ក្មេងៗឧស្សាហ៍ផ្តាសាយញឹកញាប់ណាស់ ជាពិសេសក្នុងវ័យមត្តេយ្យ ព្រោះមេរោគផ្តាសាយអាចផ្សព្វផ្សាយបានឆាប់រហ័សនៅក្នុងខ្យល់អាកាស ក្មេងៗដែលកើតផ្តាសាយគួរតែផ្អាករៀនសិន រហូតទាល់តែជាដាច់។ លោកឪពុកអ្នកម្តាយជាច្រើនជ្រើសរើសឱ្យកូនញ៉ាំវីតាមីន C បន្ថែម ដែលបច្ចុប្បន្នគេមើលឃើញថាមានដាក់លក់យ៉ាងច្រើន ទាំងប្រភេទគ្រាប់ និងប្រភេទទឹកស៊ីរ៉ូ តែលោកឪពុកអ្នកម្តាយដឹងទេថា ប្រភពវិតាមីន C កម្រិតកំពូលនោះ ការពិតចេញមកពីបន្លែ និងផ្លែឈើ ដែលមានគុណតម្លៃខ្លាំងជាងវីតាមីន C បន្ថែមទៅទៀត និងលោកឪពុកអ្នកម្តាយក៏អាចរកទិញមកឱ្យកូនតូចញ៉ាំបានយ៉ាងងាយៗផងដែរ។
វីតាមីន C គឺអ្វី?
“វីតាមីន C” ឬអាស្ក័រប៊ិក អាស៊ីដ(Ascorbic Acid )ជាវីតាមីនប្រភេទរលាយក្នុងទឹក។ វីតាមីន C មានប្រយោជន៍ច្រើនណាស់ ដូចជា ប្រើព្យាបាល និងការពាររោគស្លន់ស្លោ និងវីតាមីន C ថែមទាំងជាសារធាតុប្រឆាំងអនុមូលឥស្សរៈ ឬ Antioxidant មានឫទ្ធិប្រឆាំងអនុមូលឥស្សរៈដែលកើតនៅក្នុងរាងកាយ។ ក្រៅពីនេះវីតាមីន C នៅមានចំណែកជួយក្នុងការជួសជុល និងការរីកចម្រើនធំធាត់របស់សាចភ្នាសក្នុងរាងកាយ ជួយឱ្យរបួស ដំបៅកាន់តែឆាប់ជាឡើងទៀតផង តែប្រយោជន៍របស់វីតាមីនដែលគេនាំគ្នានិយាយដល់នោះគឺ ការពារជំងឺគ្រុនផ្តាសាយ។
ប្រភពវីតាមីន C ធម្មជាតិសម្រាប់កូនសម្លាញ់
អ្នកម្តាយអាចរៀបចំរកមុខម្ហូប ឬបន្លែផ្លែឈើដែលមានវីតាមីន C សម្រាប់កូនសម្លាញ់បានតាមអំឡុងវ័យ ដោយសង្កត់ធ្ងន់លើ វីតាមីនពីធម្មជាតិដែលមានដូចខាងក្រោមនេះ(ប្រៀបធៀបលើទម្ងន់ 100 ក្រាម មានវីតាមីន C ជាមធ្យម)។
1 . ផ្លែត្របែក មានវីតាមីន C 200 មីល្លីក្រាម
2 . ម្នាស់ 1 ដុំធំ មានវីតាមីន C 20 – 30 មីល្លីីក្រាម
3 . ផ្កាខាត់ណា មានវីតាមីន C 49 មីល្លីក្រាម
4 . ប្រូខូលី មានវីតាមីន C 67 មីល្លីក្រាម
5 . ទឹកផ្លែក្រូចឆ្មារ 1 កែវ មានវីតាមីន C 34 មីល្លីក្រាម
6 . ទឹកក្រូចពោធិ៍សាត់ 1 កែវ មានវីតាមីន C 64 មីល្លីក្រាម
7 . ស្ពៃក្តោប មានវីតាមីន C 49 មីល្លីក្រាម
8 . ចេកប្រភេទផ្សេងៗ 1 ផ្លែ មានវីតាមីន C 8,5 មីល្លីក្រាម
9 . ម្ទេសប្លោក 1 ផ្លែ មានវីតាមីន C 120 មីល្លីក្រាម
10 . ផ្លែស្រ្តប៊ើរី មានវីតាមីន C 77 មីល្លីក្រាម
11 . ផ្លែប៉េងប៉ោះ មានវីតាមីន C 21,3 មីល្លីក្រាម
12 . ល្ហុងទុំ មានវីតាមីន C 60 មីល្លីក្រាម
វីតាមីន C ដែលមានសុវត្ថិភាព និងល្អសម្រាប់ក្មេងតូច គួរតែជាវីតាមីនដែលបានពីធម្មជាតិ(បន្លែផ្លែឈើ)ច្រើនជាង និងបរិមាណមិនច្រើនលើសភាពចាំបាច់របស់រាងកាយ តែយ៉ាងណាក៏ដោយបើកូនសម្លាញ់កើតជំងឺគ្រុនផ្តាសាយ គួរតែបានទទួលការពិនិត្យវិនិច្ឆ័យពីវេជ្ជបណ្ឌិតជំនាញខាងជំងឺកុមារ៕