តើបងៗស្រ្តីមេផ្ទះចង់ដឹងទេថា ថ្នាំលាបក្រចករបស់បងៗដែលក្រៅពីនាំយកមកលាបបន្ថែមសម្ផស្សលើក្រចកម្រាមដៃ ម្រាមជើងហើយនោះ តើវាអាចប្រើប្រាស់ជាមួយការងារក្នុងផ្ទះបានយ៉ាងណាខ្លះទៅ? បើចង់ដឹងពីគុណប្រយោជន៍ល្អៗផ្សេងទៀតរបស់ថ្នាំលាបក្រចកនោះ សូមតាមដានជាបន្ត ៖
1 . ជួសជុលសំណាញ់ទ្វារបង្អួច
បញ្ហាសំណាញ់ទ្វារបង្អួចដាច់រហែកជារន្ធតូចៗ មិនចាំបាច់ត្រូវចំណាយលុយប្តូរសំណាញ់ថ្មីនាំតែបង់ប្រាក់ច្រើននោះទេ ព្រោះត្រឹមតែយកថ្នាំលាបក្រចកមកបៀកបិទពីលើរន្ធរហែកធ្លុះតូចៗទាំងនោះ និងទុកចោលរង់ចាំឱ្យវាស្ងួតតែប៉ុណ្ណោះ តែប៉ុណ្ណឹងសត្វមូស រុយ មមង់នឹងលែងចូលមករំខានបងៗទៀតហើយ។
2 . បញ្ឈប់ស្នាមដាច់រហែកនៅលើស្រោមជើងបារ៍
កញ្ញាៗណាដែលនិយមពាក់ស្រោមជើងបារ៍ ប្រហែលជាត្រូវដាក់ដបថ្នាំលាបក្រចកតាមខ្លួនហើយមើលទៅ ព្រោះបើសិនជាស្រោមជើងបារ៍ដែលយើងកំពុងពាក់នោះទៅទាក់ ឬប៉ះនឹងវត្ថុមុតស្រួចអ្វីម្យ៉ាង វានឹងធ្វើឱ្យកើតជាស្នាមរយះជារឿយៗបែបមិនអាចបញ្ឈប់វាបានឡើយ តែកុំបារម្ភអី យើងអាចបញ្ឈប់ស្នាមដាច់រហែកនោះបានដោយគ្រាន់តែលាបថ្នាំលាបក្រចកបន្តិចពីលើស្នាមរហែកនោះ និងទុកឱ្យវាស្ងួតប៉ុណ្ណោះ ស្នាមដាច់រហែកនោះនឹងលែងរហែកទៀតហើយ។ អាចហៅបានថា ជាការកែបញ្ហាចំពោះមុខបានយ៉ាងល្អ និងឆាប់រហ័សមែនទែន។
3 . ធ្វើឱ្យឡេវអាវជាប់ណែន
អាវដែលទើបទិញមកថ្មីៗ នៅជាប់នឹងឡេវអាវគេតែងឃើញមានចុងខ្សែអំបោះដែលគេដេរឡេវជាប់នឹងអាវលេចចេញមក ជួនកាលយើងអផ្សុកយកដៃទៅទាញវាចេញមកនោះ វានឹងរបូតឡេវអាវនោះមកជាមួយដែរ ដូច្នេះដើម្បីការពារកុំឱ្យកើតមានបញ្ហានេះ ចូរប្រញាប់យកទឹកថ្នាំលាបក្រចកមកបៀកបន្តិចៗពីលើត្រង់កន្លែងអំបោះដេរឡេវនោះ វានឹងជួយឱ្យឡេវអាវនៅជាប់ណែនមិនរបូតជ្រុះដោយងាយៗឡើយ។
4 . លុបបំបាត់ស្នាមឆ្កូតផ្សេងៗលើគ្រឿងសង្ហារិមធ្វើពីឈើ
មិនចាំបាច់ហៅជាងមកជួសជុល ឬប៉ូលាឱ្យបាត់ស្នាមឆ្កូតទាំងនោះនាំតែអស់លុយទេ បងៗស្រ្តីមេផ្ទះគ្រាន់តែបៀកថ្នាំលាបក្រចកបែបរលោងថ្លាពីលើស្នាមឆ្កូតទាំងនោះ រួចទុកចោល សាច់ឈើនឹងប្រែជារាបស្មើស្អាតវិញ គ្មានឃើញស្នាមឆ្កូតឱ្យរំខានចិត្តទៀតឡើយ។
5 . ជួយឱ្យដោតអំបោះចូលរន្ធគូទម្ជុលបានយ៉ាងងាយស្រួល
ការដោតអំបោះចូលគូទម្ជុលជារឿងមួយដែលពិបាកជាងការដេរប៉ះសំពត់អាវឱ្យល្អឡើងវិញទៅទៀត តែថ្នាំលាបក្រចកអាចជួយអ្នកបាន គ្រាន់តែលាបថ្នាំលាបក្រចកនៅចុងខ្សែអំបោះតែបន្តិច និងច្បូតឱ្យរាងស្រួច រួចចាំឱ្យស្ងួត ចុងខ្សែអំបោះដែលបែករីកនោះ នឹងអាចស៊កចូលរន្ធគូទម្ជុលបានយ៉ាងងាយស្រួលបំផុត៕