មួយរយៈពេលចុងក្រោយនេះ ចំនួនអ្នកផ្ទុកជំងឺ Covid-19 ថ្មីមានការកើនឡើង ដោយក្នុងចំណោមអ្នកផ្ទុកជំងឺរលាកសួតប្រភេទថ្មីទាំងអស់ជាអ្នកមកពីក្រៅប្រទេស។ ហេតុនេះហើយ ទើបថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសផ្អាកជើងហោះហើរពីប្រទេសម៉ាលេស៊ី និងឥណ្ឌូណេស៊ី ខណៈនៅថ្ងៃនេះក្រសួងសុខាភិបាលបានប្រកាសថានឹងបិទជើងហោះហើរថ្មីមួយទៀតគឺ មកពីប្រទេសហ្វីលីពីន។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា កម្ពុជានឹងផ្អាកជើងហោះហើរជាបណ្តោះអាសន្ននូវជើងហោះហើរពីព្រទេសហ្វីលីពីន មួយរយៈចាប់ពីថ្ងៃទី13 ខែសីហា ឆ្នាំ2020តទៅ។ កត្តាទាំងអស់នេះធ្វើឡើងដោយសារ ការសម្រេចរបស់រាជរដ្ឋាភិបាលជាបណ្តោះអាសន្ននូវជើងហោះហើរពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ីដែលបានចូលជាធរមានកាលពីថ្ងៃទី 01 ខែសីហា ឆ្នាំ2020 កន្លងមក បានចូលរួមចំណែកយ៉ាងខ្លាំងដល់ការទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19។
ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រសួងសម្គាល់ឃើញថា អត្រាឆ្លងបានហក់ឡើងយ៉ាងគំហុកនៅប្រទេសហ្វីលីពីន ដែលធ្វើឱ្យអត្រាផ្ទុកវីរុស Covid-19 ខ្ពស់ជាងគេបំផុតនៅក្នុងបណ្តាប្រទេសសមាជិកអាស៊ាន។ ដូច្នេះ អ្នកដំណើរមកពីប្រទេសហ្វីលីពីន ក៏មានការព្រួយបារម្ភផងដែរ ម្យ៉ាងវិញទៀត កាលពីថ្ងៃទី 08 ខែសីហា ឆ្នាំ2020 ជើងហោះហើរពីប្រទេសហ្វីលីពីនមួយ ដែលមានអ្នកដំណើរសរុបចំនួន 119នាក់ ត្រូវបានធ្វើតេស្តរកឃើញមានអ្នកវិជ្ជមានវីរុស Covid-19 រហូតដល់ទៅ 13នាក់៕