ឪពុកម្តាយម្នាក់ៗសុទ្ធតែមានជំនឿក្នុងការចិញ្ចឹមមើលថែកូនខុសប្លែកពីគ្នា អាស្រ័យលើវប្បធម៌ប្រពៃណី បទពិសោធដែលពួកគេបានជួបប្រទះមក និងឪពុកម្តាយជាតិសាសន៍ផ្សេងគ្នា ភាសាផ្សេងគ្នា ក៏រឹតតែមានភាពខុសប្លែកពីគ្នាខ្លាំងទៅទៀត រហូតយើងគិតថា ការចិញ្ចឹមកូនរបស់មនុស្សក្នុងប្រទេសផ្សេងៗវាហាក់ដូចជាមើលទៅប្លែកចម្លែកក្នុងខ្សែភ្នែករបស់យើងខ្លាំងណាស់។ ថ្ងៃនេះ ឡា រ៉ែននឹងនាំលោកឪពុកអ្នកម្តាយទាំងអស់មកមើលពីភាពប្លែកចម្លែកទាំងនោះ…។
1 . ឪពុកម្តាយជនជាតិ ម៉ូរីតានី ស្តោះទឹកមាត់ដាក់លើមុខកូន
ជនកុលសម្ព័ន្ធ Wolof ក្នុងប្រទេសម៉ូរីតានីជឿថា ទឹកមាត់របស់ពួកគេអាចធ្វើឱ្យពាក្យសម្តីនៅដិតដាមនឹងខ្លួនក្មេងបាន ដូច្នេះពួកគេនឹងស្តោះទឹកមាត់ដាក់មុខទារកទើបនឹងកើត ដើម្បីឱ្យពរទាំងប៉ុន្មានរបស់ពួកគេនៅជាប់ដិតដាមជាមួយក្មេងរហូតទៅ ដោយស្រ្តីជាម្តាយនឹងស្តោះទឹកមាត់ចំពីលើមុខ និងឪពុកនឹងស្តោះទឹកមាត់នៅលើត្រចៀក រួចលាបទឹកមាត់របស់ពួកគេឱ្យសព្វនៅលើក្បាលរបស់កូន។
2 . ជនជាតិន័រវេយ៍ ឱ្យកូនៗគេងលក់នៅក្រៅផ្ទះកណ្តាលធាតុអាកាសត្រជាក់ក្រោមសូន្យអង្សា
វាជារឿងប្រក្រតីដែលប្រទេសក្នុងតំបន់ន័រឌិកតែងទុកឱ្យកូនតូចៗរបស់ពួកគេស្ថិតនៅក្នុងរទេះរុញនៅខាងក្រៅភោជនីយដ្ឋានទោះជាក្នុងអំឡុងរដូវរងាក៏ដោយ ខណៈដែលពួកគេអង្គុយញ៉ាំអាហារ និងភេសជ្ជៈក្តៅៗនៅក្នុងហាង។ នោះព្រោះតែពួកគេជឿថាការទុកឱ្យក្មេងៗបានប្រឈមនឹងភាពរងាញ័រញាក់នឹងជួយឱ្យរាងកាយរបស់ក្មេងៗរឹងមាំ គ្មានរោគភ័យមកបៀតបៀន។
3 . ម្តាយជនជាតិគែនយ៉ាមិនសម្លឹងភ្នែកកូនៗរបស់ពួកគេទេ
អ្នកម្តាយជនជាតិ Kisii ក្នុងប្រទេសគែនយ៉ាមានជំនឿមួយដែលហាក់ដូចជាប្លែកចម្លែកណាស់ ព្រោះទោះជាពួកគេចង់មានចំណែករួមគ្នា(ប្រឡែងលេង)ជាមួយកូនខ្លាំងប៉ុនណាក៏ដោយ តែក៏ពួកគេមិនសម្លឹងមើលភ្នែកកូនៗដែរ វាជាវិធីមួយដែលអ្នកម្តាយទាំងនោះបង្ហាត់ក្មេងមិនឱ្យចេះទាមទារចំណាប់អារម្មណ៍ពីម្តាយខ្លាំងជ្រុលពេកហ្នឹងឯង។
4 . ឪពុកម្តាយជនជាតិវៀតណាមនឹងបង្ហាត់កូនឱ្យនោមដោយសំឡេង…
គ្រប់ពេលដែលក្មេងៗជាតិវៀតណាមបញ្ចេញអាការថា ចង់នោម ម្តាយរបស់ក្មេងទាំងនោះនឹងជួយធ្វើជាសំឡេងឱ្យក្មេងៗឆាប់នោមចេញមក មានអារម្មណ៍ថា ស្រដៀងៗនឹងឪពុកម្តាយជាតិខ្មែរយើងដែរ ដោយបញ្ចេញសំឡេង “ស៊ូ…” បង្អូសវែងៗ គឺដើម្បីឱ្យក្មេងៗរៀនយល់ដឹងតាមរយៈសំឡេងនេះ និងអាចចេះចូលបន្ទប់ទឹកដោយខ្លួនឯងបាន។
5 . ឪពុកម្តាយជនជាតិ ម៉ាយ៉ា ផ្ងូតទឹកទារកក្នុងទឹកត្រជាក់
