ភ្នំពេញ – សំរាមត្រូវបានគេចាត់ទុកថា ជាប្រធានបទក្ដៅមួយបន្ទាប់ពីបញ្ហាកកស្ទះចរាចរណ៍ និងស្ទះទឹកលូ ដែលអាចបង្កបញ្ហាដល់សង្គមកម្ពុជាទាំងមូល ។ បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងយកចិត្ដទុកដាក់ជាខ្លាំងក្នុងការរកដំណោះស្រាយលើបញ្ហាមួយនេះ។
ក្នុងដំណើរទស្សនកិច្ចរយៈពេល4ថ្ងៃនៅប្រទេសជប៉ុននាព្រឹកថ្ងៃទី8 ខែសីហា ឆ្នាំ2017 សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូបានអញ្ជើញទៅទស្សនកិច្ចនៅរោងចក្រកែច្នៃសំរាម SHIN-KOTO INCINERATION PLANT ដែលគ្រប់គ្រងដោយ “អាជ្ញាធរសម្អាតទីក្រុងតូក្យូ” ដែលត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅដោយប្រធានអាជ្ញាធរលោក តៃជីរ៉ូ នីហ្សីកាវ៉ា។
នាឱកាសនោះសម្តេចតេជោនាយករដ្ឋមន្រ្តីបានស្នើឱ្យភាគីជប៉ុនសិក្សាជាមួយអ្នកជំនាញកម្ពុជាអំពីការកែច្នៃសំរាមនៅទីក្រុងភ្នំពេញ គ្រាដែលសំរាមកំពុងតែក្លាយជាចំណុចក្ដៅគគុក និងជាចំណុចចម្បងធំទីពីរបន្ទាប់ពីបញ្ហាកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ។
គួរបញ្ជាក់ថា អគាររោងចក្រកែច្នៃសំរាមនេះមានកម្ពស់6ជាន់ បំពាក់ដោយម៉ាស៊ីនកិនកម្ទេចសំរាម ហើយបែងចែកទៅតាមប្រភេទសំរាមនីមួយៗដែលផលិតចេញជាវត្ថុសម្រាប់ប្រើប្រាស់បានឡើងវិញ។ កាកសំណល់មួយចំនួនគឺយកទៅធ្វើជី និងបំប្លែងទៅជាថាមពលអគ្គីសនីសម្រាប់ប្រើប្រាស់ផងដែរ។ ដូច្នេះកម្ពុជាបច្ចុប្បន្នកំពុងតែត្រូវការរោងចក្របែបនេះជាចាំបាច់ដើម្បីកែច្នៃសំរាមដែលដឹកចេញទៅគរនៅជាយក្រុង។
តាមរយៈការស្នើសុំពីសំណាក់ថា្នក់ដឹកនាំរបស់កម្ពុជាទៅកាន់ភាគីជប៉ុន គេរំពឹងថា កម្ពុជានឹងអាចទទួលបានអគារកែច្នៃសំរាមបែបនោះក្នុងពេលឆាប់ៗ ដើម្បីធ្វើការកែច្នៃសំរាមនៅក្នុងទីក្រុងភ្នំពេញក៏ដូចជាប្រទេសកម្ពុជាទាំងមូល ដែលគេមើលឃើញថា វានឹងបានផ្ដល់ប្រយោជន៍ជាច្រើនដល់ប្រជាជនកម្ពុជាទាំងការរស់នៅប្រកបដោយផាសុកភាព ព្រមទាំងធ្វើឱ្យទីក្រុងភ្នំពេញកាន់តែមានភាពស្រស់បំព្រងថែមទៀត។ ទោះយ៉ាងណា គេក៏ត្រូវការការចូលរួមយល់ដឹងពីប្រជាជនកម្ពុជាផងដែរទៅលើការវេចខ្ចប់កាកសំណល់ ឬសំរាមទុកដាក់ឱ្យបានល្អ ទៅតាមចំណាត់ថ្នាក់នៃសំរាមបន្ទាប់ពីការប្រើប្រាស់រួច។
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានរកឃើញថា ទីលានចាក់សំរាមក្នុងខណ្ឌដង្កោនឹងពេញនៅឆ្នាំ2020 ខណៈគម្រោងរណ្តៅសំរាមដ៏ធំមួយទៀតត្រូវបានគេរំពឹងថា អាចផ្ទុកសំរាមពេញនៅឆ្នាំ2033។ JICA បានអះអាងទៀតថា ក្នុងមួយថ្ងៃភ្នំពេញមានសំរាមចន្លោះពី1,850ដល់1,900តោន៕