទៀតផង៕