ទ្រព្យសម្បត្តិរបស់ CEO នៃក្រុមហ៊ុន Apple បានកើនឡើងលើសពី1ពាន់លានដុល្លារ នៅពេលដែលតម្លៃទុនសរុបរបស់ Apple កើនឡើងជិតដល់2លានលាន (2,000,000,000,000.00)ដុល្លារអាមេរិក នេះបើតាមការគណនារបស់ Bloomberg។
បញ្ចប់ការជួញដូរកាលពីម្សិលមិញ (10សីហា) មូលបត្រ Apple បានកើន1.45%។ កាលពីសប្ដាហ៍មុន កូដមូលបត្រនេះក៏បានកើន5%ផងដែរ។ រយៈពេល9ឆ្នាំ ក្រោយពីលោក Steve Jobs បានទុកតំណែង CEO ឱ្យលោក Tim Cook តម្លៃទុនរបស់ Apple បានកើនឡើងដល់ចំណុចកំពូលបំផុតមិនធ្លាប់មានពីមុនមក ដោយមាន 1.93លានលានដុល្លារ។ នៅពេលលោក Steve Jobs ស្លាប់ តួលេខនេះមានត្រឹមតែ350ពាន់លានដុល្លារប៉ុណ្ណោះ។
យោងតាមការគណនារបស់ Bloomberg មកដល់បច្ចុប្បន្ន ទ្រព្យសម្បត្តិរបស់លោក Tim Cook ក៏បានកើនឡើងដល់ជាង1ពាន់លានដុល្លារអាមេរិក។ ឆ្នាំ2015 CEO រូបនេះធ្លាប់បានប្រកាសថា នឹងយកទ្រព្យមួយចំនួនធំរបស់លោកទៅធ្វើកិច្ចការមនុស្សធម៌។ គិតមកដល់ថ្ងៃនេះ លោក Tim Cook បានបរិច្ចាគភាគហ៊ុនរបស់លោករាប់លានដុល្លារដែលមាននៅក្នុងក្រុមហ៊ុន Apple។
បច្ចុប្បន្ន លោក Tim Cook កាន់កាប់មូលបត្រជិត850,000ហ៊ុននៅក្នុងក្រុមហ៊ុន Apple ដែលតួលេខនេះប្រហាក់ប្រហែលនឹង 0.02% នៃភាគហ៊ុនសរុបរបស់ក្រុមនេះ និងមានតម្លៃ375ដុល្លារអាមេរិក។ ក្រៅពីនេះ ទ្រព្យដែលបានមកពីការលក់ភាគហ៊ុន ភាគលាភ រួមនឹងខ្ទង់ចំណូលដទៃទៀតសរុបប្រមាណជា650លានដុល្លារ។ ដូច្នេះ ទ្រព្យសរុបរបស់លោក Tim Cook បច្ចុប្បន្នមានចំនួន1.025ពាន់លានដុល្លារ៕
ប្រភព៖ Bloomberg