បើបានទៅលេងប្រទេសជប៉ុនមួយដង ច្បាស់ជាមានលើកទីពីរ ទីបី ទីបួន…និងទៅហើយទៅទៀតមិនខាន ព្រោះប្រទេសជប៉ុនអាចដើរលេងបានគ្រប់កន្លែង មានអ្វីល្អៗគ្រប់ទិសទី ដូចជាលើកនេះដូច្នោះដែរ ឡារ៉ែនមានទីកន្លែង 3 ដែលនឹងធ្វើឱ្យមិត្តអ្នកអានបានជួបនូវបទពិសោធដ៏មានតម្លៃមកជម្រាបជូនដូចតទៅ ៖
1 . ប្រាសាទអាថ៌កំបាំង (អាចទៅដល់បានដោយជិះរថភ្លើងក្នុងតំបន់)
ប្រាសាទ ថាខេដៈ (竹田城跡) មានឈ្មោះល្បីល្បាញថាជា ” Machu Pichu របស់ជប៉ុន” ជាប្រាសាទចំណាស់មួយដែលផុសឡើងកណ្តាលដុំពពកដែលគ្របដណ្តប់ពីលើជ្រលងភ្នំ ជាទិដ្ឋភាពមួយដ៏គួរឱ្យអស្ចារ្យខ្លាំងណាស់។
កំពែងប្រាសាទថ្មដ៏សែនស្អាតទំហំធំបំផុតរបស់ប្រទេស ឆ្លងកាត់ភ្លៀងខ្យល់មក 400 ឆ្នាំហើយ ចាប់តាំងពីក្លាយជាប្រាសាទរហោស្ថានដ៏មានមន្តស្នេហ៍ទាក់ទាញដួងចិត្តអ្នកទេសចរមក នៅទីនោះមានអ្វីម្យ៉ាងដែលស្ថិតនៅក្រៅពីការយល់ឃើញរបស់មនុស្ស។ Machu Pichu ពិតប្រាកដស្ថិតនៅឯប្រទេសប៉េរូ តែ Machu Pichu របស់ជប៉ុនស្ថិតនៅក្នុងខេត្ត ហៀវកុ។ យើងនឹងបានឃើញ “ប្រាសាទនៃផ្ទៃមេឃ” នេះផុសឡើងកណ្តាលក្រុមដុំពពក ដោយមានភាពខុសប្លែកពីគ្នាខ្លាំងណាស់រវាងពេលព្រឹក និងពេលល្ងាច។ ពេលព្រឹកព្រលឹមក្នុងខែកញ្ញា ដល់វិច្ឆិកាដែលមានដុំអ័ព្ទក្រាស់ៗបង្ហាញខ្លួនឡើងយ៉ាងងាយៗនោះ គឺជាអំឡុងពេលដែលល្អបំផុត រឹតតែជាពេលវេលាមុនព្រះអាទិត្យរះឡើងផងនោះ យើងនឹងបានឃើញផ្ទាំងទស្សនីយភាពនៃសមុទ្រអ័ព្ទពណ៌សក្បុស ជាមួយនឹងពិភពលោកពណ៌ផ្ទៃមេឃក្នុងពន្លឺព្រាលៗ ដែលនឹងធ្វើឱ្យបេះដូងយើងរំភើបញាប់ញ័រមិនខាន។
2 . សមុទ្រអ័ព្ទប្តូរអារម្មណ៍ ផ្ទាំងទស្សនីយភាពដែលត្រូវតែឃើញឱ្យបានម្តងក្នុងមួយជីវិត
“រានហាលសមុទ្រអ័ព្ទ” សាងឡើងនៅលើកំពូលភ្នំដែលមានកម្រិតកម្ពស់លើនីវ៉ូទឹកសមុទ្រ 1,088 ម៉ែត្រ ស្ថិតនៅក្នុង H oshino Resort Tomamu ជាទីកន្លែងដ៏វិសេសក្នុងការបាននែបនិត្យជាមួយដុំពពកដែលអណ្តែតមកចំពីមុខក្នុងចម្ងាយដែលឈោងដៃចាប់បាន។ យើងអាចជួបនឹងទស្សនីយភាពនេះបានក្នុងអំឡុងពេលមានកំណត់មួយ គឺចាប់តាំងពីឧសភា ដល់ខែតុលា និងចំពោះតែពេលព្រឹកព្រលឹម និងមានភាពអាចទៅរួចត្រឹមតែ 3 – 5% ប៉ុណ្ណោះក្នុងការបានរំភើបញាប់ញ័រផ្សងព្រេងទៅជាមួយនឹងអ្វីដែលយើងមិនអាចឃើញបានដោយងាយៗនោះ។
មានអ្នកទេសចរធ្វើដំណើរមកទស្សនាភាពស្រស់ស្អាតនៅឯ “រានហាលសមុទ្រអ័ព្ទ” នេះ 7 សែននាក់សម្រាប់រដូវកាលទស្សនាសមុទ្រអ័ព្ទឆ្នាំនេះ។
3 . នែបនិត្យជាមួយខ្យល់ដង្ហើមនៃធម្មជាតិលើទួលជណ្តើរថ្ម និងដើមស្រល់ធំៗអាយុរាប់រយឆ្នាំ
Kumano Kodou ដែលយើងនឹងបាននែបនិត្យជាមួយនឹងបរិយាកាសដ៏អាថ៌កំបាំងមួយនេះគឺជាដំណើរផ្លូវស្វែងរកធម៌ដែលតភ្ជាប់ព្រះវិហារ 3 គឺព្រះវិហារ ឃូម៉ាណុ ណាជិថៃឆៈ ព្រះវិហារ ឃូម៉ាណុ ហាយ៉ៈថាម៉ៈថៃឆៈ និងព្រះវិហារ ឃូម៉ាណុ ហុនគូថៃឆៈ។
ដោយត្រូវបានប្រសិទ្ធនាមឱ្យថា “ឃូម៉ាណុ សាំងហ្សាន់”( Kumano sanzan ) ខ្សែផ្លូវនៃជំនឿដែលបានទទួលការចុះបញ្ជីជាបេតិកភណ្ឌពិភពលោកនេះ មានដើមស្រល់ធំៗអាយុរាប់រយឆ្នាំចាក់ឬសយ៉ាងជ្រៅនៅលើដែនដីស័ក្តិសិទ្ធិដុះរៀងតាមសងខាងផ្លូវ។
បរិយាកាសប្រៀបដូចជាត្រូវបានកាត់ផ្តាច់ចេញពីពិភពលោក ទីនេះជាខ្សែផ្លូវដែលមនុស្សម្នាក្នុងយុគសម័យ ហេអាន់ នាំគ្នាដើរឡើងទួលជណ្តើរថ្មដែលហាក់ដូចជាបានឆ្លងកាលវេលាជានិរន្តរ៍។ បើទៅទីនោះ នឹងកើតមានអារម្មណ៍របស់មនុស្សដែលមានសទ្ធា និងជំនឿក្នុងការដើរលើខ្សែផ្លូវនេះ។
ក្នុងអំឡុងពេលឈានជើងដើរទៅតាមខ្សែផ្លូវនេះម្តងមួយជំហាន ម្តងមួយជំហាន យើងនឹងបានដឹងពីខ្យល់ដង្ហើមរបស់ធម្មជាតិកណ្តាលធាតុអាកាសបរិសុទ្ធ និងក្លិនក្រអូបរបស់ដើមឈើ ដែលនឹងធ្វើឱ្យបេះដូងស្ងប់ស្ងាត់ និងហាក់បានបញ្ចូលថាមពលថ្មីៗ៕