ក្រុមហ៊ុនគ្រប់គ្រងផ្លូវដែកនៅក្នុងខេត្ត Chiba កំពុងតែប្រឹងប្រែងបញ្ចៀសការខាតបង់ក្នុងសម័យCOVID-19 ដោយការលក់ដុំថ្មដែលរើសពីផ្លូវដែកដែលពួកគេកំពុងគ្រប់គ្រង។
ត្រូវបានបង្កើតឡើងកាលពីឆ្នាំ1923 ក្រុមហ៊ុន Choshi Electric Railway នៅខេត្ត Chiba ប្រទេសជប៉ុន បានឆ្លងកាត់ការលំបាកជាច្រើនលើកក្នុងប្រវត្តិ97ឆ្នាំរបស់ក្រុមហ៊ុន។ ប៉ុន្តែកន្លងមក ពុំដែលមានស្ថានការណ៍ណាមួយដែលមានសភាពធ្ងន់ធ្ងរដូចពេលនេះឡើយ នៅក្នុងគ្រាដែលវិស័យទេសចរណ៍ត្រូវធ្លាក់ចុះយ៉ាងជ្រៅព្រោះតែឥទ្ធិពលរបស់COVID-19។
គណៈគ្រប់គ្រងផ្លូវដែកបានលើកឡើងអំពីវិធីនានាដើម្បីបង្កើតចំណូល ក្នុងនោះគំនិតមួយស្ដីអំពីការលក់ដុំថ្មដែលវេចខ្ចប់ក្នុងប្រអប់នៅលើ Youtube កំពុងតែបង្ហាញអំពីកម្លាំងទាកទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្លានាបច្ចុប្បន្ន។
ឆាណែល Youtube របស់ក្រុមហ៊ុន Choshi Electric ត្រូវបានបង្កើតឡើងកាលពីជាង4ឆ្នាំមុន ហើយបច្ចុប្បន្ន កំពុងបង្កការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គមមួយនេះ។ ក្រុមទទួលខុសត្រូវផ្នែកខ្លឹមសារ បានបង្កើតវីដេអូកំប្លែងជាច្រើន ដែលមានចំណងជើងប្លែកៗ ដូចជា “នៅមុនពេលក្ស័យធន” ឬ “ស្ថានភាពជាក់ស្ដែងនៃក្រុមហ៊ុនក្ស័យធន” ជាដើម ដែលនេះបានទាក់ទាញទស្សនិកជនរាប់ពាន់នាក់ចូលទស្សនា។
ផលិតផលដែលត្រូវបានឧទ្ទេសនាមនៅក្នុងវីដេអូកាលពីពេលថ្មីៗនេះ នោះគឺដុំថ្មនៅលើផ្លូវដែកដែលត្រូវបានគេវេចខ្ចប់យ៉ាងស្អាត។ បុគ្គលិករបស់ក្រុមហ៊ុន បានឱ្យដឹងថា ដុំថ្មទាំងនេះមានប្រយោជន៍ច្រើនសម្រាប់អតិថិជន ដូចជា អាចសង្កត់ក្រដាសមិនឱ្យប៉ើងពេលកំពុងធ្វើការនៅកន្លែងដែលមានខ្យល់ អាចធ្វើជាវត្ថុអនុស្សាវរីយ៍សម្រាប់អ្នកដែលចូលវិស័យផ្លូវដែក ហើយវាក៏អាចយកមកប្រើប្រាស់សម្រាប់ទប់ទល់នឹងចោរផងដែរ។
ការឃោសនាផ្សាយផលិតផលរបស់បុគ្គលិក បានបង្កើតជាសម្លេងសើចយ៉ាងសប្បាយសម្រាប់អ្នកកំពុងទស្សនា។ ប៉ុន្តែ ខាងក្រុមហ៊ុនបាននិយាយថា នេះមិនមែនជារឿងកំប្លែងឡើយ។ ផលិតផលជាដុំថ្មទាំងនេះ ពិតជាមាននៅលើហាងអនឡាញ Choshi Electric Railway ដោយវាមានតម្លៃ1,650យេន (15.5ដុល្លារអាមេរិក) ក្នុងមួយប្រអប់ ហើយវាបានក្លាយជាផលិតផលដែលត្រូវបានលក់ដាច់បំផុតរបស់ក្រុមហ៊ុននេះ។
ភាគីខាងក្រុមហ៊ុនបានឱ្យដឹងថា ផលិតផលជាដុំថ្មនេះត្រូវបានរើសពីផ្លូវដែកដែលក្រុមហ៊ុននេះកំពុងគ្រប់គ្រង។ ពួកវាត្រូវបានលាង និងសម្អាតមេរោគយ៉ាងត្រឹមត្រូវ មុននឹងវេចខ្ចប់យ៉ាងស្រស់ស្អាត។ ទំហំនៃប្រអប់ផលិតផល នឹងអាស្រ័យទៅលើទំហំ និងបរិមាណនៃដុំថ្ម។
ក្រុមហ៊ុនខាងលើនេះក៏មានលក់វត្ថុអនុស្សាវរីយ៍សម្រាប់អ្នកដែលមានចំណូលចិត្តខាងវិស័យរថភ្លើងផងដែរ ក្នុងនោះមានដូចជា កៅអីសម្រាប់អង្គុយក្នុងរថភ្លើង និងដែកគោលសម្រាប់ប្រើក្នុងវិស័យផ្លូវដែកជាដើម។ ប៉ុន្តែ ផលិតផលដុំថ្មដាក់ប្រអប់កំពុងទទួលបានការបញ្ជាទិញច្រើនជាងគេបង្អស់។
គំនិតជំនួញខាងលើនេះ ស្ដាប់ទៅ វាហាក់ដូចជារឿងកំប្លែង ប៉ុន្តែវាមិនមែនជារឿងឆ្កួតឡប់នោះឡើយ។ មុននេះ អ្នកជំនួញម្នាក់នៅសហរដ្ឋអាមេរិក ឈ្មោះ Gary Ross Dahl (បានស្លាប់កាលពីឆ្នាំ2015) ក៏ធ្លាប់រកបានប្រាក់រាប់លានដុល្លារនៅពេលបង្កើតបាននិន្នាការចិញ្ចឹមសត្វជាដុំថ្មកាលពីទសវត្សរ៍ទី70 ។ គំនិតចិញ្ចឹមសត្វជាដុំថ្មនេះ ក៏បានធ្វើឱ្យមានចំណាប់អារម្មណ៍នៅទូទាំងពិភពលោកផងដែរ៕
ប្រភព៖ ODC