គ្រាប់បាល់ស៊ុតបញ្ចូលទីយ៉ាងល្អពីសំណាក់តារាឆ្នើម Isco បានបង្កើតឲ្យមានការប្រែប្រួល ខណៈដែលក្រុម Real Madrid បានសង្គ្រោះការវាយបកយ៉ាងខ្លាំងក្លារបស់ក្រុម Manchester United ដើម្បីកត់ត្រាជ័យជម្នះក្នុងលទ្ធផល 2-1 និងដើម្បីលើកពាន UEFA Super Cup ក្នុងរដ្ឋធានី Skopje របស់ប្រទេសម៉ាសេដ្វាន កាលពីថ្ងៃអង្គារ។
ខ្សែបម្រើ Casemiro បានជួយឲ្យក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌកំពូលអឺរ៉ុបរកបានគ្រាប់បាល់នាំមុខមុននៅនាទីទី24 នៅរាត្រីនៃការប្រកួតក្នុងទីក្រុង Skopje ហើយ Isco បានបន្ថែមការនាំមុខរបស់ក្រុមខ្លួន ក្រោយពីចាប់ផ្តើមលេងបាន7នាទីក្នុងតង់ទី2 បន្ទាប់ពីការឱ្យបាល់ស៊ីយ៉ាងចង្វាក់គ្នាដ៏ល្អជាមួយនឹង Gareth Bale។
ប៉ុន្តែខ្សែប្រយុទ្ធអន្តរជាតិបែលហ្ស៊ិក Romelu Lukaku បានវាយបកមួយគ្រាប់វិញនៅនាទីទី56 ដើម្បីអបអរការបង្ហាញខ្លួនជាផ្លូវការជាលើកទី1របស់គេសម្រាប់ក្រុម Man United ជាមួយនឹងគ្រាប់បាល់ស៊ុតបញ្ចូលទី1គ្រាប់ មុននឹងឈានដល់ការប្រកួតបើករដូវកាលនៃក្របខ័ណ្ឌ Premier League នៅចុងសប្តាហ៍នេះ។
ជាមួយនឹងជ័យជម្នះនេះ ក្រុម Real របស់លោក Zinedine Zidane បានឈ្នះពាននេះជាលើកទី2ជាប់ៗគ្នារបស់ពួកគេ និងជាលើកទី8ហើយបើសរុបទាំងអស់។ វាជាលើកទី8ហើយក្នុងរយៈពេល9ឆ្នាំដែលក្លិបរបស់អេស្ប៉ាញបានឈ្នះពាន Super Cupនេះ។ ទោះបីជាយ៉ាងណា លោក Jose Mourinho បានពេញចិត្តទៅនឹងទម្រង់លេងរបស់ក្រុមលោក បើទោះបីពួកគេទទួលបរាជ័យក៏ដោយ។ គ្រូបង្វឹកនៃក្រុម Man United រូបនេះបានឲ្យដឹងថា៖ «យើងបានរកឃើញរបៀបលេងមួយដើម្បីធ្វើឲ្យមានការប្រែប្រួលក្នុងតង់ទី2 ធ្វើឲ្យពួកគេទទួលបានកម្រិតបាល់ទាត់ដែលពួកគេចង់បាន ហើយខ្ញុំពិតជាពេញចិត្តចំពោះការបញ្ចេញប្រតិកម្មរបស់យើង»។
លោក Mourinho បានបន្ថែមទៀតថា៖ «យើងមានឱកាសដ៏ធំមួយក្នុងការរកគ្រាប់បាល់បញ្ចូលទី ក្រោយពីពួកគេបាននាំមុខ 2-0 ហើយក្រោយពីការប្រកួតស្ថិតក្នុងលទ្ធផល 2-1 Rashford មានឱកាសលេងមួយទល់នឹងមួយជាមួយអ្នកចាំទីតែធ្វើមិនបានសម្រេច។ យើងបានប្រយុទ្ធរហូតដល់វិនាទីចុងក្រោយ ហើយការធ្វើបានបែបនេះ ខ្ញុំគិតថា វាពិតជាអស្ចារ្យណាស់»៕
ប្រភពពី៖ Sky Sport