ក្មេងក្នុងវ័យហាត់ដើររបស់ជនជាតិម៉ាយ៉ាតែងតែបានទទួលភាពស្រស់ថ្លាដោយការងូតទឹកត្រជាក់ពីឪពុកម្តាយមុនពេលគេង។ ពួកគេធ្វើបែបនេះគឺដើម្បីនឹងការពារក្មេងៗពីកម្តៅរបស់ពន្លឺថ្ងៃ និងធ្វើឱ្យក្មេងៗមានសុខភាពរឹងមាំល្អ។
6 . ក្មេងៗជនជាតិហ្វាំងឡង់ គេងក្នុងឡាំងក្រដាស់រឹងៗ
ជាវប្បធម៌ពីបុរាណដែលធ្វើឱ្យអ្នកម្តាយជនជាតិហ្វាំងឡង់មួយចំនួននៅតែដាក់ឱ្យកូនគេងលក់នៅក្នុងឡាំងក្រដាស់ដែលប្រកបដោយពូកស្តើងៗ និងឧបករណ៍ផ្សេងៗ ដែលឡាំងក្រដាសមួយនេះអាចរាប់បានថាជា គ្រែដំបូងគេរបស់ទារកទើបនឹងកើត។
7 . ក្មេងជប៉ុនញ៉ាំគ្រប់យ៉ាង តែមិនធាត់
ឪពុកម្តាយជនជាតិជប៉ុន ឬនៅក្នុងកន្លែងលក់អាហាររបស់សាលារៀននឹងផ្តល់ភាពសំខាន់ទៅលើភោជនាហាររបស់ក្មេងក្នុងមួយពេលៗ ដោយការឱ្យញ៉ាំបន្លែផ្លែឈើជាចម្បង រួមទាំងអាហារដែលមានសារធាតុអាហារខ្ពស់ទៀតផង។ ទាំងអស់ហ្នឹងហើយ ជាហេតុផលមួយដែលយើងច្រើនតែមិនសូវបានឃើញក្មេងជប៉ុនធាត់ខ្លាំងដូចក្មេងក្នុងប្រទេសដទៃទៀតនោះ។
8 . ក្មេងៗជនជាតិដាណឺម៉ាកនឹងព្យួរចន្តង់ដោះជ័រទុកនៅលើដើមឈើ
ក្នុងប្រទេសដាណឺម៉ាក ពេលដែលក្មេងៗអាយុបានប្រមាណជា 3 ខួប ពួកគេនឹងត្រូវបញ្ឈប់ទង្វើការបៀមចន្តង់ដោះជ័រ ដោយឪពុកម្តាយនឹងឱ្យក្មេងៗយកចន្តង់ដោះជ័រទៅព្យួរទុកនៅលើមែកឈើនៃដើមឈើពិសេសសម្រាប់ក្មេងតូច ដើម្បីជាការលាគ្នាជាមួយរបស់លេងរបស់ពួកគេហ្នឹងឯង។
9 . ក្មេងតូចជនជាតិអាល់បានី ជ្រើសរើសអនាគតរបស់ពួកគេតាំងពីនៅតេះតះ
គឺជាផ្នែកមួយនៃវប្បធម៌ក្នុងប្រទេសអាល់បានី ដែលអ្នកម្តាយនឹងនាំយករបស់លេងប្រភេទផ្សេងៗជាច្រើនមកដាក់នៅពីមុខក្មេងតូចពេលដែលធ្មេញមួយគ្រាប់ដំបូងរបស់គេដុះឡើងមក ដោយរបស់លេងដំបូងគេដែលក្មេងតូចផ្តល់នូវចំណាប់អារម្មណ៍ នឹងប្រៀបដូចជាការទស្សន៍ទាយពីអាជីពនាពេលអនាគតរបស់ពួកគេដូច្នោះដែរ ដូចជា បើក្មេងជ្រើសរើសយកលុយ នោះអាចមានន័យពីការធំឡើង គេក្លាយនឹងជាប្រធានធនាគារ ជ្រើសរើសយកកាំបិតជ័រក្មេងលេងអាចមានន័យថា ធំឡើងនឹងក្លាយជាគ្រូពេទ្យវះកាត់ ជាដើម។ល។
10 . ក្មេងថៃ និងក្មេងខ្មែរយើង នៅពេលធ្មេញទឹកដោះរបូតជ្រុះ ត្រូវយកទៅកប់ដី ឬបោះទៅលើដំបូលផ្ទះ
ជឿថាមនុស្សជាច្រើនប្រហែលជាធ្លាប់ឆ្លងកាត់បទពិសោធបែបនេះរួចមកហើយ ដោយជំនឿរបស់មនុស្សចាស់ដែលជឿតគ្នាមកតាំងពីបុរាណគឺ នៅពេលក្មេងមានធ្មេញទឹកដោះរបូតជ្រុះ ហាមបោះចោលផ្តេសផ្តាស។ បើធ្មេញក្រោមរបូត ឱ្យបោះឡើងទៅលើដំបូលផ្ទះ បើធ្មេញលើជ្រុះ ឱ្យបោះចូលទៅក្រោមផ្ទះ ទាំងអស់នេះគឺដើម្បីឱ្យធ្មេញពិតប្រាកដដែលដុះចេញមកថ្មីនឹងមិនចំពើស ឬវៀច ឬឱ្យឆាប់ដុះលឿនឡើងហ្នឹងឯង៕