កាលពីសម័យមុន បើកូនស្រី ឬកូនប្រសារស្រីផ្ទះណាស្ងោរស៊ុតនៅក្នុងបាយដែលកំពុងដាំក្នុងឆ្នាំងតែមួយដំណាលគ្នានោះ ច្បាស់ជាត្រូវម្តាយជេរបញ្ចោយ៉ាប់យ៉ឺនមិនខាន ព្រោះចាស់ៗបុរាណមានជំនឿដែលដក់ជាប់នៅក្នុងខួរក្បាលតាំងពីយូរយារមកហើយពាក់ព័ន្ធនឹងរឿងមិនសមរម្យ ប្រផ្នូលមិនល្អ និងក្តីអាក្រក់ស៊យ ជាដើម ទើបនាំគ្នាមានទម្លាប់ប្រតិបត្តិផ្សេងៗដូចដែលធ្លាប់បានឃើញកន្លងមក។
ស៊យ ចង្រៃ វាសនាអាប់
ជាជំនឿរបស់អ្នកភូមិភាគឦសាន(សព្វថ្ងៃក៏នៅមានខ្លះៗដែរ)ដែលជឿថា បើកូនក្រមុំផ្ទះណាយកស៊ុតទៅស្ងោរក្នុងបាយដែលកំពុងដាំនោះ ចាស់បុរាណជឿថា នឹងធ្វើឱ្យទេពធិតានៃអាហាររត់គេចបាត់ ព្រោះទេពធិតានៃអាហារនឹងសណ្ថិតនៅក្នុងគ្រាប់អង្ករ ធ្វើឱ្យត្រជាក់ត្រជុំសុខសប្បាយ មានហូបមានចុក មានស្រូវអង្ករពេញជង្រុក មានទឹកពេញពាងពេញអាង តែបើយកស៊ុតទៅដាក់ស្ងោរក្នុងបាយកំពុងដាំនោះមានន័យថា មិនគោរពដល់អង្គទេពធិតា នឹងធ្វើឱ្យសំណាងអាក្រក់ វិនាសហិនហោច និងកើតក្តីចង្រៃក្នុងជីវិតហ្នឹងឯង។
សម្បកស៊ុតមិនស្អាត បាយនឹងឆាប់ផ្អូមខូច
តែបើយើងមើលក្នុងផ្លូវវិទ្យាសាស្រ្តវិញ សម្បកស៊ុតដែលមិនស្អាត លាយឡំមកជាមួយនូវកំណកដី ឬលាមកសត្វនោះ អាចធ្វើឱ្យបាយដែលដាំថ្មីៗធំក្លិនមិនល្អ ឆាប់ស្អុយផ្អូម និងបើរឹតតែស៊ុតដែលស្ងោរនោះកើតបែកហៀរចេញមកមុនពេលឆ្អិនផង នឹងរឹតតែធ្វើឱ្យបាយក្រអូបឈ្ងុយនោះ ក្លាយជាបាយជ្រាយប៉ប៉ាច់ និងមានក្លិនឆ្អាបស៊ុតភ្លាមតែម្តង ដូច្នេះជំនឿដែលរៀបរាប់មកខាងលើនោះ អាចជាឧបាយកលរបស់មនុស្សចាស់ក៏អាចថាបានដែរ។
តិចនិកការស្ងោរស៊ុតក្នុងឆ្នាំងដាំបាយអគ្គិសនីមិនឱ្យបែក
