រថយន្ត Nissan Frontier ដែលមានរហស្សនាមថា “Million Mile Frontier” នេះ គឺជាកម្មសិទ្ធិរបស់លោក Brian Murphy ជាអ្នកដឹកទំនិញម្នាក់ក្នុងទីក្រុង Chicago ដោយលោកបានប្រើវាអស់រយៈពេល 13ឆ្នាំមកហើយ។
រថយន្ត Nissan ម៉ូដែល Frontier ឆ្នាំ2007 នេះ បានធ្វើដំណើរអស់ចម្ងាយ 1លានម៉ាយល៍ (1.6លានគីឡូម៉ែត្រ) ឥឡូវនេះ វាត្រូវចូលនិវត្តន៍ហើយ។ វានឹងត្រូវគេដាក់តាំងនៅឯរោងចក្រ Nissan Smyrna Vehicle Assembly Plant ក្នុងទីក្រុង Smyrna រដ្ឋ Tennessee សហរដ្ឋអាមេរិក ជាទីតាំងដែលវាចាប់កំណើត។
អំប្រ៊ីយ៉ាលើរថយន្ត Frontier របស់លោក Murphy អាចមានអាយុកាលដល់ 801,000ម៉ាយល៍ (1.28លានគីឡូម៉ែត្រ) ខណៈច្រវាក់ ត្រូវការផ្លាស់ប្តូរនៅពេលកុងទ័រវិលដល់លេខ 700,000ម៉ាយល៍ (1,12លានគីឡូម៉ែត្រ) ធុងទឹក និងដុំភ្លើង អាចស៊ូបាន 450,000ម៉ាយល៍ (724,000គីឡូម៉ែត្រ) ខណៈកៅអីអ្នកបើកបរ ធន់បានត្រឹមតែ 500,000ម៉ាយល៍ (800,400គីឡូម៉ែត្រ) នឹងត្រូវប្តូរចេញ ដាក់ថ្មី។
ក្រោយពេលមើលឃើញថា រថយន្តនោះនៅស្អាតភ្លឹងបែបនេះ ក្រុមហ៊ុន Nissan បានជូនកាដូរថយន្ត Frontier ស៊េរីឆ្នាំ2020 ថ្មី 1គ្រឿងទៅលោក Murphy ដើម្បីជាការលើកទឹកចិត្ត៕