នៅពេលយើងនឹកដល់ភាពងាយស្រួល និងឆាប់រហ័សក្នុងសម័យបច្ចុប្បន្នដោយមិនខ្វល់ពីជំនឿរបស់ចាស់ៗបុរាណនោះ យើងនឹងឃើញថា ឆ្នាំងដាំបាយអគ្គិសនីសព្វថ្ងៃនេះមានកុងតាក់ជាច្រើនដែលជួយឱ្យយើងងាយស្រួលក្នុងការដាំចម្អិន ទាំងដាំបបរ ធ្វើនំខេក ចំហុយ ស្ងោរ រម្ងាស់ តែហេតុអីបានគ្មានកុងតាក់ចុចសម្រាប់ស្ងោរស៊ុត? បើចុចកុងតាក់ខុស ស៊ុតនឹងផ្ទុះទេដឹង?។ អូខេៗ! បងៗស្រ្តីមេផ្ទះមិនចាំបាច់នាំគ្នាកង្វល់នាំតែវែងឆ្ងាយទេ ថ្ងៃនេះឡា រ៉ែនមានតិចនិកការស្ងោរស៊ុតក្នុងឆ្នាំដាំបាយអគ្គិសនីមិនឱ្យបែក និងមិនចាំបាច់ខ្លាចថា ក្តីចង្រៃនឹងមកសួររកមុខនោះទេ ព្រោះវាមានតែចំណេញពេលវេលា សន្សំសំចៃភ្លើង និងសន្សំសំចៃកម្លាំងទៀតផង ដូច្នេះសូមបងៗស្រ្តីមេផ្ទះនាំគ្នាមើលជាបន្តដូចតទៅ ៈ
វិធីស្ងោរ
– ដាក់ក្រដាសជូតដៃទ្រាប់បាតឆ្នាំងប្រមាណជា 2 – 3 បន្ទះ។
– បន្ទាប់ពីនោះក៏ប្រោះទឹកលើក្រដាស់ជូតដៃនោះឱ្យជោក មិនបាច់ដាក់ទឹកចូលទេ ត្រឹមតែទឹកសើមជោកប៉ុណ្ណឹងក៏គ្រប់គ្រាន់ហើយ។
– ដាក់ស៊ុតចូលទៅតាមតម្រូវការ។
– ចុចកុងតាក់ដាំបាយតាមធម្មតា ហើយរង់ចាំរហូតទាល់តែកុងតាក់លោត នោះបានន័យថា ស៊ុតឆ្អិនហើយ។ បើបងៗស្រ្តីមេផ្ទះចូលចិត្តស៊ុតក្រហមបែបឆ្អិនល្មមៗនោះ ចូរយកស៊ុតចេញភ្លាមតែម្តង តែបើចូលចិត្តបែបឆ្អិនខ្លាំង ចូរទុកចោលមួយស្របក់ទៀតក៏បាន។ ត្រឹមតែប៉ុណ្ណឹង បងៗនឹងបានស៊ុតស្ងោរដោយឆ្នាំងដាំបាយអគ្គិសនីដែលលឿន និងងាយស្រួលបំផុតបាត់ទៅហើយ។
ករណីស្ងោរស៊ុតក្នុងបាយកំពុងដាំ
បើបងៗស្រ្តីមេផ្ទះកំពុងដាំបាយក្នុងឆ្នាំងដាំបាយស្រាប់ហើយ និងចង់ដាក់ស៊ុតស្ងោរទៅជាមួយដែរ តែខ្លាចស៊ុតនឹងបែកដោយសារតែសម្បកស៊ុតនោះស្តើង និងទប់ទល់នឹងកម្លាំងសម្ពាធរុញពីខាងក្នុងស៊ុតមិនបាន ធ្វើឱ្យបែកប្រឡាក់ពេញបាយនោះ គន្លឹះងាយៗក៏គឺ ហាមដាក់ស៊ុតចូលទៅពេលដែលបាយកំពុងពុះ តែត្រូវដាក់ចូលទៅពេលដែលទឹកកំពុងចាប់ផ្តើមរីងទើបជាការត្រឹមត្រូវ គឺដូចគ្នានឹងគោលការណ៍វិធីស្ងោរដោយដាក់ក្រដាសជូតដៃ ហើយប្រោះទឹកហ្នឹងឯង៕